ការ​កាន់​ត្រណម​សម្រាប់​ប្រពន្ធ​ទម័ក


ចុះផ្សាយ៖ ថ្ងៃទី ១១ កក្កដា ឆ្នាំ២០១៥ ម៉ោង ២១:២៦នាទី

ដំណើរ​ផ្សងព្រេង​ដ៏​ធំធេង​ ពេញ​ទៅ​ដោយ​ការ​លំបាក​នេះ រមែង​តែង​តែ​ភ្ជាប់​ជា​មួយ​នូវ​លក្ខខណ្ឌ​ផ្សេងៗ ស្រប​ទៅ​តាម​ទំនៀម ជា​ក្បួន ដែល​គេ​ធ្លាប់​ធ្វើ​តៗ​គ្នា ជា​រៀង​ដរាប​មក ដូច​បាន​ចែង​ខាង​ក្រោម​នេះ ៖
សម្រាប់​ប្រពន្ធ​ទម័ក​ដែល​នៅ​ផ្ទះ ៖

  • តម​កុំ​វាយ​កូន វាយ​ចៅ
  • តម​កុំ​បោស​កន្ទេល​ដំណេក
  • តម​កុំ​ទាស់​ទែង ឈ្លោះ​ប្រកែក​គ្នា​រវាង​មនុស្ស​នៅ​ក្នុង​គ្រួសារ

   ត្រណម​ទាំង​ប៉ុន្មាន​នេះ សុទ្ធ​តែ​មាន​ន័យ​ច្បាស់​លាស់ ដែល​គេ​អាច​បក​ស្រាយ​បាន​ដូច​តទៅ ៖

  1.  តម​មិន​ឲ្យ​វាយ​កូន​ចៅ ៖ បាន​ន័យ​ថា ប្រពន្ធ​តាំង​ចិត្ត​ជា​អ្នក​មាន​មេត្តា អាណិត​អាសូរ​ដល់​កូន​ចៅ ក៏​ហាក់​បី​ដូច​ជា​ធ្វើ​ឲ្យ​ដំរី​អាណិត​ទម័ក មិន​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ទម័ក។
  2.  តម​មិន​ឲ្យ​បោស​កន្ទេល ៖ គឺ​មិន​ត្រូវ​ធ្វើ​ឲ្យ​មាន​អ្វី​ខ្ទាត​ខ្ចាត់​ខ្ចាយ ចេញ​ពី​កន្លែង​ដើម​របស់​វា ឬ​ធ្វើ​អ្វីៗ​ឲ្យ​បែក​បាក់ សូម្បី​តែ​ធូលី ឬ​សំរាម​ក៏​មិន​ត្រូវ​ប៉ះ​ពាល់​ដែរ បាន​ន័យ​ថា បើ​ទាក់​ដំរី​បាន​មក ដំរី​នោះ​ក៏​គង់វង្ស មិន​រត់​បាត់​ទៅ​វិញ មិន​ដាច់ ឬ​បូត​ខ្សែពួរ។ គេ​យល់​ថា បើ​អ្នក​ផ្ទះ​បោស​សំរាម វា​ហាក់​បី​ដូច​ជា​ការ​ឧបកិច្ច​ដេញ​ដំរី​ដែល​ទាក់​បាន ឬ​កំពុង​ទាក់​នោះ​ឲ្យ​រត់​ចេញ​ទៅ​វិញ​ដែរ។
  3. តម​មិន​ឈ្លោះ​ប្រកែក​គ្នា ជា​មួយ​មនុស្ស​នៅ​ក្នុង​ផ្ទះ ៖ ចង់​ឲ្យ​ន័យ​ថា បើ​អ្នក​ផ្ទះ​ចេះ​អត់​ធន់ មិន​ចេះ​ទាស់​ទែង​គ្នា មិន​តប​ទៅ តប​មក រវាង​គ្នា​នឹង​គ្នា ក្នុង​គ្រួសារ ដំរី ក៏​វា​មិន​តប​ត រើ​បម្រះ ប្រទូស្ត​តប​មក​រក​យើង​វិញ​ដែរ ពោល​គឺ​វា​នឹង​បណ្ដោយ​ឲ្យ​ទម័ក​ទាក់​វា​បាន​ដោយ​ស្រួល។

(ប៉ុន្តែ ការ​បកស្រាយ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ គ្រាន់​តែ​ជា​ការ​យល់​ឃើញ​តាម​ការ​ប្រៀបធៀប​ប៉ុណ្ណោះ។ តាម​ការ​ពិត ដែល​តែង​តែ​កើត​មាន​ឡើង​មក​ពី​ការ​កាន់​ត្រណម​មិន​បាន ទោះ​បី​ខុស​ត្រណម​ណា​មួយ​ក៏​ដោយ គឺ​ក្រៅ​ពី​ការ​ខាត​លាភ ក្នុង​ការ​ទាក់​ដំរី ទម័ក​យើង​នឹង​ត្រូវ​ជួប​បញ្ហា​ផ្សេងៗ​ទៀត មាន​ទាំង​គ្រោះ​ថ្នាក់​ដល់​ជីវិត​ទៀត​ផង។ តាម​ធម្មតា ប្ដី​អាច​រង​គ្រោះ​ដោយ​សារ​ដំរី​ជាន់ ឬ​ដោយ​សារ​ម្រេញគង្វាល​លង។ ក្នុង​ការ​លង​នោះ ម្រេញគង្វាល​ច្រើន​ធ្វើ​ជា​ប្រពន្ធ​មក​ស្រែក​ហៅ​ប្ដី​ឲ្យ​ទៅ​ផ្ទះ​វិញ ត្បិត​អី​កូន​មាន​គ្រោះថ្នាក់ ឬ​មាន​ជម្ងឺ​ជា​ទម្ងន់ ហើយ​តម្រូវ​ឲ្យ​ប្ដី​ត្រឡប់​ទៅ​ផ្ទះ​វិញ។ សម្រែក​នោះ​ស្ដាប់​ទៅ​ដូច​សម្លេង​ប្រពន្ធ​បេះ​បិទ ដែល​ធ្វើ​ឲ្យ​ប្ដី​លង់​ក្នុង​សម្រែក​ថ្ងួចថ្ងូរ ដង្ហោយ​ហៅ​នោះ។ បើ​ប្ដី​ធ្វើ​តាម គ្រោះថ្នាក់​ក៏​កើត​មាន​នៅ​ពេល​នោះ​ឯង។ ឧប្បត្តិ​ហេតុ​នេះ អ្នក​ទាក់​ដំរី​តែង​ដឹង​គ្រប់​គ្នា ហើយ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដែរ។ ប៉ុន្តែ​ការ​កាន់​ត្រណម ជា​ករណីយកិច្ច​មួយ​ធំ​ណាស់ តែ​កាល​ណា​ខុស​ត្រណម​ហើយ រឿង​ស៊យ​នឹង​ត្រូវ​ហើយ​មាន ដោយ​ពិបាក​នឹង​ចៀស​ឲ្យ​ផុត​ណាស់។ គេ​ធ្លាប់​ចំណាំ​ថា បើ​អ្នក​នៅ​ផ្ទះ​មាន​ធ្វើ​អ្វី​មួយ​ខុស​ត្រណម ទម័ក​នឹង​ដឹង​ភ្លាម ព្រោះ​មាន​កើត​ព្រឹត្តិការណ៍​អ្វី​មួយ​មិន​ល្អ​ចំពោះ​ខ្លួន​គេ)។

ដក​ស្រង់​ចេញ​ពី កម្រង​ឯកសារ​ស្ដីពី

ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ ភាគ៣ (មៀច ប៉ុណ្ណ)

Loading…


ចំណាត់ក្រុម៖
មតិយោបល់