ប្រាសាទបាពួន


ចុះផ្សាយ៖ ថ្ងៃទី ០២ មីនា ឆ្នាំ២០១២ ម៉ោង ០៨:០៣នាទី

ប្រាសាទបាពួន​ជា​ស្នាដៃ​ របស់​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី២ នៅ​ពាក់កណ្តាល​សតវត្ស​ទី១១ កំឡុង​ឆ្នាំ១០៦០ ជា​ប្រាសាទភ្នំ​តំណាងឱ្យ​ភ្នំ​ព្រះ​សុមេរុ​មាន​គ្រឹះ៣ជាន់ ឋិត​នៅ​ខាងលិច​ផ្លូវដី​ឆ្នាំង​ក្បែរ​ប្រាសាទបាយ័ន និង​មាន​កម្ពស់​ខ្ពស់ជាង​ប្រាសាទបាយ័ន ។ ប្រាសាទ​នេះ​មាន៣ថ្នាក់ កសាងឡើង​តាម​រចនាបថ​បាពួន សម្រាប់​ឧទ្ទិស​ថ្វាយ​ដល់​ព្រះ​សិវ​នៃ​លទ្ធិ​ព្រាហ្មណ៍​សាសនា ។ លោក​ជីតា​ក្វាន់​បាន​កត់ត្រា​ថា​កំពូល​ប្រាសាទបាពួន​នេះ​ស្រោប​ដោយ​សំរិទ្ធ​ ភ្លឺ​ឆ្អិនឆ្អៅ​ស្អាត​ខ្លាំងណាស់ ។

ឋិត​នៅ​ភាគខាងត្បូង​ក្បែរ​កំពែង​ព្រះបរមរាជវាំង ប្រាសាទ​នេះ​ មាន​ផ្លូវ​ចូល​ជា​ស្ពាន​ប្រវែង​ជាង២០០ម៉ែត្រ ​នៅ​ទិសខាងកើត​ទ្រ​ដោយ​សសរថ្ម​មូល៣ជួរ ។ប្រាសាទបាពួន​ជា​រាជធានី​របស់​ព្រះបាទ​ឧទ​យា​ទិ​ត្យ​វរ្ម័នទី២ គឺជា​ផ្ចិត​កណ្តាល​នៃ​ទីក្រុង​អង្គរ​ទី២ កំពែង​ព័ទ្ធជុំវិញ​ប្រាសាទ​មាន​បណ្តោយ​ប្រវែង ៤២៥ម៉ែត្រ និង​ទទឹង​ប្រវែង១២៥ ម៉ែត្រ។ ចម្លាក់​នៅ​ប្រាសាទ​នេះ​មាន​លក្ខណៈ​ខុសប្លែក​ពី​គេ ​ព្រោះ​ឆ្លាក់​នៅលើ​ដុំ​ថ្ម​តូចៗ​ស្រដៀង​​នឹង​​ឥដ្ឋ ។

នៅ​កំឡុង​សតវត្ស​ទី១៥ ប្រាសាទ​ហិណ្ឌូ​ដែលមាន​កម្ពស់៥០ម៉ែត្រ​នេះ ត្រូវបាន​ប្តូរ​ទៅជា​ប្រាសាទ​បែប​ពុទ្ធសាសនា​វិញ ដោយមាន​ការកសាង​រូប​បដិមា ​ផ្ទុំ​នៅ​ភាគ​ខាងលិច​នៃ​ប្រាសាទ ដែលមាន​កម្ពស់៩ម៉ែត្រ និង​ប្រវែង៧០ម៉ែត្រ។ ហើយ​ប្រហែល​ដោយសារ​ការកសាង​រូប​បដិមា​នេះហើយ​ទើប​បណ្តាលឱ្យ​កំពូល​ខាងលើ​នៃ​ ប្រាសាទ​មានការ​ខូចខាត ។ ប៉ុន្តែ មានការ​សន្និដ្ឋាន​ទៀតថា​ការខូចខាត​នៃ​កំពូល​ប្រាសាទ​មិនមែន​ដោយសារ​ហេតុផល​ នេះឡើយ អាចមាន​ការខូចខាត តាំងពី​មុនពេល​មានការ​កសាង​ពុទ្ធរូប​មកម្ល៉េះ ម្យ៉ាងទៀត​ផ្អែក​តាម​ប្រវត្តិ​នៃ​ទីតាំង​នេះ ដី​ខាងក្រោម​ប្រាសាទ​ជា​ដី​ចាក់ បំពេញ​ដោយ​ខ្សាច់​ទើប​បណ្តាលឱ្យ​មិនអាច​ទ្រ​នូវ​ភាព​ធំ​សម្បើម​នៃ​ប្រាសាទ​ នេះ​បាន ហើយ​បណ្តាលឱ្យ​មានការ​បាក់ស្រុតខ្លះៗ ឬ​ច្រើន។

នៅមុន​សតវត្ស​ ទី២០មួយ​ភាគ​ធំ​នៃ​ប្រាសាទ​នេះ​ត្រូវ​ខូចខាត​ទៅហើយ រហូតមកដល់​ឆ្នាំ១៩៦០ទើប​មាន​គម្រោង​ជួសជុល​ឡើងវិញ​នូវ​ប្រាសាទ​នេះ ប៉ុន្តែ​ត្រូវ​អាក់ខាន​ដោយសារ​វត្តមាន​នៃ​របប​ខ្មែរក្រហម ហើយ​ថ្ម​ប្រាសាទ​ដែលមាន​ការដាក់​ចំណាំ សម្រាប់​ទៅ​បំពេញ​ចន្លោះ​នោះ​ត្រូវបាន​បាត់បង់ ។ រហូតមកដល់​ឆ្នាំ១៩៩៥ ការជួសជុល​ឡើងវិញ ​ត្រូវបាន​ដំណើរការ​ ក្រោម​ការជួយ​ពី​ពួក​បុរាណ​វិទូ​បារាំង ហើយ​បន្ត​រហូតមកដល់​ឆ្នាំ២០០ ។ នៅ​ឆ្នាំ​២០០៦ ប្រាសាទ បាពួន​ត្រូវបាន​អនុញ្ញាតឱ្យ​មានកា​រ​ចូល​ទស្សនា​ឡើងវិញ ទោះបី​គម្រោង​នៃ​ការសាងសង់​មិនទាន់​រួចរាល់​ក៏ដោយចុះ ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់