បង្គន់​អនាម័យ​នៅ​សម័យ​អង្គរ


ចុះផ្សាយ៖ ថ្ងៃទី ០៦ មីនា ឆ្នាំ២០១២ ម៉ោង ០៨:៤៣នាទី

​លោក អួ​ង វន ប្រធាន​អភិ​រក្សដ្ឋាន​អង្គរ​ខេត្ត​សៀមរាប​បា​ន​បង្ហាញ​នូវ​ថ្ម​ចម្លាក់​ដល់​ រូប​ខ្ញុំ(សម្តីម្ចាស់ប្លក) ដែល​ថ្មនោះមាន​រាង​សំ​ប៉ែត ហើយ​វែង​ដូច​បន្ទះក្ដារ តែ​នៅ​ខាងចុង​ថ្ម​មាន​ចោះ​រន្ធ​មួយ​យ៉ាង​ធំ ។ ប៉ុន្ដែ ​អ្វី​គួរឲ្យ​សោកស្ដាយ​នាពេល​នោះ​យើង​ទាំង​ពីរ​នាក់ មិនទាន់​បាន​ស្គាល់​ថា តើ​វត្ថុ​នោះ​ត្រូវបាន​គេ​ប្រើ​សម្រាប់​មូលហេតុ​អ្វី​ឲ្យ​បាន ច្បាស់លាស់​នៅ​ឡើយ ។

ក្រោយពីបានធ្វើទស្សនកិច្ច នៅ​ប្រទេស​ស្រីលង្កា ជា ពិសេសនៅមជ្ឈមណ្ឌល អនុរាធបុរៈ ​ទើបយើង​ដឹងថា ‹​បន្ទះ​ថ្ម​› នៅអភិ​រក្សដ្ឋាន​អង្គរ​ខាងលើនេះ គឺជា​ថ្ម​បង្គន់​អនាម័យ​នា​សម័យអង្គរ ។ ​វត្តមាន​វត្ថុ​បែបនេះ ដែល​មាន​ប្រភព​ចេញពី​ភូមិ​ភាគខាង ត្បូង​នៃ​ប្រទេស​ឥណ្ឌា ដូច​នៅ​ស្រីលង្កា​ជាដើម ​នាំឲ្យ​យើង​យល់​ដឹង​បន្ថែម​ទៀត​ពី​វប្បធម៌​ខ្មែរ នា​សម័យ​បាយ័ន​ ក្នុង​រាជ្យ​របស់​ព្រះបាទ​ជយ​វរ្ម័នទី​៧ ក្នុង​អំឡុង​ចុង​សតវត្សរ៍​ទី​១២ នៃ​គ្រឹស្ដសករាជ ។ តែ​អ្វី​ដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ជនជាតិ​ថៃ​​នៅ​ខេត្ត​សុខោទ័យ បាន​ចម្លង​ប្រពៃណី​ប្រើប្រាស់​បង្គន់​នេះ​ពី​ខ្មែរ​។

ជាធម្មតា​ការ​ បន្ទោបង់​របស់​ជន​ជាតិ​ខ្មែរ​ ក៏​ដូចជាកុលសម្ព័ន្ធ​មន​-​ខ្មែរផ្សេងទៀតដែរ គឺ​ធ្វើឡើង​ដោយ​ធម្មជាតិ​ តាម​ដុប ​តាម​ព្រៃ ឬ​ក៏​នៅ​ក្រោយ​លំនៅស្ថាន​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ឬ​ក៏​គេ​ជីករណ្ដៅ​មួយ​ក្នុង​ដី​នឹង​ចប ហើយ​ក្រោយពី​ជុះ​រួច​គេ​កាយ​ដី​កប់​វា​ចោល ។ ក៏​ប៉ុន្ដែ​ការ​ពោល​ដូច​ខាងលើ​នេះ ត្រូវ​បកស្រាយ​ថ្មី​ថា ’​តាំងតែ​ពី​សម័យ​អង្គរ​មក​ ខ្មែរ​យើង ជាពិសេស​ព្រះរាជវង្សានុវង្ស ឬ​ក៏​ពួក​អភិជន​បាន​ស្គាល់​បង្គន់​អនាម័យ ដែល​មាន​រន្ធ​ដូច​សម័យ​ទំនើប​អ៊ីចឹង​ដែរ សម្រាប់​បង្ហូរទឹក​សម្អាត​លាមក ។ ម្យ៉ាងវិញទៀត​ដើម្បី​កុំឲ្យ​មាន​ក្លិនអសោចិ៍​ជះ​ចេញ​​ពី​រណ្ដៅមកក្រៅ គេ​ជីករណ្ដៅ​មួយទៀត​ក្នុង​ជម្រៅ​ពី​មួយ​ម៉ែត្រ​កន្លះ​ទៅ​ពីរ​ម៉ែត្រ​” ។

តាម ​ការស្រាវជ្រាវ ​យើង​ក៏​បាន​ដឹង​ទៀត​ថា ព្រះមហាក្សត្រ​ខ្មែរ និង​ព្រះមហាក្សត្រ​ថៃ​ដំបូង​នៅ​សុខោទ័យ​បាន​និយម​ប្រើប្រាស់​បង្គន់​ ដូចគ្នា នេះដែរ ។ ក្នុង​បរិវេណ​នៃ​ព្រះបរមរាជ វាំង​ចាស់​សុខោទ័យ បង្គន់​ថ្ម​ចំនួន​ពីរ​ត្រូវបាន​គេ​រកឃើញ ហើយ​សព្វ​ថ្ងៃ​ត្រូវ​បាន​គេ​តម្កល់​នៅ​សារមន្ទីរ​ជាតិ នៃ​ខេត្ត​សុខោទ័យ​អតីត​ទឹកដី​ខ្មែរ ។
ទោះបីជា​យើង​មិន​អាច​ដឹង​នៅ​ឡើយ​ថា ថ្ម​បង្គន់​មួយ​ណា​ជា​របស់​ខ្មែរ ហើយ​មួយ ណា​ទៀត​ជា​របស់​ថៃ​ក៏​ដោយ ក៏ប៉ុន្ដែ​ថ្ម​បង្គន់​ទាំងនោះ មាន​លក្ខណៈ​សមស្រប​ជាង ព្រោះ​មាន​ចង្អូរ​សម្រាប់​ទឹកនោម និង​រន្ធ​សម្រាប់​បញ្ចុះលាមក​រួមជាមួយ ។ ការសិក្សា​នេះ គ្រាន់តែ​ជា​ការបំពេញ​បន្ថែម​ទៅលើ​ភាពខ្វះ​ចន្លោះ​មួយចំនួន នៃ​ចំណេះដឹង​ស្ដីពី​វប្បធម៌​អង្គរ ដែល​គេ​មិនសូវ​យកចិត្តទុកដាក់​ប៉ុន្មាន​តែប៉ុណ្ណោះ ។

គួរបញ្ជាក់​ថា វត្តមាន​នៃ​បន្ទះ​ថ្ម​បង្គន់​បែបនេះ ដែល​មាន​កន្លែង​អង្គុយ​ចោងហោង ក៏​ជា​ភស្ដុតាង​ជា​ប្រយោល​មួយ ចង្អុលបង្ហាញ​លោកអ្នក​ឲ្យដឹងថា នា​សម័យ​នោះ​ជា​ទូទៅ​ក៏មានការប្រើ​បង្គន់​ធ្វើ​អំពី​បន្ទះក្ដា​រដែរ ថ្វី​ត្បិត​តែ​មិន​អាច​នៅ​គង់វង្ស​រហូត​ដល់​សព្វ​ថ្ងៃ​ក៏​ដោយ  ៕

ថាសបង្គន់ ធ្វើពីថ្មភក់ នៅស.វ.ទី ១២-១៣ នៃគ.ស.។ រក្សាទុកនៅអភិរក្សដ្ឋានអង្គរ, សៀមរាប
បន្ទះបង្គន់អនាម័យថ្មនៅសារមន្ទីរជាតិ ខេត្តសុខោទ័យ (២០០៣)

ដកស្រង់ទាំងស្រុងពី ប្លក ខេមរបក្សីសាស្ត្រិន​ (ដៃគួសហការ)

Loading…


ចំណាត់ក្រុម៖
មតិយោបល់