Active Sport

ប្រវត្តិនៃការធ្វើពីធីក្រុងពាលី


ចុះផ្សាយ៖ ថ្ងៃទី ១១ តុលា ឆ្នាំ២០១៣ ម៉ោង ០៧:១៧នាទី

មានសម័យកាលមួយ ជាសម័យភ្លើងប្រល័យកល្ប៍ (កប្ប ឫ កល្ប៍) ឆេះអស់មនុស្ស សត្វ រុក្ខាលតាវល្លិ៍ អ្វីៗក៏ឆេះគ្មានសល់ មាននៅសល់តែទឹកល្ហល្ងែវ។ គ្រានោះព្រះពាយបក់បោកចុះឡើងឥតឈប់ឈរ ក៏បង្កើតជាពពុះទឹករសាត់អណ្តែតចុះឡើង គ្មានទីបំផុត។ ទន្ទឹមនឹងនោះដែរ ក៏មានមហា​កាលនាគ​រាជ ព្រះនាម​ក្រុងពាលី និងព្រះអនុជមួយអង្គព្រះនាមព្រះភូមរាជ ជាអ្នកនៅរក្សាទឹកនោះ។ ទាំងពីរព្រះអង្គទ្រង់ប្រទះ ឃើញពពុះទឹកអណ្តែតចុះឡើងៗ ពុំស្ថិតនៅនឹងដូចនោះ ក៏បបួលបងប្អូនពេនពង់ក្រុងពពុះទឹក កុំឲ្យអណ្តែតទៅណា។

យូរៗទៅពពុះទឹកនោះ ក៏កកជាំផែនដី ដុះព្រៃព្រឹក្សាលតាវល្លិ៍ មនុស្ស សត្វ សព្វបែបយ៉ាង។ សម័យនោះ ព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ ទ្រង់បានត្រាស់ដឹងឡើង ក្នុងលោកឈ្វេងយល់ថា ដែនដីនេះ កើតអំពីស្តេចមហាកាលនាគរាជព្រះនាមក្រុងពាលី។ ព្រះអង្គ​ព្រះនាម​បទុមុត្តរៈ ទ្រង់ជ្រាបច្បាស់ដូចនោះ ក៏ទ្រង់យាងទៅ បិណ្ឌបាតផែនដី ៣ជំហាន ពីស្តេចក្រុងពាលី ដើម្បីឲ្យពុទ្ធបរិស័ទ បានរស់នៅ លើផែនដីនោះ។

ស្តេចក្រុងពាលីយល់ថា ផែនដី៣ជំហាន មានភាពតូចណាស់ ក៏ទ្រង់លើកថ្វាយព្រះពុទ្ធទ្រង់ព្រះនាមបទុមុត្តរៈ។ ព្រះអង្គប្រកាសប្រាប់​ទេព្តាទាំង៨ទិសថា ព្រះព្រហ្ម ព្រមថ្វាយដី៣ជំហាន ដល់ តថាគតហើយ។​ ព្រះអង្គឈានតែ៣ជំហាន អស់ដីស្តេចក្រុងពាលីរលីង។ ព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ ព្រះអង្គទ្រង់ព្រះមេត្តាអនុគ្រោះ ឫព្រះបញ្ជា បណ្តេញ ស្តេច ក្រុងពាលី ឲ្យទៅនៅព្រះហេមពាន្ត។ ស្តេចក្រុងពាលីចេញទៅនៅព្រៃហេមពាន្ត តាមព្រះពុទ្ធបន្ទូល តែស្តេចក្រុងពាលីនឹកអាល័យ ស្តាយផែនដីនោះណាស់។ ស្តេចក្រុងពាលី បានប្រើព្រះភូមរាជឲ្យទៅសុំបាយពែចែង ពែពលី អំពីព្រះអង្គ។ ព្រះពុទ្ធទ្រង់ព្រះនាម បទុមត្តរៈព្រះអង្គទ្រង់អនុលោមផ្តាំថា បើបុរសស្ត្រីរូបណាបានធ្វើបុណ្យអ្វីមួយ ត្រូវធ្វើពែចែង ពែពលី ដាក់ទេយ្យវត្ថុ មាននំ ចំនី អាហារភោជន បូជាស្តេចក្រុងពាលី។ បើបុរសស្ត្រីណាមួយបានធ្វើមង្គលអ្វីមួយហើយ បានធ្វើពែចែង ពែពលី ថ្វាយស្តេចក្រុងពាលីព្រះអង្គទ្រង់សម្តែងថា បានកុសល​ផលា​និសង្ស​ច្រើនណាស់។

តែបើមិនបានធ្វើពែចែង ពែពលី ថ្វាយស្តេចក្រុងពាលីទេ ព្រះភូមរាជនឹង មានព្រះហប្ញទ័យ អាក់អន់រិះគន់ ជេរ ប្រទេចផ្តាសា យកកន្ទុយវាត់ ពុំបានផលអ្វីឡើយ។​ លុះព្រះពុទ្ធទ្រង់ព្រះនាម បទុមុត្តរៈ ទ្រង់អនុញ្ញាតឲ្យពុទ្ធបរិស័ទទាំងឡាយ បើបានធ្វើមង្គលអ្វីមួយ ត្រូវធ្វើពែចែង ពែពលីថ្វាយស្តេចក្រុង ក្រុងពាលី ទើបធ្វើបុណ្យផលានិសង្សច្រើន។ ពពួកទេព្តាទាំង៨ទិស ដែលបានធ្វើជាកសិណ ក្នុងពេលដែលទ្រង់ប្រកាសជាមួយស្តេចក្រុងពាលីបានសុំឲ្យព្រះពុទ្ធ បទុមុត្តរៈ ទ្រង់ផ្តាំពុទ្ធ បរិស័ទថា បើបុរសស្ត្រីណាបានធ្វើ មង្គលអ្វីមួយ ត្រូវឲ្យធ្វើរានទេព្តា ទាំង៨ទិស ព្រមទាំងមានរៀបរណ្តាប់ នំ ចំនី ភោជន ផ្លែឈើ ទៀន ធូប ភ្ញី ផ្កា ធ្វើរាជវ័តិព័ទ្ធសីមា ថ្វាយទេព្តារក្សាទិសទាំង៨ នឹងបានផលានិស្ស ច្រើនបានសួគិ៍និព្វានពេញបរិបូរ។ តែបើមិនបានធ្វើរានទេព្តា ថ្វាយទេព្តាទាំង៨ទិសទេ នោះនឹងមិនបានសុខ ចំរើន មិនមានសិរីសួស្តី សុភមង្គលផលានិសង្សឡើយ។ ដូច្នេះ បានជាមនុស្សម្នាផងទាំងពួង បើគេរៀបចំធ្វើមង្គលអ្វីមួយ គេតែងតែ ធ្វើពីធីបួងសួងសែនក្រុងពាលី ធ្វើរានទេព្តាទាំង៨ទិស និងមានសាងរាជវ៍តិជុំវិញ រហូត​មកដល់​សព្វថ្ងៃនេះ។

រូបភាពដកស្រង់ចេញពី៖ KhmerApsaraMagazine អត្ថបទដកស្រង់ពីទំព័រចំណេះដឹងវប្បធម៌ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់