Active Sport

លទ្ធិព្រាហ្មណ៍ក្នុងសង្គមខ្មែរ


ចុះផ្សាយ៖ ថ្ងៃទី ១១ មីនា ឆ្នាំ២០១៤ ម៉ោង ០៧:២៧នាទី

សាសនាព្រាហ្មណ៍បានចូលមកចាក់ឬសយ៉ាងជ្រៅនៅក្នុងសង្គមខ្មែរតាំងពីយូរយារណាស់​មកហើយហើយមានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងសតិអារម្មណ៍របស់ប្រជាជនខ្មែរ ដោយបន្សល់ទុកនូវទំនៀមទម្លាប់ និងប្រពៃណីផ្សេងៗនៅក្នុងសង្គមខ្មែរ។ ការរីកចម្រើននៃ វិទ្យាសាស្ត្រដែលជាផលរួមនៃពលកម្មខាងខួរក្បាលនិងពលកម្មខាងរូបងរាងកាយ​របស់មនុស្សមានសន្ទុះជឿនលឿនយ៉ាងខ្លាំងក្លានៅលើពិភពនៃព្រហ្មញ្ញសាសនាដែល​បានដក់ជាប់នៅក្នុង​សតិអារម្មណ៍ ព្រមទាំងជំនឿទំនៀមទម្លាប់មួយចំនួនដែរ។
ក. ផ្នែកជំនឿ
សាសនាព្រាហ្មណ៍បានធ្វើឲ្យប្រជារាស្ត្រយើងនាសម័យបុរាណ មានជំនឿលើអាទិទេព ខ្មោចព្រាយ បិសាច អាបធ្មប់។ល។ ដើម្បី ទប់ទល់នូវអ្វីដែលជាភាពអស្ចារ្យគេស្វែងយល់មិនដល់ គេត្រូវតែ សិក្សាមន្តអាគមសែនព្រេនបន់ស្រន់ ក្នុងគោលបំណងសុំឲ្យសម្រេចនូវបំណងអ្វីមួយ។
ខ. ទំនៀមទម្លាប់ប្រពៃណី

  • នៅក្នុងពេលបុណ្យទានផ្សេងៗគេតែងតែនាំគ្នាធ្វើនំអន្សម នំគម។ ល។ ទាំងអស់នេះក៏មានជាប់ឥទ្ធិពលព្រាហ្មណ៍សាសនាដែរ ពោល គឺរំលឹកដល់លិង្គព្រះឥសូរ និងយោនីនាងឧបមា។ ក្រៅពីនេះគេឃើញ មានរៀបស្លាធម៌ដូង លិង្គ ព្រះឥសូរ។
  • នៅពេលរៀបអាពាហ៍ពិពាហ៍ មានការទស្សន៍ទាយមើលវេលា ធ្វើ រានទេព្តា សែនក្រុងពាលី…។
  • នៅក្នុងពិធីបូជាសព រំកិល ហែរនិងបញ្ចុះសព សុទ្ធតែតាមក្បួន ខ្នាតទាំងអស់។
  • ការព្យាបាលដោយស្តោះ ផ្លុំ ប្រើមន្តអាគម។
  • ពិធីកោរជុក ក៏ដូចជាពិធីហៅព្រលឹង ជញ្ជាត់ព្រលឹង។

គ. សិល្បៈ
ប្រាសាទមួយចំនួន គេកសាងដើម្បីឧទ្ទិសដល់អាទិទេព ក្នុងព្រាហ្មណ៍ សាសនា។ចម្លាក់នៅតាមប្រាសាទ ជាចម្លាក់តាមលំនាំរឿងរាមាយណៈមហាភារតៈ ឬការកសាងលិង្គ ព្រះឥសូរ តែម្តង។
ឃ. អក្សរសិល្ប៍៖ (មើលអក្សរសិល្ប៍ក្នុងព្រាហ្មណ៍សាសនា)
មានអត្ថបទអក្សរសិល្ប៍ជាច្រើនដែលមានទំនាក់ទំនងនឹងព្រហ្មញសាសនាពោលគឺដកស្រង់យកជំនឿផ្សេងៗ​ក្នុងលទ្ធិព្រាហ្មណ៍មករៀបរាប់ពន្យល់បង្ហាញហេតុផលម្យ៉ាងវិញទៀតមានលើកយកតួអង្គអច្ឆរិយៈនិងហេតុ​ការណ៍អច្ឆរិយៈមកបង្ហាញទៀត។ ប្រភេទអក្សរសិល្ប៍ បែបនេះយើងហៅថា “ចលនាអក្សរសិល្ប៍ ព្រាហ្មណ៍និយម” ជាអាទិ៍រឿងរាមកេរ្តិ៍ រឿងជិនវង្ស រឿងរតនាវង្សជាដើម។

ដកស្រង់ចេញពីទំព័រ ចំណេះដឹងវប្បធម៌ទូទៅ

Loading…


ចំណាត់ក្រុម៖
មតិយោបល់