អត្ថន័យរបស់ប្រជ្រុយ


ចុះផ្សាយ៖ ថ្ងៃទី ១៤ មីនា ឆ្នាំ២០១៥ ម៉ោង ០៨:៥០នាទី

ប្រជ្រុយ​នៅលើ​ទង​ស្លឹកត្រចៀក​
​អ្នក​ដែលមាន​ប្រជ្រុយ​នៅលើ​ទង​ស្លឹកត្រចៀក គឺជា​មនុស្ស​មាន​សម្ថ​ភាព មាន​ទេពកោសល្យ មានគំនិត​ប្រាជ្ញា​ឈ្លាសវៃ មាន​សុភមង្គល ការរកស៊ី​វិញ​គឺ​ទទួលបាន​ជោគជ័យ ហើយ​ទៅ​ថ្ងៃមុខ​ក៏​អាច​ក្លាយទៅជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់​ដែរ ។ ប៉ុន្តែ​បើជា​ប្រភេទ​ប្រជ្រុយ​ដែលមាន​ពណ៌​ស​ស្លេក ឬ​ពណ៌​ក្រហមព្រឿងៗ​វិញ​ជាម​នុស្ស​ដែលមាន​មនសិកា​ផ្ទាល់ខ្លួន​ខ្លាំងក្លា ហើយ​ដោយសារតែ​ទំនើងចិត្ត​ខ្លួនឯង​នេះហើយ​ទើប​នាំមក​នូវ​ជោគ​សំណាងអាក្រក់​។​

ប្រជ្រុយ​នៅលើ​ត្របកភ្នែក​
​អ្នក ដែលមាន​ប្រជ្រុយ​នៅលើ​ត្របកភ្នែក ក្នុងចំណោម​មនុស្ស ១០​នាក់ មាន​៩​នាក់ ប្រៀបដូចជា​សត្វ​ខ្យងហៀន​គ្មាន​ស្នូក ហើយ​បើ​មិន​ដូច្នោះ​ទេ ជា​មនុស្ស​ដែល​មិនមាន​លំនៅស្ថាន​ពិតប្រាកដ​។ ពួកគេ​ចូលចិត្ត​សេរីភាព ដូច្នេះ​ជា​ញឹកញាប់​តែង​ផ្លាស់ប្ដូរ​ទីលំនៅ​។ ប្រសិនបើ​ប្រជ្រុយ​មាន​ពណ៌​ខ្មៅ​រលោង ប្រែជា​មានជោគ​សំណាងល្អ​ទៅវិញ​។ ប្រសិនបើ​ប្រជ្រុយ​ពណ៌​ក្រហមព្រឿងៗ ជា​មនុស្ស​ចូលចិត្ត​ប្រឆាំងនឹង​មេកោយ ឬ​ចាស់ទុំ​ទៀតផង​។​

ប្រជ្រុយ​នៅក្រោម​ភ្នែក​
​អ្នក​ដែលមាន​ប្រជ្រុយ​នៅក្រោម​ភ្នែក ជា​មនុស្ស​សម្បូរ​ស្នេហ៍ ហើយ​ជារឿយៗ​តែងតែ​ជួបនឹង​ករណី​ស្នេហ៍​ច្រើន​ទុក្ខ​ច្រើន​។ ចំពោះ​ស្ត្រីភេទ ក្រោយពី​ទទួលរង​ការរំជើបរំជួល​ចិត្ត​រួចមក តែងតែ​យល់ច្រឡំ​ពី​រឿង​ស្នេហា​។ ដូច​ច្នេះ​ថ្ងៃ​ណាមួយ បើ​មាន​ទំនាក់ទំនង​ស្នេហា មិនត្រូវ​ងប់​ង​ល់​ខ្លាំងពេក​នោះឡើយ​។​

​ប្រជ្រុយ​នៅ​ចុងកន្ទុយ​ភ្នែក​
​អ្នក​ដែលមាន​ប្រជ្រុយ​ប្រភេទ​នេះ ភាគច្រើន នៅពេល​កំពុងមាន​ទំនាក់ទំនង​ស្នេហា​យ៉ាង​ស្អិតរ​មួ​ត ឬ​ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​រួច មាន​អ្នក​ទី​បី​ចូលមក​ជ្រៀតជ្រែក​។ ក្រៅពីនោះ អាពាហ៍ពិពាហ៍​ដំបូង​តែងតែបាន​ជួប​ឧបសគ្គ​។​

ប្រជ្រុយ​បង្កប់​ក្នុង​រោម​ច​ញ្ចើ​ម​
​ជា​ប្រភេទ​ប្រជ្រុយ​នាំមក​នូវ​ជោគ​លាភ​ល្អ និង អាយុ​វែង​។ មិន​ថា​ប្រជ្រុយ​កប់​ក្នុង​រោមចិញ្ចើម​ខាងឆ្វេង ឬ​ខាងស្ដាំ​ឡើយ សុទ្ធតែជា​មនុស្ស​ធ្វើការ​ម៉ត់ចត់ និង ហ៊ាន​ទទួលខុសត្រូវ ព្រមទាំង​មានចិត្ត​មេត្តាករុណា សក្តិសម​ប្រកបការងា​រ​ផ្នែក​សប្បុរសធម៌​។ ម្យ៉ាងទៀត មនុស្ស​ប្រភេទ​នេះ​មាន​ជំនាញ​ផ្នែក​សិល្បៈ​ទៀតផង​។​

​ប្រជ្រុយ​នៅ​ពីក្រោម​បបូរមាត់​
​អ្នក​ដែលមាន​ប្រជ្រុយ​ប្រភេទ​នេះ មួយជីវិត​ប្រហែលជា​អាច​នៅ​តែលតោល​មិន​ប្រាកដប្រជា ហើយ​បើទោះជា​មានទ្រព្យ​ច្រើន​យ៉ាងណាក្ដី ក៏​មិន​សក្តិសម​នឹង​ទិញ​អចលនទ្រព្យ​ដែរ​។ ប៉ុន្តែ​បើ​ប្រជ្រុយ​មាន​ពណ៌​ខ្មៅ​ភ្លឺរលោង​វិញ មួយជីវិត​នេះ​អាចមាន​ជីវភាព​រស់នៅ​ប្រកបដោយ​សេចក្ដី​សុខដុមរមនា​។ ប្រសិនបើ​ចំណុច​ប្រជ្រុយ​ស្ថិតនៅ​ចំ​កណ្ដាល​ខាងក្រោម​បបូរមាត់ គឺជា​មនុស្ស​ប្រមឹក​រាល់ថ្ងៃ​។ ចំណែក​អត្តចរិត​វិញ​ជា​មនុ​ស្សមាន​ឆន្ទៈ​ខ្សោយ រីឯ​គុណសម្បត្តិ​វិញ ជាម​នុស្ស​ដែលមាន​ការគិតគូរ​ដិតដល់ ហ៊ាន​អារកាត់​គ្រប់​រឿងរ៉ាវ​ដោយ​ឥត​រួញរា​ឡើយ​។​

​ប្រជ្រុយ​នៅលើ​បបូរមាត់​
​អ្នក​ដែលមាន​ប្រជ្រុយ​ប្រភេទ​នេះ ក្រោយពេល​រៀប​អាពាហ៍ពិពាហ៍​រួច​អាចមាន​កូនភ្លោះ​។ ចំពោះ​ស្ត្រី​ប្រសិនបើ​ចំណុច​ប្រជ្រុយ​ស្ថិតនៅ​ចំ​កណ្ដាល រវាង​ចុង​ច្រមុះ និង បបូរមាត់​នោះ ចូរ​យកចិត្តទុកដាក់​លើ​បញ្ហា​សម្រាលកូន ព្រោះ​ពិបាក​ក្នុងការ​ឆ្លងទន្លេ​។ មនុស្ស​ប្រភេទ​នេះ​មិនសូវ​ចេះ​សម្រួល​ទៅតាម​កាលទេសៈ និង មិនសូវមាន​សេរី​ទៀតផង​។ ប៉ុន្តែ​បើជា​ប្រជ្រុយ​មាន​ពណ៌​ខ្មៅ​រលោង បែរជា​មានជោគ​សំណាងល្អ​ទៅវិញ ព្រោះ​ក្នុង​មួយជីវិត​មិនមាន​ភាពខ្វះខាត​ឡើយ ហើយ​ជីវភាព​រស់នៅ​ក៏​ប្រកបដោយ​ភាព​ថ្កុំ​ថ្កើ​ន​រុងរឿង​ដែរ ។​

ប្រជ្រុយ​គ្រោះ​លង់ទឹក​
​មាន​ពីរ​ប្រភេទ​គឺ​ចំណុច​ប្រជ្រុយ​នៅ​ចំ​កណ្ដាល​ថ្ពាល់​ខាងស្ដាំ និង នៅ​ចំ​កណ្ដាល​ក្ដោងច្រមុះ​។ អ្នក​ដែលមាន​ប្រជ្រុយ​ប្រភេទ​នេះ​ជាទូទៅ​គឺ​ខ្លាច​ទឹក​។ ចំពោះ​ស្ត្រី​ដែលមាន​ប្រជ្រុយ​បែបនេះ​គួរ​ជៀសវាង​សកម្មភាព​នៅលើ​ផ្ទៃ​ទឹក ដូចជា​ទឹកសមុទ្រ​ទន្លេ​បឹងបួរ​ជាដើម​។​

ប្រជ្រុយ​នៅ​ចុង​ច្រមុះ​
​សម្រាប់​បុរស​ដែលមាន​ប្រជ្រុយ​ប្រភេទ​នេះ​អាចមាន​ឈ្មោះ​បោះ​សំឡេង និង​ប្រមូល​ផល​ចំណូល​តែ​ក្នុង​រយៈពេល​ខ្លី​ប៉ុណ្ណោះ ចំណែកឯ​ស្ត្រី​គឺមាន​ជោគ​លាភ​និង​ជោគ​ទ្រព្យ​ល្អ​។ ក្រៅពីនេះ​ទាំង​បុរស​និង​ស្ត្រី​កាលបើ​មាន​ប្រជ្រុយ​ប្រភេទ​នេះ សុទ្ធតែជា​មនុស្ស​មានកា​ម​តណ្ហា​ខ្លាំងក្លា​ដូចគ្នា​។​

ប្រជ្រុយ​នៅ​កណ្ដាល​រោមចិញ្ចើម​
​ប្រជ្រុយ ប្រភេទ​នេះ​តំណាង​ឲ្យ​ជោគជ័យ​ធំ​និង​និង​បរាជ័យ​ក៏​ធំ​ដែរ​។ ចំពោះ​ស្ត្រី​បង្ហាញ​ពី​ជោគ​គ្រួសារ​ខ្សត់ខ្សោយ​បន្តិច​ត្រូវ​យកចិត្តទុកដាក់​ទាក់​ទាញ​ចិត្ត​លោក​ប្ដី​ឲ្យ​បាន​ជាប់ ពុំ​នោះទេ​អាច​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន​ជាក់​ជាមិនខាន ប៉ុន្តែ​អ្នក​ក៏​ជា​ស្ត្រី​ជើង​ខ្លាំង​ម្នាក់​ដែរ​ពិតមែនតែ​ពុំ​សូវ​យកចិត្តទុកដាក់​ប្រកប​កិច្ចការងារ​ក្នុងផ្ទះ​ក្ដី​តែ​ចូលចិត្ត​ទៅ​ប្រកប​កិច្ចការងារ​នៅ​ទី​ឆ្ងាយ​។​

ប្រជ្រុយ​នៅលើ​ថ្ងាស​ជិត​ជើងសក់​
​អ្នក​ដដែល​មាន​ប្រជ្រុយ​ប្រភេទ​នេះ​មានជោគ​សំណាងល្អ​ណាស់ ព្រោះ​ក្នុង​មួយជីវិត​អ្នក​អាច​ទទួលបាន​ការកោតសរសើ​រ​ពី​អ្នកដទៃ​ហើយ ប្រជ្រុយ​ប្រភេទ​នេះ​អាចធ្វើ​ឲ្យ​បុគ្គល​ម្នាក់ ពេល​ជួប​គ្រោះអាក្រក់ ប្រែ​មកជា​ល្អ​។​

​ប្រជ្រុយ​បបូរមាត់​
​អ្នក ដែលមាន​ប្រជ្រុយ​ប្រភេទ​នេះ​ជា​មនុស្ស​សម្បូរ​ទៅដោយ​មនោសញ្ចេតនា មានចិត្ត​មេត្តាករុណា​ហើយ​ក្នុង​មួយជីវិត​នេះ​តែងតែ​ជួយ​ឈឺឆ្អាល​រឿង​របស់​អ្នកដទៃ ព្រមទាំង​ត្រូវបាន​បងប្អូន​ញាតិមិត្ត​ស្រឡាញ់​រាប់អាន​ទៀតផង​។ ទោះជា​បែបនេះ​ក្ដី​ត្រូវ​យកចិត្តទុកដាក់​បញ្ហា​ហូបចុក​មិនត្រូវ​ល្មោភស៊ី ល្មោភ​ផឹក​ឡើយ​ព្រោះ​អាច​អន្តរាយ​ដល់​សុខភាព​។​

ប្រជ្រុយ​ក្បែរ​ស្លាប​ច្រមុះ​ទាំងសងខាង​
​អ្នក​ដែលមាន​ប្រជ្រុយ​នៅក្បែរ​ស្លាប​ច្រមុះ​ឆ្វេង​ឬ​ស្ដាំ​ជាម​នុស្ស មានគំនិត​មិន​ប្រាកដប្រជា មិនសូវ​ជា​ពេញចិត្ត​ក្នុង​កិច្ចការងារ​ប៉ុន្មាន​ឡើយ ហើយ​អាច​ប៉ះពាល់​ដល់​ការរីកលូតលាស់​មុខរ​បរ​ជួញដូរ និង​ពិបាកធ្វើ​ឲ្យ​អ្នកដទៃ​ជឿទុកចិត្ត​ទៀតផង​។ ប្រសិនបើ​ប្រជ្រុយ​មាន​ពណ៌​ភ្លឺរលោង​វិញ ជា​បុគ្គល​ដែល​មានជោគ​ការងារ​ល្អ និង​ចេះ​សម្របសម្រួល​ទៅតាម​កាលៈទេសៈ​ប្រែប្រួល​។ លុះ​ឈានដល់​វ័យ​កណ្ដាល ជោគ​សំណាង​ក៏​ប្រែ​មកជា​ល្អប្រសើរ ហើយ​ជីវភាព​រស់នៅ​ក៏​ប្រកប​តែ​សេចក្ដីសុខក្សេមក្សាន្ត​ដែរ​។​

ប្រជ្រុយ​នៅលើ​ថ្ងាស​ខាងឆ្វេង ឬ ស្ដាំ​
​អ្នក​ដែលមាន​ប្រជ្រុយ​នៅត្រង់​កន្លែង​នេះ ជា​មនុស្ស​មាន​ឧបនិស្ស័យ​តិច​ជាមួយ​ញាតិសន្ដាន ហើយ​ឱកាស​នៃ​ការចាក​ចេញពីផ្ទះ​មាន​ច្រើន ព្រមទាំង​មិន​ងាយ​នឹង​ទទួល​បានការ​ជ្រោមជ្រែង​ពី​ចាស់ទុំ និង​ការដំឡើង​យស​ស័​ក្កិ​ពី​ចៅហ្វាយនាយ​ទៀតផង​។ រីឯ​ជីវភាព​រស់នៅ​លំបាកលំបិន ប៉ុន្តែ​បើ​ចំណុច​ប្រជ្រុយ​ស្ថិតនៅ​ចំ​កណ្ដាល​ផ្នែក​លើ​បន្តិច ជា​មនុស្ស​មានគំនិត​ចាស់ទុំ ហើយ​ដល់​វ័យ​ចាស់ជរា នឹងមាន​ជីវភាព​ល្អប្រសើរ និង​មាន​សេចក្ដី​សុខដុមរមនា​។ ចំពោះ​ស្ត្រី គឺ​តំណាង​ឲ្យ​ជោគ​ទ្រព្យ​ល្អ​ណាស់ តែ​រឿង​ស្នេហា​វិញ ងាយ​នឹង​ជូ​ប​បញ្ហា​ស្មុគស្មាញ​ច្រើន​។ ដូច្នេះ​ការជ្រើសរើស​គូស្រករ​ត្រូវ​ត្រិះរិះ​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់ តែ​បើជា​ប្រជ្រុយ​មាន​ពណ៌​ខ្មៅ​ភ្លឺរលោង​វិញ​គឺ​បង្ហាញ​ពី​ជោគ​សំណាងល្អ មូលដ្ឋានគ្រឹះ​ច្បាស់លាស់ នឹង​អាច​ទ​ទូល​បាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ទៀតផង​៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់