ប្រវត្តិភ្នំនាងកង្រីខេត្តកំពង់ឆ្នាំង


ចុះផ្សាយ៖ ថ្ងៃទី ២៧ កុម្ភៈ ឆ្នាំ២០១២ ម៉ោង ១៤:៤១នាទី

នៅឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានភ្នំមួយខ្ពស់ជាងគេ មើលពីចំងាយទៅឃើញដូចមនុស្សដេកផ្កាប់មុខ សណ្តូកខ្លួន ។ នៅលើភ្នំនោះមានរុក្ខជាតិតូចធំដុះជាច្រើន ដូចភ្នំឯទៀតនៅជុំវិញនោះដែរ តែប្លែកជាងគេ នៅត្រង់ ចង្កេះភ្នំនោះ មានម្អមដុះច្រើនណែនតាន់តាប់ អ្នកស្រុកនៅជុំវិញនោះ គេមិនបរិភោគម្អមនោះទេ ព្រោះគេឮចាស់ៗ ដំណាលថា ម្អមនោះកើតពីរោមនាងកង្រី យក្ខិនី ជាមហេសីព្រះពុទ្ធិសែន ហើយគេសន្មត់ថា ម្អមនោះជារោមយោនី នៃនាងកង្រីនោះឯង ។

មិនតែប៉ុណ្ណោះនៅលើជើងភ្នំនោះ មានត្បាល់ថ្មមួយធំ តាំងពីបុរាណមកមិនដឹងជានរណា សាងទេ ។ ពួកជនអ្នកឡើងដល់ទីនោះ លុះតែយកអង្រែថ្មបុកត្បាល់ថ្មនោះ ទើបមិនគ្រុនចាញ់ ហើយនិងបានសុខ សប្បាយ (នេះជាជំនឿរបស់អ្នកស្រុក ដែលមានតាំងពីបុរាណកាល) ។រឿងនាងកង្រីមានសេចក្តីសង្ខេបដូចតទៅនេះកាលពីព្រេងនាយមានសេដ្ឋីម្នាក់នៅនគរមួយ ជាមនុស្សឥតកូនបាននាំប្រពន្ធទៅបន់សុំកូននៅដើមជ្រៃមួយ ។ក្រោយពីបន់ ប្រពន្ធក៏មានកូនដល់ទៅ១២នាក់ សុទ្ធតែស្រី។ លុះបានកូនហើយ សេដ្ឋីធ្លាក់ខ្លួនជាអ្នកទ័លក្រ រកអាហារចិញ្ចឹមកូនគ្មាន ក៏បរទេសដឹកកូនទាំង១២នាក់ ទៅប្រោសចោលក្នុងព្រៃជ្រៅមួយ ។

ក្រោយពីឪពុកប្រោសចោល កូនទាំង១២នាក់ក៏នាំគ្នាដើរទៅក្នុងព្រៃដល់នគរមួយ ជានគរយក្សស្រីឈ្មោះ នាង សន្ធមារ។ យក្សស្រីនោះមានកូនស្រីមួយឈ្មោះនាងកង្រី ។ នាងសន្ធមាបានឃើញនាងទាំង១២នាក់ ក៏តំណែងខ្លួន ជាមនុស្សស្រី នាំយកនាងទាំងនោះទៅទុកក្នុងប្រាសាទរបស់ខ្លួនឱ្យបំរើនាងកង្រីជាកូន។
កាលនាងទាំង១២នាក់ដឹងថា នគរនោះជានគរយក្ស នាងសន្ធមាជាយក្ខិនីហើយ ក៏នាំគ្នារត់ចេញ។ នាងសន្ធមារ បានតាមរកទៅឃើញ នាងទាំង១២ជាមហេសីព្រះបាទរថសិទ្ធិ នៅនគរមនុស្ស ក៏តំណែងខ្លួនជាស្រីក្រមុំបានធ្វើជា មហេសីព្រះបាទរថសិទ្ធិនោះដែរ ហើយនាងសន្ធមារធ្វើពុទ្ធជាឈឺធ្ងន់ ញុះញង់ពេទ្យឱ្យទូលព្រះបាទរថសិទ្ធិ ឱ្យឆ្កៀល ភ្នែកនាងទាំង១២ មកធ្វើជាថ្នាំព្យាបាលរោគខ្លួន និងឱ្យយកនាងទាំង១២នាក់ដែលមានគភ៌គ្រប់គ្នា ទៅទុកក្នុងរណ្តៅ មួយជាមួយគ្នាបង្អត់អាហារ ហើយអោយយកគ្រាប់ភ្នែកនាងទាំង១២នាក់ទៅទុកក្នុងឃ្លាំងឯនគររបស់ខ្លួន ឱ្យនាង កង្រីជាកូនថែរក្សា។

បណ្តានាងទាំង១២នាក់នោះ នាងបងៗ១១នាក់ ត្រូវគេឆ្កៀលភ្នែកទាំងសងខាង ឯនាងពៅត្រូវគេឆ្កៀលតែម្ខាង ដោយមកពីជាតិមុននាងពៅឆ្កៀលភ្នែកត្រីតែម្ខាងដែរ ។ នាងទាំង១២ដែលមានគភ៌នោះ មានពៅបានព្រះពោធិ៍សាត់ មកចាប់ផ្ទៃ។ វេលានាងបងៗកើតកូនមកភ្លាម គេហែកកូនចែកសាច់គ្នាស៊ីអស់ ចំណែកនាងពៅ កើតកូនមកឱ្យឈ្មោះ ថា “ពុទ្ធិសែន” ហើយលាក់ទុកមិនឱ្យនាងបងៗដឹងទេ។ចំណេរកាលខាងក្រោយមក វេលាពុទ្ធិសែនធំពេញជំទង់ឡើង នាងសន្ធិមារ ដឹងថាជាកូននាងទី១២ ក៏ប្រើឱ្យជិះសេះ នាំសំបុត្រទៅឱ្យនាងកង្រី ដោយដាក់សេចក្តីថា “បើពុទ្ធិសែនមកដល់យប់ ឱ្យស៊ីទាំងយប់ ដល់ថ្ងៃឱ្យស៊ីទាំងថ្ងៃ” ។តែជាភ័ព្វរបស់ពុទ្ធិសែន នៅពេលជិះសេះទៅដល់ពាក់កណ្តាលព្រៃ មហាឬស្សីបានឃើញពុទ្ធិសែនកំពុងផ្ទុំលក់ និងឃើញសំបុត្រដែលចងនៅសេះ ក៏ហែកសំបុត្រនោះចោល ហើយសរសេរសំបុត្រជាថ្មីថា “បើពុទ្ធិសែន មកដល់យប់ ឱ្យរៀបការទាំងយប់ បើដល់ថ្ងៃរៀបការទាំងថ្ងៃ ជាមួយនាងជាកូន ” ។

ពេលដែលពុទ្ធិសែនទៅដល់នគរយក្សនាង កង្រីបានឃើញសំបុត្រក៏រៀបការជាមួយពុទ្ធិសែនភ្លាម ។ ព្រះពុទ្ធិសែនបានសោយរាជ្យនគរយក្សមិនយូរប៉ុន្មាន ដោយនាងកង្រីថ្វាយដំណឹងអំពី ប្រស្រីភ្នែកមាតាលោក និងអំពីថ្នាំសំរាប់ដាក់ភ្នែកអោយជាហើយ និង ថ្នាំសំរាប់ បោះទៅកើតជាទឹកសមុទ្រ ជាភ្នំបាន ក៏ទ្រង់លួចរត់ចោលនាងកង្រីទាំងអាធ្រាត ។ នាងកង្រីក៏យំសោកស្លាប់នៅ កណ្តាលព្រៃ ហើយពុទ្ធសែនមកដល់នគរវិញដោយសុវត្ថិភាព។ ទ្រង់ដាក់ថ្នាំកែភ្នែកមាតា និងមាតាធំឱ្យជាឡើង ហើយទ្រង់សំលាប់នាងសន្ធមារទៅ ទ្រង់បានសោយរាជ្យជំនួសព្រះបិតា ជាសុខក្សេមក្សាន្ត រហូតទ្រង់ចូលព្រះទីវង្គត៕

SONY DSC

Loading…


ចំណាត់ក្រុម៖
មតិយោបល់