របៀប​លេង​ល្បែង​លលក​ជល់​គ្នា


ចុះផ្សាយ៖ ថ្ងៃទី ២០ មិថុនា ឆ្នាំ២០១៥ ម៉ោង ០៩:៣៥នាទី

ឲ្យ​តែ​មាន​ឱកាស​អាច​ជួប​ជុំ​គ្នា​ជា​ក្រុម ទោះ​តិច​ក្ដី​ច្រើន​ក្ដី ទោះ​ជា​នៅ​ក្នុង​ភូមិ ឬ​វាល​ស្រែ​ក្ដី ក្មេងៗ​ខ្មែរ តែង​តែ​បង្កើត​ល្បែង​ប្លែកៗ ទៅ​តាម​តំបន់​ស្រុក​ភូមិ ទៅ​តាម​ទម្លាប់​ដែល​ជំនាន់​មុន​ធ្លាប់​បង្ហាញ និង​ទុក​ជា​កេរដំណែល​បន្ត​មក​ជំនាន់​ក្រោយ។ ខាង​ក្រោម​នេះ គេហទំព័រ​ខ្ញុំ​ស្រឡាញ់​ប្រទេស​ខ្ញុំ សូម​លើក​យក​ល្បែង​មួយ​ដែល​គេ​និយម​ហៅ​ថា ល្បែង​លលក​ជល់​គ្នា ដែល​ដក​ស្រង់​ចេញ​ពី​សៀវភៅ ប្រពៃណី និង​ទំនៀម​ទម្លាប់​ខ្មែរ ដើម្បី​មក​បង្ហាញ​បន្ត​ជូន​ដល់​មិត្ត​​អ្នក​អាន​គ្រាន់​នឹង​បាន​ដឹង មាន​ស្គាល់​ទាំង​អស់​គ្នា។

គេ​អាច​លេង​ល្បែង​នេះ​បាន ត្រូវ​មាន​គ្នា​២នាក់ ជា​ចាំ​បាច់។ គេ​អាច​លេង​មួយ​គូ ឬ​ច្រើន​គូ​ក៏​បាន។ ដំបូង​ឡើង ដៃ​គូរ​ទាំង​២​អង្គុយ​បញ្ឈរ​ជង្គង់ គូថ​ផ្ទាល់​នឹង​ដី ដាក់​ប្រអប់​ជើង​ទាំង​២​រុញ​ទៅ​មុខ​បន្តិច ម្នាក់​ទៀត​ក៏​អង្គុយ​តាម​របៀប​នេះ​ដូច​គ្នា។ ប៉ុន្តែ​ចំណុច​ពិសេស​នោះ ជា​ចាំ​បាច់​គេ​ត្រូវ​អង្គុយ​លើ​ខ្នង​ជើង របស់​ដៃ​គូ​រៀងៗ​ខ្លួន ដោយ​ដៃ​គេ​ទាំង​២​នាក់ ចាប់​គ្នា​ឲ្យ​ជាប់​ត្រង់​ដើម​ដៃ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​របូត។ លុះ​រៀប​ចំ​អង្គុយ​បាន​ល្អ​ហើយ នៅ​ដំណាក់​កាល​ទី​២ គេ​ត្រូវ​យោក​ខ្លួន​ឲ្យ​ត្រូវ​ចង្វាក់​គ្នា​ម្ដង​ទៅ​មុខ ម្ដង​ទៅ​ក្រោយ។

នៅ​ពេល​យោល​យោក​ទៅ​មកៗ​នេះ គូ​ភាគី​ម្នាក់ៗ​ត្រូវ​ទម្រេត​ខ្លួន​ទៅ​ខាង​ក្រោយ ឲ្យ​ទាល់​តែ​ខ្នង​ដល់​ដី ទើប​ងើប​ឡើង​វិញ។ នៅ​ពេល​ដែល​ភាគី​ម្ខាង ចំកោង​ខ្នង​ហើយ​ទម្រេត​បន្ទាប​ឲ្យ​ដល់​ដី​នោះ ភាគី​ម្ខាង​ទៀត បាន​ស្ទុះ​ងើប​ឡើង ចំកោង​ដង​ខ្លួន​ងោក​ទៅ​លើ​ដៃ​គូ​របស់​ខ្លួន។ គេ​ធ្វើ​ចលនា​យោល​ទៅ​យោល​មក យោក​ទៅ​យោក​មក​នេះ បាន​យូរ​កាល​ណា គេ​កាន់​តែ​សប្បាយ និង​កាន់​តែ​មាន​មោទនភាព​ចំពោះ​ការ​ប៉ិន​ប្រសប់​របស់​គេ​ទាំង​ពីរ។ បើ​ភាគី​ទាំង​២ ឬ​ភាគី​ណា​មួយ មិន​រឹង​មាំ មិន​អាច​ទប់​លំនឹង​ខ្លួន​បាន​នោះ​ទេ នឹង​នាំ​ឲ្យ​រលំ​ទៅ​ខាង​ឆ្វេង ឬ​ខាង​ស្ដាំ។ ការ​រលំ​នេះ​អាច​បណ្ដាល​មក​ពី ៖
– ទប់​ជង្គង់​មិន​នឹង បណ្ដាល​ឲ្យ​កន្ធែក​ទៅ​ខាង​ខ្លាំង​ពេក
– ភាគី​ខាង​ណា​មួយ​ចាប់​ដៃ​គូ​របស់​ខ្លួន​មិន​បាន​រឹង​មាំ បណ្ដាល​ឲ្យ​ដៃ​របូត​ចេញ​ពី​គ្នា។ ការ​លេង​នេះ​បន្លាយ​ពេល​យូរ ឬ​ឆាប់​បញ្ចប់ អាស្រ័យ​ដោយ​ការ​ព្រមព្រៀង​របស់​ដៃ​គូ​លេង​ល្បែង។

ដកស្រង់​ចេញ​ពី

“កម្រង​ឯកសារ​ស្ដី​ពី ប្រពៃ​ណី និង​ទំនៀម​ទម្លាប់​ខ្មែរ”

(ភាគ​ទី៣)

Loading…


ចំណាត់ក្រុម៖
មតិយោបល់