Active Sport

អវតាព្រះវិស្ណុទាំង ១០


ចុះផ្សាយ៖ ថ្ងៃទី ០៣ មីនា ឆ្នាំ២០១២ ម៉ោង ០៧:០១នាទី

ម័តស្យ : ត្រីបានជួយជីវិតមនុស្សឲ្យរួចផុតពីទឹកជំនន់ដែលបង្កើតឡើងដោយយក្សឈ្មោះហយគ្រីវៈ

កូរម : អណ្តើកជួយទប់ភ្នំមន្ទរ កុំឲ្យរលើងដើម្បីកូរសមុទ្រទឹកដោះ ក្នុងបំណងរកទឹកអម្រឹតដែលបានបាត់នៅបាតសមុទ្រកាលពីទឹកជំនន់ ។

វរាហ : ជ្រូកព្រៃបានសម្លាប់ ហិរណយក្ស ដែលប៉ុនប៉ងរំលាយលោកឲ្យទៅជាទឹកសមុទ្រ ។

នរសិង្ហ :បានសម្លាប់ប្អូនប្រុសរបស់ ហិរណយក្ស ឈ្មោះហិរណកសិពុជាយក្សដែលបានសុំពរពីព្រះព្រហ្មថា មិនឲ្យគេសម្លាប់បានទោះក្នុងពេលយប់ក្ដី ថ្ងៃក្តី អាទិទេពក្ដី មនុស្ស សត្វទូទៅក្ដី ។ ដូច្នេះដើម្បីសម្លាប់យក្សនេះបាន ព្រះវិស្ណុក៏បានបែងភាគជានរសិង្ហ ដែលមានខ្លួនជាមនុស្ស ក្បាលជាសិង្ហហើយសម្លាប់យក្សនោះក្នុងពេលព្រលប់ (ចន្លោះពេលថ្ងៃ និងពេលយប់) ។

វាមន : មនុស្សតឿបានបញ្ឆោតយក្សឈ្មោះពាលី(Bali)ដែលមានបំណងយកទឹកដីទាំងអស់មកគ្រប់ គ្រង ។ ព្រះវិស្ណុក៏បែងភាគជាមនុស្សតឿសុំដីយក្សនោះប្រវែង៣ជំហានសម្រាប់ទីជម្រកដល់ មនុស្សលោក ។ យក្សពាលីយល់ព្រម ព្រះវិស្ណុក៏កាឡាខ្លួនយ៉ាងធំ ឈានតែមួយជំហានបានផែនដីយើងនេះ ។

បរសុរាម :អវតាមានរូបរាងជាមនុស្សកាន់ពូថៅដើម្បីរំដោះមនុស្សឲ្យចេញពីការសង្កត់សង្កិនរបស់ ស្តេចនានា មានស្តេចកាតវិរិយ(Kártavirya)ជាដើម ។បរសុរាមធ្លាប់បានសម្លាប់ស្តេច ២១អង្គ ។ ពូថៅរបស់បរសុរាមជាអំណោយរបស់ព្រះសិវៈ ។

រាម : ជាតួអង្គសំខាន់ក្នុងរឿងរាមាយណៈ ។ ព្រះរាមមានមុខងារសម្លាប់ក្រុងរាពណ៍ ជាយក្សឃោរឃៅដើរគំរាមកំហែង ឋានទេវលោក និងមនុស្សលោក ប៉ុន្តែក្រុងបានសុំពរពីព្រះព្រហ្មកុំឲ្យអាទិទេពក្ដី មនុស្សក្ដី យក្សក្ដី អាចសម្លាប់ខ្លួនបាន ។ ព្រះវិស្ណុយល់រឿងនេះ ក៏បែងភាគជាព្រះរាមដែលជាមនុស្សទេវៈ ដើម្បីសម្លាប់ក្រុងរាពណ៍ ។ គេនិយាយថា ព្រះរាមជាមនុស្ស អរតា ឯនាងសីតាជាអវតានៃនាងលក្ម្សី ។

ក្រឹស្នៈ : គឺជាអវតាទី៨ នៃព្រះវិស្ណុ ដែលមានមុខងារអប់រំមនុស្សឲ្យបានសម្រេចនូវមោក្ស ដើម្បីផ្តាច់ខ្លួនចេញពីវដ្តសង្សារ ជាពិសេស គឺផ្តាច់ខ្លួនចេញពីស្តេចកំណាចមួយអង្គឈ្មោះ កម្ស ដែលមានអធិប្បាយខ្លះក្នុងរឿង មហាភារតៈ ។

កល្កិន : គឺជាអវតាមានខ្លួនជាមនុស្ស ក្បាលជាសេះហើយមានមុខងារកាត់សេចក្តីពួកសភាវៈអាក្រក់ដោយដាក់ទណ្ឌកម្ម និងឲ្យរង្វាន់ពួកសភាវៈល្អ ដើម្បីរៀបចំយុគថ្មីមួយ ហៅថាយុគមាស ។

ព្រះពុទ្ធ : ពួកវិស្ណុនិយមបានបញ្ចូលតួអង្គព្រះពុទ្ធជាអវតាមួយនៃព្រះវិស្ណុដែរ ដែលមានមុខងារកម្ចាត់ការបូជាយញ្ញ ការបង្ហូរឈាមឥតប្រយោជន៍ ដាស់សតិមនុស្សឲ្យបោះបង់គម្ពីរវេទ រំលាយចោលនូវរបបរស់នៅជាវណ្ណៈ ។

បញ្ជាក់ៈ ប៉ុន្តែគម្ពីរជាតក បានចែងថា ព្រះវិស្ណុក្ដី អវតាព្រះវិស្ណុក្ដី ជាពិសេសគឺ ក្រឹស្នៈ សុទ្ធសឹងជាមារ តាមព្យាបាទព្រះពុទ្ធអង្គទៅវិញ ។ ការបញ្ចូលតួអង្គព្រះពុទ្ធ ជាអវតានៃព្រះវិស្ណុ ជាមធ្យោបាយប្រមូលទាក់ទាញពុទ្ធបរិស័ទឲ្យមានជំនឿលើខាងសាសនាព្រាហ្មណ៍ និកាយព្រះវិស្ណុវិញប៉ុណ្ណោះ ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់