សត្វ​ក្ងោក នៅ​ខេត្ត​ឧត្ដរមានជ័យ


ចុះផ្សាយ៖ ថ្ងៃទី ០៤ មីនា ឆ្នាំ២០១២ ម៉ោង ១១:៣២នាទី

ក្រុម​មន្ត្រី​ព្រៃ​ឈើ និង​អភិរក្ស​សត្វ​ព្រៃ​ បាន​សិក្សា​​​​​​ស្រាវជ្រាវ​អំពី​​សត្វព្រៃ និង​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​សហគមន៍​មួយចំនួន​ក្នុង​ខេត្ត​ឧត្តរមានជ័យ បាន​រក​ឃើញ​ថា ពូជ​សត្វ​​​​ដ៏​កម្រ​នៅ​លើ​ពិភពលោក​មួយ​ចំនួន​ដែល​ជិត​ផុត​ពូជ​ទៅ​ហើយ​នោះ នៅ​មាន​វត្តមាន​ក្នុង​ព្រៃ​សហគមន៍​នេះ​នៅ​ឡើយ។

Pact Cambodia Photo
សត្វ​ក្ងោក នៅ​ខេត្ត​ឧត្ដរមានជ័យការ ​កាប់​បំផ្លាញ​ព្រៃ​ឈើ និង​បរបាញ់​សត្វ​ព្រៃ​ក្នុង​ប្រទេស​កម្ពុជា កន្លង​មក​បាន​ធ្វើ​ឲ្យ​ព្រៃ​ឈើ​ហិនហោច និង​បាត់​ពូជ​សត្វ​ព្រៃ​ស្ទើរ​គ្មាន​សល់។ តែ​ទោះជា​យ៉ាង​ណា​ក្ដី កម្ពុជា​ក៏​នៅ​មាន​សេសសល់​សត្វ​ព្រៃ​ដ៏​កម្រ​ខ្លះៗ​ដែរ ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​សកម្មជន​បរិស្ថាន។មន្ត្រី​អង្គការ ផេក ខេមបូឌា (Pact Cambodia) និង​អង្គការ​សត្វព្រៃ​អន្តរជាតិ (Wildlife International) សហការ​ជាមួយ​នាយកដ្ឋាន​រដ្ឋបាល​ព្រៃ​ឈើ​នៃ​ក្រសួង​កសិកម្ម​កម្ពុជា បាន​ឲ្យ​ដឹង​ថា ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​ការបរទេស​​សហរដ្ឋ​អាមេរិក អង្គការ​ទាំង​ពីរ រួម​ទាំង​រដ្ឋបាល​ព្រៃឈើ​កម្ពុជា បាន​ធ្វើ​​ការ​សិក្សា​​​​​​មួយ​​​ឡើង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១០ ស្ដីពី​​ចំនួន​សត្វ​ព្រៃ និង​គុណភាព​ព្រៃឈើ​សហគមន៍​ដែល​គេ​កំពុង​អភិរក្ស​នៅ​ក្នុង​ខេត្ត​​ ឧត្តរមានជ័យ។

ការ​ស្រាវជ្រាវ​នេះ​ធ្វើ​ឡើង​​ក្នុង​សហគមន៍​ព្រៃ​ឈើ​ចំនួន​​៤​ គឺ​សហគមន៍​ព្រៃ​ឈើ​សង្ឃរុក្ខវ័ន សហគមន៍​សង្គ្រោះ​ព្រៃឈើ អណ្ដូងបរ និង​សហគមន៍​ព្រៃ​ស្រោង ដែល​មាន​ផ្ទៃ​ដី​ព្រៃ​សរុប​​ទំហំ ៣៤,៧៧៣​ហិកតារ។សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​នៃ​អង្គការ ផេក ខេមបូឌា និង​អង្គការ​សត្វ​ព្រៃ​អន្តរជាតិ ចុះ​ថ្ងៃ​ទី​២៥ មីនា បង្ហាញ​ថា ការ​ស្រាវជ្រាវ​នោះ​បាន​សិក្សា​ស្រាវជ្រាវ​លើ​ប្រភេទ​សត្វស្លាប​​សរុប​ចំនួន ​ ១៧៤​ប្រភេទ និង​សត្វ​ជើង​បួន ២៦​ប្រភេទ។ ជា​​លទ្ធផល​បាន​បង្ហាញ​ថា ក្នុង​ចំណោម​ចំនួន​សត្វ​ដែល​បាន​ស្រាវជ្រាវ​ទាំង​នោះ គេ​ឃើញ​មាន​ពូជ​សត្វស្លាប​​ដ៏​កម្រ​​ចំនួន ៧​ប្រភេទ ដូចជា​សត្វ​ក្ងោក​ពណ៌​បៃតង​ ​ត្រដក់​ធំ ននាល សត្វ​អង្កត់​ខ្មៅ និង​សត្វស្លាប​ដ៏​កម្រ​ផ្សេង​ទៀត​។

​ចំណែក​​​សត្វ​ជើង​បួន​វិញ គេ​ឃើញ​នៅ​មាន​ចំនួន ៩​ប្រភេទ ដូចជា​សត្វ​ខ្លា​ធំ ខ្ទីង រមាំង ទន្សោង ឆ្កែព្រៃ សត្វ​ទោច​ជាដើម ដែល​ពពួក​ពូជ​សត្វ​ទាំង​នោះ​កំពុង​ជិត​ផុត​ពូជ​​ក្នុង​ពិភពលោក។ក្រុម​មន្ត្រី​អភិរក្ស​សត្វព្រៃ និង​ព្រៃ​ឈើ​អះអាង​ថា នេះ​ជា​មោទនភាព​ណាស់​​ចំពោះ​ប្រទេស​កម្ពុជា ដែល​មាន​ពូជ​សត្វ​ដ៏​កម្រ​នេះ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ជា​ច្រើន​ទៀត​ដែល​ដាច់​ពូជ​អស់។កញ្ញា អាម៉ានដា ប្រេដ្លី (Amanda Bradley) នាយក​កម្មវិធី​​នៃ​ភាព​ដៃគូ​ព្រៃ​ឈើ​របស់​អង្គការ ផេក ខេមបូឌា ដែល​រួម​ចំណែក​ការ​ស្រាវជ្រាវ​នោះ​ ​មាន​ប្រសាសន៍​ថា ទៅ​ថ្ងៃ​អនាគត​សហគមន៍​ព្រៃ​ឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ មិន​ត្រឹម​តែ​បាន​អភិរក្ស​សត្វ​ព្រៃ​ដ៏​កម្រ​តែ​ប៉ុណ្ណោះ​ទេ តែ​អង្គការ​អភិរក្ស​សត្វព្រៃ ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​ និង​សហគមន៍​ព្រៃឈើ​នៅ​ខេត្ត​ឧត្តរមានជ័យ កំពុង​អនុវត្តន៍​គម្រោង​​អភិរក្ស​ព្រៃឈើ​ដើម្បី​ផលិត​ការបោន (Carbon) ក្នុង​បំណង​រក្សា​បរិស្ថាន​ ​រួម​ចំណែក​កាត់​បន្ថយ​កម្ដៅ​ផែនដី​​ផង​ដែរ។

កញ្ញា អាម៉ានដា ប្រេដ្លី មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «ការ​សិក្សា ​ នេះ​មាន​សារសំខាន់​សម្រាប់​ការពារ​សត្វព្រៃ ព្រៃឈើ​នៅ​ប្រទេស​កម្ពុជា ពិសេស​ដោយសារ​សហគមន៍​ចូល​រួម មាន​ខាង​រដ្ឋបាល​ព្រៃឈើ​សហការ​ក្នុង​ការ​ការពារ។ ខ្ញុំ​សង្ឃឹម​ថា វា​អាច​ការពារ​ទៅ​ថ្ងៃ​មុខ គម្រោង រ៉េដ (REDD) នៅ​ឧត្តរមានជ័យ មាន​រយៈ​ពេល ៣០​ឆ្នាំ និង​យើង​ឃើញ​សហគមន៍​ខំ​ប្រឹង​ការពារ​សត្វព្រៃ​នៅ​ទី​នោះ»។យ៉ាងណា​ក្ដី តំណាង​សហគមន៍​ព្រៃឈើ​ជា​ច្រើន​​​​បាន​អះអាង​ថា ដំណាល​គ្នា​នឹង​ការ​អភិរក្ស​ពូជ​សត្វព្រៃ​ដ៏​កម្រ​នេះ ក៏​សត្វ​ព្រៃ​ដ៏​កម្រ​នេះ​​កំពុង​ប្រឈម​ការ​ផុត​ពូជ​ផង​ដែរ ​ដោយសារ​ជន​ល្មើស​បំផ្លាញ។ បច្ចុប្បន្ន​មាន​ព្រានព្រៃ ឬ​ជន​ល្មើស​ជា​ច្រើន​បាន​មក​លួច​ដាក់​អន្ទាក់​សត្វ​រៀង​រាល់​ថ្ងៃ ហើយ​ក្រុម​ការពារ​ព្រៃឈើ​សហគមន៍​បាន​រក​ឃើញ​អន្ទាក់​សត្វ​ប្រហែល​ ​៥០ ទៅ ៦០​អន្ទាក់​រៀងរាល់​ខែ។តំណាង​សហគមន៍​មួយ​ចំនួន​ឲ្យ​ដឹង​ថា ជួនកាល​​សត្វ​ប្រើស និង​សត្វ​​ដែល​កម្រ​មាន​ដទៃ​ទៀត​ត្រូវ​គេ​ប្រទះ​ឃើញ​ងាប់​ចោល​ឆ្អឹង​ក្នុង​ ព្រៃ​ពេល​វា​​រើ​រួច​ពី​អន្ទាក់ ហើយ​ងាប់​ទាំង​ជើង​ជាប់​អន្ទាក់​ដែល​ដាច់​នោះ។

ចំពោះ​សត្វ​ស្លាប​វិញ ជន​ល្មើស​បាន​​ដាក់​ថ្នាំ​បំពុល ហើយ​ជនល្មើស​ខ្លះ​បាន​ចាក់​សំឡេង​ខ្សែ​អាត់​ជា​សំឡេង​សត្វ​ដូច​គ្នា ទាក់​ទាញ​សត្វ​ឲ្យ​ចូល​អន្ទាក់​ទាំង​ទ្រុងៗ​ដើម្បី​យក​ទៅ​លក់។ព្រះតេជព្រះគុណ ប៊ុន សាលួត ប្រធាន​សហគមន៍​ព្រៃ​ឈើ​សង្ឃរុក្ខវ័ន មាន​ថេរដីកា​ថា នៅ​ក្នុង​ព្រៃ​សង្ឃរុក្ខវ័ន​គឺ​សម្បូរ​ទៅ​ដោយ​ប្រភេទ​សត្វ​កម្រ​ច្រើន​ជាង​ សហគមន៍​ដទៃ​ ​ដែល​តម្រូវ​ឲ្យ​ព្រះអង្គ រួម​ទាំង​សមាជិក​សហគមន៍​គ្រប់​គ្នា​ដើរ​ល្បាត​គ្រប់​ច្រកល្ហក​រាល់​ថ្ងៃ​ រាល់​យប់​ឥត​ឈប់ ៖ «យើង​នៅ​តែ​បារម្ភ​ដដែល​ ​ដូច​ជា​អាត្មា​អីចឹង! មិន​បាន​សឹង​នៅ​កន្លែង​ទេ ទៅ​សឹង​តែ​ក្នុង​ព្រៃ ​ទៅ​ឃ្លាំមើល​សត្វ​​តាម​តំបន់​ទឹក​ជប់ ​តំបន់​ត្រពាំង​ ​ដែល​មាន​ទឹក​ជប់ ​ខ្លាច​គេ​ដាក់​អន្ទាក់ បើ​យើង​ប្រហែស​តែ​មួយ​អាទិត្យ​វា​អាច​បាត់បង់​សត្វ»

នាយកដ្ឋាន​ព្រៃឈើ​ក្រសួង​កសិកម្ម​ សហការ​ជាមួយ​សហគមន៍ បាន​ចាប់​ផ្ដើម​កម្មវិធី​ការបោន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា រ៉េដ (REDD) ដែល​ចូល​រួម​ដោយ​សហគមន៍​​​ព្រៃឈើ​​ទាំង​៤ ក្នុង​ខេត្ត​ឧត្តរមានជ័យ។ រ៉េដ ​គឺ​ជា​កម្មវិធី​មួយ​រក្សា​បរិស្ថាន​ដោយ​អភិរក្ស​​ព្រៃឈើ​ធម្មជាតិ​ឲ្យ​មាន​ ព្រៃ​ក្រាស់​ ​រួម​ទាំង​សត្វព្រៃ​បង្កើត​បាន​ជា​អុកស៊ីហ្សែន (Oxygen) ឬ​ធាតុអាកាស​បរិសុទ្ធ​ក្នុង​បរិយាកាស កម្ចាត់​ជាតិ​ពុល​ និង​កម្ដៅ​​ផែនដី ​ធ្វើ​ឲ្យ​មាន​បរិស្ថាន​ល្អ​​លើ​ភព​ផែនដី។សូម​បញ្ជាក់​ថា រ៉េដ ជា​កម្មវិធី​​​ថ្មី​​​មួយ​បង្កើត​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​បរិស្ថាន​ជាតិ អន្តរជាតិ រួម​ទាំង​មន្ត្រី​បរិស្ថាន​​អង្គការ​សហ​ប្រជាជាតិ ​ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​នីមួយៗ​លើ​សកល​លោក​ការពារ​គម្រប​​ព្រៃឈើ​ ​ក្នុង​បំណង​ការពារ​ និង​រក្សា​លំនឹង​បរិស្ថាន ទប់ទល់​នឹង​កម្ដៅ​ផែនដី ​ដែល​កំពុង​ឡើង​កម្ដៅ​នៅ​បច្ចុប្បន្ន និង​​ការពារ​គ្រោះ​មហន្តរាយ​ធម្មជាតិ ​ដូចជា​រញ្ជួយ​ផែនដី ​ខ្យល់ព្យុះ​ គ្រោះ​ទឹក​ជំនន់ ​និង​រាំង​ស្ងួត​ ដែល​កំពុង​​គំរាមកំហែង​​​ពិភពលោក ហើយ​ប្រទេស​កម្ពុជា កំពុង​អនុវត្ត​គម្រោង​នេះ។

មន្ត្រី​អង្គការ​អភិរក្ស​ព្រៃឈើ និង​បរិស្ថាន​ឲ្យ​ដឹង​ថា គម្រោង​រ៉េដ នៅ​ខេត្ត​ឧត្តរមានជ័យ មាន​រយៈ​ពេល ៣០​ឆ្នាំ ហើយ​​បាន​ចាប់​ផ្ដើម​​នៅ​ឆ្នាំ​២០០៨ ហើយ​នឹង​បញ្ចប់​នៅ​ឆ្នាំ​២០៣៧។លោក ឡុង រតនៈកុមារ អនុប្រធាន​នាយកដ្ឋាន​ព្រៃឈើ​ និង​សហគមន៍​ព្រៃឈើ​នៃ​រដ្ឋបាល​ព្រៃឈើ​ ​ក្រសួង​កសិកម្ម​កម្ពុជា ថ្លែង​ថា នេះ​ជា​គម្រោង​សាកល្បង​មួយ​ដែល​ធ្វើ​ឡើង​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ កម្ពុជា ហើយ​កម្មវិធី​នេះ​​គេ​កម្រ​ឃើញ​មាន​ធ្វើ​នៅ​ប្រទេស​​ផ្សេង​ទៀត​លើ​សកល​លោក។លោក​ថា​ ​គម្រោង​នេះ​​គឺ​រដ្ឋាភិបាល​កម្ពុជា​ ​ចង់​​ផលិត​ការបោន​លក់​នៅ​លើ​ទីផ្សារ​អន្តរជាតិ ៖ «តាម ​ពិត​ជា​គោលដៅ​ របស់​យើង យើង​ប្រុង​ធ្វើ​ទាំង​អស់។​ ប៉ុន្តែ​អា​នេះ​គ្រាន់​តែ​ជា​ការ​សាក​ល្បង​មួយ គឺ​យើង​កំពុង​ចាប់​ផ្ដើម​ គឺ​យើង​​សាក​ល្បង​បណ្ដើរ​យើង​រៀន​សូត្រ​ពី​ដំណើរការ​បណ្ដើរ»

លោក ឡុង រតនៈកុមារ អះអាង​ថា គម្រោង រ៉េដ នៅ​ខេត្ត​ឧត្តរមានជ័យ​នេះ ​​នឹង​អា​ច​ទាញ​យក​ ការបោន​ពី​ព្រៃ​សហគមន៍​លក់​នៅ​ទីផ្សារ​អន្តរជាតិ​បាន​​​ក្នុង​តម្លៃ​ទឹក​ ប្រាក់​​ចំនួន ៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​ ​ហើយ​ប្រាក់​ចំណូល​នោះ​នឹង​យក​ទៅ​​ផ្គត់ផ្គង់​ជីវភាព​ប្រជាជន​ដែល​ការពារ​ ព្រៃ​សហគមន៍​ទាំង​នោះ​ផង​ដែរ។លោក​បន្ថែម​ថា​ ​ក្នុង​ពេល​នេះ​ដែរ​ ​រដ្ឋាភិបាល​​​ក៏​កំពុង​អនុវត្ត​កម្មវិធី ​​ រ៉េដ សាក​ល្បង​នោះ​ ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ដែល​មាន​ព្រៃឈើ​ស្ដុក​ដូច​នៅ​ស្រុក​ ​កែវសីមា​ ខេត្ត​រតនគិរី នៅ​ខេត្ត​​សៀមរាប នៅ​ព្រៃឡង់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ហើយ​កំពុង​សិក្សា និង​ពង្រីក​ទៅ​តំបន់​ព្រៃ​នានា​ តាម​ខេត្ត​ដទៃ​បន្ថែម​ទៀត ដូច​ជា​នៅ​ព្រៃ​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ជា​ដើម៕
ដកស្រង់ពី ប្លក ខេមរបក្សីសាស្ត្រិន​

Loading…


ចំណាត់ក្រុម៖
មតិយោបល់