Graphic

ភ្នំក្រោមខេត្តសៀមរាប


ចុះផ្សាយ៖ ថ្ងៃទី ០៥ មីនា ឆ្នាំ២០១២ ម៉ោង ១៣:៥៣នាទី

ប្រាសាទ​ភ្នំក្រោម​ជា​រមណីយដ្ឋាន​វប្បធម៌​ ប្រវត្ដិសាស្ដ្រមួយដែល​មាន​ទីតាំង​ ស្ថិត​នៅ​លើ​កំពូលភ្នំ​មាន​រយៈកម្ពស់​១៤០​ ម៉ែត្រ​ ​នៅ​ទិសនិរតី​មាន​ចម្ងាយ​១២​គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប​ ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ស្រប​នឹង​ដងស្ទឹង​សៀមរាប​ពី​ជើង​ទៅ​ត្បូង​ ​ហើយ​ស្ថិត​នៅ​ខាងជើង​បឹង​ទន្លេសាប ។

រូបភាពដកស្រង់ពីslscnews

បើ​តាម​ឯកសារ​ស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​របស់​អាជ្ញាធរ​អប្សរាបានបញ្ចាក់ថា៖​ ប្រាសាទ​ភ្នំក្រោម​ត្រូវ​បាន​កសាង​ឡើង​បែរ​មុខ​ទៅ​ទិស​ខាងកើត នា​ចុង​សតវត្ស​ទី​៩​ ​និង​ដើម​សតវត្ស​ទី​១០​ ​រចនាបថ​បាខែង​ក្នុង​រាជ្យ​ព្រះបាទ​យសោវរ្ម័ន​ទី​១​ ​(ឆ្នាំ​៨៨៩​-៩១០) ដើម្បី​ឧទ្ទិស​ដល់​ព្រះព្រហ្ម​ ​ព្រះ​នរាយណ៍​ និង​ព្រះ​ឥសូរ ។ ប្រាសាទ​ភ្នំក្រោម​ស្ថិត​នៅ​ក្នុង​កំពែង​រាង​បួន​ជ្រុង​ស្មើ​ មួយ​ជ្រុង​ប្រវែង​៥០​ម៉ែត្រ​ ​និង​មាន​តួ​ប៉ម​បី​​ជា​ជួរ​ចំ​អ័ក្ស​ខាងជើង​ និង​ខាងត្បូង​នៅ​លើ​ខឿន​ដែល​មាន​កម្ពស់​១​ម៉ែត្រ​២​តឹក និង​មាន​ប្រាសាទ​ចំនួន​៤​ទៀត​នៅ​ខាង​កើត ហើយ​បែរ​មុខ​ទៅ​រក​ប្រាសាទ​ចម្បង​ទាំង​បី ។

បច្ចុប្បន្ន​បើ​ពិនិត្យ​សង្កេត​ទៅ​លើ​ស្ថានភាព​ ជាក់ស្ដែង​ ប្រាសាទ​ភ្នំក្រោម​នេះ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាង​ខ្លាំង ។ បើ​ពិនិត្យ​ទៅ​លើ​គុណភាព​ថ្មភក់​​មាន​សភាព​ពុក​ផុយ​ដែល​ជា​កត្ដា​នាំ​ឱ្យ​តួ ​ប្រាសាទ​ទាំងមូល​ប្រេះស្រាំ​ស្ទើរតែ​នៅ​គ្រប់​ផ្ទាំង​ស្រទាប់​ថ្ម​ដែល​ជា​ ហេតុ​នាំ​ឱ្យ​រលេះ​បាក់​នូវ​ក្បាច់​រចនា​របស់​ប្រាសាទ ។ ទន្ទឹម​នឹង​នោះ​ដែរ​ក៏​មាន​សំណង់​សម័យ​ថ្មី​ជា​ច្រើន​នៅ​ជុំវិញ​ប្រាសាទ​ ផ្នែក​ខាងកើត ។ សំណង់​ទាំងនេះ​មាន​កុដិ​ព្រះសង្ឃ​ ខ្ទម​សំណាក់​ធម៌​របស់​យាយជី​ ​តាជី​ ​សាលាឆាន់​ ព្រះ​វិហារ​ ​និង​ស្លាកស្នាម​សំណង់​បាក់បែក​មួយ​ចំនួន​ទៀត​អំពី​ស៊ីម៉ង់ត៍​ប្រហែលជា​ សាងសង់​តាំងពី​សម័យ​បារាំង ។

ការ​ខូចខាត​របស់​ប្រាសាទ​ភ្នំក្រោម​អាច​បណ្ដាល​មក​ពី​កត្ដា​ជា​ច្រើន​ដូច​ជា ៖​

  1. ប្រាសាទ​ភ្នំក្រោម​កសាង​នៅ​ជាប់​នឹង​ទន្លេសាប​បណ្ដាល​ឱ្យ​ប្រាសាទ​នេះ​ មាន​សំណើម​ច្រើន​គ្រប់​ពេល​វេលា ។ សំណើម​នេះ​បាន​បក់​មក​ពី​បឹង​ទន្លេសាប​ ជា​ពិសេស​ដោយ​អាកាសធាតុ​របស់​ប្រទេស​កម្ពុជា​ក្ដៅ​ហើយ​សើម​ទៀត​ធ្វើ​ឱ្យ​ថ្ម ​មាន​សភាព​សើម​ស្ងួត​រីក​រួមៗ​ជា​កត្ដា​នាំ​ឱ្យ​ថ្មភក់​ពុក​ផុយ
  2. ទឹក​ភ្លៀង​ (ទឹក​ភ្លៀង​មាន​ជាតិ​អាស៊ីត) ហូរ​ចូល​ទៅ​ផ្នែក​ខាងក្រោម​នៃ​គ្រឹះ​ប្រាសាទ​ច្រោះ​ដី​ និង​ថ្មបាយក្រៀម​ធ្វើ​ឱ្យ​ពុក​ផុយ​លែង​រឹង​មាំ​ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​ គ្រឹះ​ប្រាសាទ​ត្រូវ​បាក់​ស្រុត​តួ​ប្រាសាទ​ត្រូវ​ហែក​បាក់​ធ្លាក់​ជា​ អន្លើៗ
  3. រុក្ខជាតិ​ជា​មូលហេតុ​សំខាន់​មួយ​ដែរ​ដែល​ធ្វើ​ឱ្យ​ប្រាសាទ​ហែក​បាក់​ ធ្លាក់​ដោយ​ឫស​វា​បាន​ចាក់​ចូល​ទៅ​ក្នុង​មុខតំណ​ថ្ម ។ ពេល​ណា​ឫស​ធំ​ឡើង​វា​ធ្វើ​ឱ្យ​ហើប​ប៉ើង​ថ្ម​បាក់​ធ្លាក់
  4. សត្វ​ក៏​ជា​មូលហេតុ​ដែរ ។ ប្រចៀវ​ដែល​ចូល​ទៅ​រស់នៅ​ក្នុង​ប្រាសាទ​ហើយ​ជុះនោម​ ​អាចម៍​ ​ដែល​មាន​ជាតិ​ប្រៃ​ហូរ​ធ្លាក់​តាម​ជញ្ជាំង​ប្រាសាទ​ក៏​ធ្វើ​ឱ្យ​ថ្ម​ពុក​ ផុយ​ដែរ
  5. ក្រៅពី​ការ​បំផ្លាញ​ដោយ​ធម្មជាតិ​ សត្វ​ ក៏​នៅ​មាន​មនុស្ស​ដែល​ជា​ហេតុ​នាំ​ឱ្យ​ប្រាសាទ​ត្រូវ​ខូចខាត​ដែរ​ដូច​ជា​ការ ​គាស់​កកាយ​ដាប់​យក​រូបចម្លាក់​ទៅ​លក់​ ​ឬ​ក៏​យក​ទីតាំង​សម្រាប់​ធ្វើសឹក​សង្គ្រាម ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់