Active Sport

ទម្លាប់ ១០យ៉ាង​ធ្វើឲ្យ​សម្រស់របស់​អ្នក​នឹង​ក្មេង​ជាង​វ័យ​


ចុះផ្សាយ៖ ថ្ងៃទី ០៥ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២២:០៦នាទី

ស្បែករបស់យើងត្រូវនឹងកត្តាបរិយាកាសមិនល្អជារៀងរាល់ថ្ងៃ។ ជាតិ​ពុល ធូលី កាំរស្មី​យូវី សារធាតុ​គីមី និង​សារធាតុ​ពុល​បាន​ប៉ះពាល់​ដល់​ស្បែក ធ្វើឱ្យ​ខូច​ស្បែក​។

មិន​យូរ​ឡើយ ភាព​ជ្រីវជ្រួញ ស្នាម​អុច​ខ្មៅ​នឹង​កើតឡើង​ដែល​ជា​ហេតុ​យើង​ត្រូវ​ថែរក្សា​ស្បែក​ឱ្យ​បាន​ល្អ ដើម្បី​ពន្យាភាព​ចាស់​។ ពេលវេលា​ថែរក្សា​ស្បែក​ដ៏​ល្អ​បំផុត​គឺ នៅ​ពេល​យប់ ព្រោះ​ក្នុង​ពេល​យើង​កំពុង​គេង​លក់ ស្បែក​បង្កើត​កោសិកា​ថ្មី ហើយ​ប្រសិនបើ​យើង​យក​ចិត្ត​ទុក​ដាក់​បន្ថែម មុនពេល​ចូល​គេង សាច់​ស្បែក​នឹង​មាន​សុខភាព​ល្អ ម៉ត់​រលោង​។ ការថែរក្សា​ស្បែក​របស់​អ្នក​មុនពេល​ចូលគេង​នឹង​ធ្វើឱ្យ​សម្រស់​អ្នក​ក្មេង​ជាង​វ័យ​។ វា​ជួយឱ្យ​ស្បែក​ស កម្ចាត់​រាល់​បញ្ហា​ផ្សេងៗ​កើត​លើ​ស្បែក និង​ពន្យា​ភាព​ចាស់​។

ខាងក្រោម​នេះ​ជា​ទម្លាប់​នៃ​សម្រស់​ដែល​អ្នក​គួរ​ធ្វើ​ជា​រៀង​រាល់​យប់ មុនពេល​ចូល​គេង៖

លាង​សម្អាត​ម្សៅ​ផាត់​លើ​ផ្ទៃមុខ​ឱ្យ​អស់

ជារៀងរាល់​យប់​មុន​ពេល​ចូល​គេង អ្នក​ត្រូវ​ជម្រះ​ម្សៅ​ផាត់​លើ​ផ្ទៃមុខ​ឱ្យ​អស់។ ការបន្សល់​ទុក​ម្សៅ​ផាត់​លើ​ផ្ទៃមុខ​នៅពេល​ចូល​គេង នឹង​ធ្វើឱ្យ​ស្ទះ​រន្ធញើស បណ្តាលឱ្យ​កើត​ស្នាម​អុច​ខ្មៅ មុន និង​ខូច​ស្បែក។ លាង​សម្អាត​ផ្ទៃមុខ​ និង​ប្រើ​ក្រែម​ផ្តល់​សំណើម​ដល់​ស្បែក​ជា​រៀង​រាល់​យប់​មុន​ពេល​ចូល​គេង​។

ប្រើ​ទឹក​រឹត​បន្តឹង​ស្បែក

ប្រើ​ទឹក​រឹតបន្តឹង​ស្បែក​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឱ្យ​បាន​ស្អាត មុនពេល​ចូល​គេង​ជា​រៀង​រាល់​យប់។ វា​នឹង​ជួយ​រក្សា​កម្រិត​តុល្យភាព pHស្បែក ប្រឆាំង​នឹង​មេរោគ បាក់តេរី។ វា​នឹង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ស្អាត មាន​ជាតិ​សំណើម។

ប្រើ​ក្រែម​លាប​លើ​ដៃ

ថែទាំ​ដៃ​របស់​អ្នក​មុនពេល​ចូល​គេង ដូច្នេះ​អ្នក​មាន​ដៃ​ទន់ និង​រលោង​នៅពេល​យប់​។ មុន​ពេល​ចូល​គេង លាង​សម្អាត​ដៃ​របស់​អ្នក​នឹង​សាប៊ូ​ក្លិន​ស្រាល និង​ទឹកក្តៅ​អ៊ុនៗ រួច​ប្រើ​កន្សែង​ជូត​ឱ្យ​ស្ងួត​ ហើយ​លាប​ក្រែម​។ ដៃ​របស់​អ្នក​នឹង​ទន់​ស្រឡូន​ជា​រៀង​រាល់​ថ្ងៃ។

ដុស​ធ្មេញ

ដុស​សម្អាត​ធ្មេញ​ជា​រៀង​រាល់​យប់​មុនពេល​ចូល​គេង វា​នឹង​ជួយ​ការពារ​មាត់​របស់​អ្នក​ពី​ការឆ្លង​មេរោគ ជួយ​ឱ្យ​ខ្យល់​ដង្ហើម​ល្អ​នៅពេល​ព្រឹក។

ប្រើ​ក្រែម​លាប​ភ្នែក

កន្លែង​ជុំវិញ​រង្វង់​ភ្នែក ជា​កន្លែង​ដំបូង​បង្ហាញ​ពី​សញ្ញា​នៃ​ភាព​ចាស់​។ លុប makeup លើ​ភ្នែក​របស់​អ្នក​ចេញ​ឱ្យ​អស់ រួច​លាប​ក្រែម​លើ​ភ្នែក​ជា​រៀងរាល់​យប់​មុនពេល​ចូល​គេង។ ក្រែម​ភ្នែក​នឹង​ជួយ​ផ្តល់​ជាតិ​ទឹក ជាតិ​សំណើម កាត់​បន្ថយ​ស្នាម​ខ្មៅ​លើ​រង្វង់​ភ្នែក ជ្រីវជ្រួញ ជួយ​រឹត​បន្តឹង​ស្បែក​ក្រោម​ភ្នែក​ពី​ការយារ​ធ្លាក់​។

ប្រើ​ជែល Petroleum លាប​លើ​ជើង​របស់​អ្នក

ជើង​ក៏​ជា​ផ្នែក​មួយ​នៃ​សម្រស់​ដែរ។ លាង​ជើង​នឹង​ទឹក​ក្តៅ​អ៊ុនៗ រួច​ជូត​ឱ្យ​ស្ងួត។ លាប​ក្រែម ឬ​ជែល Petroleum លើ​ជើង និង​ម៉ាស្សា​ថ្នមៗ វិធី​នេះ​នឹង​ជួយ​កម្ចាត់​បញ្ហា​ប្រេះ​កែង​ជើង និង​ធ្វើឱ្យ​ជើង​ទន់​ស្អាត​។

ចង​សក់

អ្នក​គួរគេង​ចង​សក់។ វា​មិន​ត្រឹមតែ​ផ្តល់​អត្ថប្រយោជន៍​ចំពោះ​សក់​ប៉ុណ្ណោះ​ទេ តែ​ផ្ទៃមុខ​ផងដែរ។ វា​នឹង​ការពារ​ពី​បញ្ហា​សក់​កណ្តាញ់ និង​មិន​ប៉ះពាល់​ដល់​ផ្ទៃមុខ​ក្នុង​ពេល​គេង​។ អ្នក​ត្រូវ​ចាំ​ថា សក់​ផ្ទុក​ទៅដោយ​ធាតុ​កខ្វក់ និង​ជាតិ​ប្រេង​ដែល​បណ្តាលឱ្យ​កើត​មុន។

ប្តូរ​មក​ប្រើ​ខ្នើយ​ធ្វើពី​សូត្រ

សរសៃ​សូត្រ​ធ្វើឱ្យ​ស្បែក និង​សក់​ទន់។ សរសៃ​សូត្រ​មាន​ផ្ទុក​អាស៊ីត​អាមីណូ​សំខាន់ៗ ១៨មុខ និង​ប្រូតេអ៊ីន​ជួយឱ្យ​ស្បែក​ស្អាត ក្មេង។

បើក​ម៉ាស៊ីន​ផ្សើម

បើក​ម៉ាស៊ីន​ផ្សើម​មុនពេល​ចូល​គេង។ ជាពិសេស​ក្នុង​រដូវ​រងារ វា​នឹង​បន្ថែម​ជាតិ​សំណើម​ក្នុង​បន្ទប់​។ វា​ជួយ​ការពារពី​បញ្ហា​កន្ទួល​រមាស់ ស្បែក​ស្ងួត ប្រេះ ត្រអក និង​បញ្ហា​ស្បែក​ជាច្រើន​ផ្សេង​ទៀត​។

គេង​ឱ្យ​បាន​ពេញ​ម៉ោង

ព្យាយាម​គេង​ឱ្យ​បាន​ពី ៧-៨ម៉ោង​ជា​រៀង​រាល់​យប់​។ នៅពេល​គេង កោសិកា​នឹង​លូតលាស់​ថ្មី។ ការគេង​ជា​រឿង​មួយ​ចាំបាច់ ដើម្បី​រក្សា​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ ក៏​ដូចជា​ការពារពី​ភាពចាស់ ជ្រីវជ្រួញ និង​ស្នាម​ខ្មៅ​ជុំវិញ​រង្វង់​ភ្នែក។

Loading…


ចំណាត់ក្រុម៖
មតិយោបល់