Active Sport

អស់បញ្ហា​ខ្មៅ​គន្លាក់​ម្រាម​ដៃ​ម្រាម​ជើងជាមួយ​ឱសថធម្មជាតិ ៤មុខ


ចុះផ្សាយ៖ ថ្ងៃទី ០៨ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១២:៤៩នាទី

បញ្ហាស្បែកស្រអាប់ ជាពិសេសខ្មៅត្រង់គន្លាក់ម្រាមដៃ ម្រាមជើង ជា​បញ្ហា​សម្រស់​ទូទៅ​មួយ​ដែល​បាន​កើតឡើង​លើ​ស្ត្រី​ជាច្រើន។ មាន​មូលហេតុ​ជាច្រើន​ដែល​បណ្តាល​ឱ្យ​ស្បែក​ខ្មៅ ជាពិសេស​ការត្រូវនឹង​កម្តៅ​ថ្ងៃ ឬ​មិន​បាន​ការពារ​ដៃ​របស់​អ្នក នៅពេល​លាង​ចាន ឬ​សម្អាត​ផ្ទះ។ ខាងក្រោម​នេះ​ជា​វិធី ៤យ៉ាង​ជួយ​កម្ចាត់​បញ្ហា​ស្បែក​ខ្មៅ​ត្រង់​គន្លាក់​ម្រាមដៃ ម្រាមជើង​យ៉ាង​មាន​ប្រសិទ្ធិភាព​បំផុត៖

១. ក្រូចឆ្មា និងស្ករស

វិធី​នេះ​អាច​មាន​ប្រសិទ្ធិភាព​ជួយ​ឱ្យ​ស្បែក​ខ្មៅ​ប្រែ​ជា ស ក៏​ដូចជា​ធ្វើ​ឱ្យ​គន្លាក់​ម្រាមដៃ​ម្រាមជើង​រលោង​ផងដែរ។ អ្នក​ត្រូវ​មាន​ធាតុ​ផ្សំ​តែ ៣មុខ​ប៉ុណ្ណោះ​ដើម្បី​ធ្វើ​វា​បាន។

  • លាយ​ទឹកឃ្មុំ ២ស្លាបព្រាបាយ ទឹក​ក្រូចឆ្មា ១ស្លាបព្រាបាយ និង​ស្ករស ១ស្លាបព្រាបាយ​បញ្ចូល​គ្នា​ឱ្យ​បាន​សព្វល្អ
  • យក​វា​ដុស​លើ​គន្លាក់​ម្រាមដៃ​ម្រាមជើង​របស់​អ្នក​ថ្នមៗ
  • អ្នក​ក៏​អាច​ប្រើ​វា​ម៉ាស្សា​ដៃ ដើម្បី​ឱ្យ​កាន់តែ​រលោង​ថែម​ទៀត
  • រង់ចាំ​រយៈពេល​ប្រហែល​ជា ១៥នាទី ដើម្បី​ឱ្យ​ស្បែក​បាន​ស្រូប​យក​ជាតិ​ថ្នាំ។ វីតាមីន Cបានពី​ទឹក​ក្រូចឆ្មា និងអាស៊ីត​គ្លីកូឡិច បាន​ពី​ស្ករស នឹង​ធ្វើឱ្យ​គន្លាក់​ម្រាមដៃ​ម្រាមជើង​ប្រែ​ជា ស​យ៉ាង​សក្តិសិទ្ធិ។

២. ស្ករស និងប្រេងអូលីវ

ប្រេង​អូលីវ​ផ្តល់​គុណ​ប្រយោជន៍​ខ្ពស់ អាច​ជួយ​ពង្រឹង​គុណភាព​ក្រចក​របស់​អ្នក តែ​ក៏​អាច​ជួយ​កម្ចាត់​បញ្ហា​ស្បែក​ខ្មៅ​បាន​ផង​ដែរ។ ស្ករស ជា​សារធាតុ​កម្ចាត់​កោសិកា​ស្បែក​ងាប់​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

  • លាយ​ប្រេង​អូលីវ ៣ស្លាបព្រាបាយ ជាមួយ​ស្ករស ២ស្លាបព្រាបាយ
  • ប្រើ​វា​ដុស​លើ​គន្លាក់​ម្រាមដៃ​ម្រាមជើង​របស់​អ្នក
  • ទុក​វា​រយៈពេល​ច្រើន​ជាង ៥នាទី ដើម្បី​ផ្តល់​ជាតិ​ទឹក​ដល់​ដៃ​របស់​អ្នក រួច​លាង​សម្អាត​នឹង​ទឹក
  • ក្រោយ​មក​ទៀត ប្រើ​ក្រែម​ផ្តល់​សំណើម​បន្តិច​លាប​លើ​ដៃ​របស់​អ្នក

៣. ប្រេង

  • លាយ​ប្រេង​ជូជូបា ១/២ស្លាបព្រាបាយ ប្រេង​អាល់ម៉ុង ១/២ស្លាបព្រាបាយ ប្រេង​រ៉ូសម៉ារី ១/២ស្លាបព្រាបាយ និង​ទឹក​ក្រូចឆ្មា ២-៣ដំណក់
  • ប្រើ​វា​ម៉ាស្សា​លើ​គន្លាក់​ម្រាមដៃ​ម្រាមជើង ដៃ ប្រអប់​ដៃ និង​ក​ដៃ​របស់​អ្នក
  • ពេលវេលា​ដែល​ល្អ​គឺ ប្រើ​វា​មុនពេល​ចូល​គេង។ វា​នឹង​ដំណើរការ​ពេញ​មួយ​យប់ ផ្តល់​សំណើម​ដល់​ដៃ ចិញ្ចឹម​ក្រចក និង​ធ្វើឱ្យ​ស្បែក​របស់​អ្នក​ទន់។

៤. ក្រែម​ទឹកដោះគោ និង​ម្សៅ​រមៀត

  • លាយ​ក្រែម​ទឹក​ដោះ​គោ ១ស្លាបព្រាបាយ ជាមួយ​ម្សៅ​រមៀត ១/២ស្លាបព្រាបាយ និង​ប្រេង​អាល់ម៉ុង ២-៣ដំណក់​បញ្ចូល​គ្នា រួច​លាប​លើ​គន្លាក់​ម្រាមដៃ និង​ម្រាមជើង​របស់​អ្នក
  • រង់ចាំ​រយៈពេល ២០នាទី រួច​លាង​សម្អាត​នឹង​ទឹក
  • ជម្រើស​ល្អ គួរ​អនុវត្ត​វិធី​នេះ​ឱ្យ​បាន ៣ដង​ក្នុង ១សប្តាហ៍

Loading…


ចំណាត់ក្រុម៖
មតិយោបល់