Graphic

សារៈប្រយោជន៍​នៃ​ការ​ម៉ាស្សា​ទាំង ៦យ៉ាងចំពោះទារក


ចុះផ្សាយ៖ ថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៩:០៤នាទី

ការ​ងូតទឹក​ និង​ម៉ាស្សា​ឱ្យ​កូន​តូច​របស់​អ្នក​អា​ចជា​បទ​ពិសោធន៍​ដ៏​គួរ​ឱ្យ​រីករាយ​មួយ​ចំពោះ​ទាំង​អ្នក​ និង​ទារក​របស់​អ្នក​។​ ជា​ទូទៅ​ ទឹក​ក្តៅ​នឹង​ធ្វើ​ឱ្យ​កូន​តូច​ៗ​កាន់តែ​ស្រួល​ខ្លួន​។​ ផ្តល់​ពេល​វេលា​ឱ្យ​កូន​បាន​លេង​ ដើម្បី​ធ្វើ​ចលនា​សាច់ដុំ​ខ្នង​ និង​ក្បាលពោះ​។ អ្នក​ត្រូវ​ជួយ​ដល់​គាត់​ឱ្យ​បាន​ល្អ​ និង​ធ្វើ​ចលនា​ថ្នម​ៗ​ ដែល​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​កូន​អ្នក​រីករាយ​ប៉ុណ្ណោះ​ទេ​ តែ​ក៏​ធ្វើ​ឱ្យ​អ្នក​បាន​សម្រាក​ និង​សប្បាយ​រីករាយ​។

សំខាន់​ត្រូវ​រើស​ទីកន្លែង​ដែល​ក្តៅ​ល្មម​ និង​មាន​ផាសុកភាព​ ដូច្នេះ​អាច​ស្រាត​ខោ​អាវ​គេ​ចេញ​។​ អ្នក​ក៏​អាច​ចាក់​តន្ត្រី​ ជួយ​កំដរ​អារម្មណ៍​កូន​របស់​អ្នក​។​ អ្នក​ត្រូវ​ដាក់​កូន​លើ​ភ្លៅ​បែរ​មុខ​មក​អ្នក​ ព្រោះ​នេះ​ជា​ការ​ភ្ជាប់​ក្តីស្រឡាញ់​រវាង​ម្តាយ​ និង​កូន​។

អត្ថប្រយោជន៍​នៃ​ការ​ម៉ាស្សា​ឱ្យ​កូន

ការ​ម៉ាស្សា​អាច​ជួយ​បង្រៀន​ការ​ស្ទាប​អង្អែល​ដល់​កូន​របស់​អ្នក​។​ ឡេ​ ឬ​ប្រេង​នឹង​ជួយ​រក្សា​ទំនាក់ទំនង​អ្នក​ជាមួយ​នឹង​ស្បែក​កូន​ និង​អាច​ឱ្យ​ដៃ​របស់​អ្នក​បាន​ស្ទាប​អង្អែល​ពេញ​ទាំង​ខ្លួន​ប្រាណ​របស់​គាត់​។​ ចាប់ផ្តើម​ពី​ត្រង់​ក្បាល​របស់​គាត់​ រួច​ចុះ​មក​ខ្លួន​។​ ដៃ​របស់​អ្នក​ស្ទាប​អង្អែល​ដៃ​ជើង​ និង​ដង​ខ្លួន​របស់​កូន​។

ការ​យក​ដៃ​កូន​របស់​អ្នក​ឱ្យ​ស្ទាប​អង្អែល​ខ្លួន​ប្រាណ​របស់​គាត់​ ដូច​ជា​ជើង​ និង​ដង​ខ្លួន​នឹង​ជួយ​ឱ្យ​គាត់​បាន​ដឹង​ពី​ខ្លួនប្រាណ​របស់​ខ្លួនឯង​។​ ការ​ម៉ាស្សា​ក៏​អាច​ធ្វើ​ឱ្យ​កូន​ទើប​នឹង​កើត​គេង​លក់​ស្រួល​ សុខភាព​ល្អ​ និង​ជួយ​ឱ្យ​ម្តាយ​ និង​កូន​មាន​ភាព​ស្និតស្នាល​នឹង​គ្នា​។​

ជា​ការ​ពិត​ណាស់​ ការ​សិក្សា​បាន​បង្ហាញ​ថា​ ការ​ម៉ាស្សា​ទារក​អាច​ជួយ​កាត់​បន្ថយ​ការ​យំ​ និង​មួម៉ៅ​ ជួយ​ឱ្យ​គាត់​គេង​លក់​ស្កប់ស្កល់​ ចៀស​ផុត​ពី​ជំងឺ​ទល់លាមក​ និង​ចុកពោះ​។ មនុស្ស​ខ្លះ​និយាយ​ថា​ វា​ក៏​អាច​ជួយ​ជម្រុញ​ដល់​សមត្ថភាព​ទារក​ប្រឆាំង​នឹង​មេរោគ​។​

យោង​តាម​នាយក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ឱសថ​មៃយ៉ាមី​លោក​ Tiffanyបាន​ឱ្យ​ដឹង​ថា​ ការ​ម៉ាស្សា​អាច​ជួយ​ជម្រុញ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​របស់​ក្មេង​។​ វា​ជួយ​ឱ្យ​ខួរក្បាល​កូន​ផលិត​អរម៉ូន​សេរ៉ូតូនីន​កាន់តែ​ច្រើន​, សារធាតុ​គីមី​ល្អ​ៗ​ និង​កាត់បន្ថយ​អរម៉ូន​ករទីសូល​ អរម៉ូន​ដែល​បង្កើត​ភាព​តានតឹង​។​ លទ្ធផល​ដែល​ទទួល​បាន​ ចង្វាក់​បេះដូង​ និង​ខ្យល់​ដង្ហើម​កូន​របស់​អ្នក​ដើរ​យឺត​ៗ​ និង​កាន់តែ​ស្រួល​ក្នុង​ខ្លួន​។​

ប្រភេទ​នៃ​ការ​ម៉ាស្សា

ម៉ាស្សា​ជើង

យក​ដៃ​អ្នក​កាន់​ជើង​កូន​របស់​អ្នក​ថ្នម​ៗ​ ហើយ​ម៉ាស្សា​ចាប់​ពី​ភ្លៅ​ដល់​ក​ជើង​របស់​គាត់​។​ ធ្វើ​បែប​នេះ​ ២​-៣​ដង​ រួច​ប្តូរ​ទៅ​ធ្វើ​ជើង​ម្ខាង​ទៀត​។​

ម៉ាស្សា​ក្បាលពោះ

ដាក់​ដៃ​របស់​អ្នក​ត្រង់​ផ្ចិត​របស់​គាត់​។​ ប្រើ​ចុង​ម្រាមដៃ​របស់​អ្នក​ម៉ាស្សា​ជា​ចលនា​រង្វង់​ស្រប​ទ្រនិច​នាឡិកា​លើ​ក្បាលពោះ​របស់​គាត់​។

ម៉ាស្សា​ដៃ

ចាប់ផ្តើម​ម៉ាស្សា​ថ្នម​ៗ​ត្រង់​ស្មា​របស់​គាត់​ រួច​ចុះ​មក​ក​ដៃ​។​ ធ្វើ​បែប​នេះ​ឱ្យ​បាន​ ២-៣​ដង​ រួច​ប្តូរ​ទៅ​ធ្វើ​ដៃ​ម្ខាង​ទៀត​។​

ម៉ាស្សា​ក

ប្រើ​ដៃ​ទប់​ក្បាល​ និង​ដង​ខ្លួន​ផ្នែក​ខាង​លើ​របស់​កូន​អ្នក​។ ដាក់​មេ​ដៃ​របស់​ដៃ​ម្ខាង​ទៀត​ត្រង់​ ក​ម្ខាង​របស់​គាត់​ និង​ម្រាម​ដៃ​ ២​របស់​អ្នក​ត្រង់​ក​ម្ខាង​ទៀត​។​ រួច​ប្រើ​ចុង​ម្រាម​ដៃ​របស់​អ្នក​ញី​ថ្នម​ៗ​ ជា​ចលនា​រង្វង់​។ ធ្វើ​បែប​នេះ​ឱ្យ​បាន​ ២-៣​ដង​។​

ម៉ាស្សា​បំបាត់​ការ​ចុកពោះ

ដំបូង​ត្រូវ​ម៉ាស្សា​ក្បាលពោះ​កូន​របស់​អ្នក​។ រួច​បត់​ជង្គង់​គាត់​ឡើង​ដល់​ក្បាលពោះ​ ហើយ​រង់ចាំ​រយៈពេល​ ៣០​វិនាទី​។​ អនុវត្ត​បែប​នេះ​ ២-៣​ដង​។​ បន្ទាប់មក​ដាក់​ដៃ​ម្ខាង​របស់​អ្នក​លើ​ផ្ចិត​កូន​ ធ្វើ​លំនាំ​ជា​ចង្វាក់​ ដើម្បី​ជួយ​ដល់​ការ​បញ្ចេញ​ខ្យល់​។​ ធ្វើ​ម្តង​ទៀត​បើ​ចាំបាច់​។

ឱប

អ្នក​ជំនាញ​ផ្នែក​ជំងឺ​កុមារ​លោក​ Susan Ludington នៅ​សកល​វិទ្យាល័យ Western Reserve បាន​មាន​ប្រសាសន៍​ថា​ ការ​ឱប​ស្បែក​ម្តាយ​ប៉ះ​នឹង​ស្បែក​កូន​ពិត​ជា​ល្អ​ណាស់​ចំពោះ​កូន​តូច​គ្រប់រូប​ ជា​ពិសេស​ជួយ​ឱ្យ​ទារក​លូតលាស់​បាន​ឆាប់​រហ័ស​។

បច្ចេកទេស​ពិភពលោក

វេជ្ជបណ្ឌិត​លោក​ Ludington និយាយ​ថា​ ស្បែក​ប៉ះ​នឹង​ស្បែក​អាច​ជួយ​ឱ្យ​ឡើង​ទម្ងន់​ និង​គេង​លក់​ស្រួល​ កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ បញ្ហា​ដង្ហើម​របស់​ទារក​។

ផ្ដល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់