រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” នឹងធ្វើការចាក់បញ្ចាំងនៅខែកុម្ភៈនេះហើយ


ចុះផ្សាយ៖ ថ្ងៃទី ១៦ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៨:៤៤នាទី

រឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” គឺជា ភាពយន្តដែលនិយាយពីរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៩ ហើយរឿងនេះបានមកថតនៅក្នុងប្រទេសកម្ពុជាដែលមានទីតាំងសំខាន់ៗជាប្រវត្តិសាស្ត្រចំនួន២គឺ ខេត្តបាត់ដំបង និងខេត្តសៀមរាប។

រឿងនេះមានអ្នកដឹកនាំរឿងជា អ្នកស្រី អែនជឺលីណា ជោលី បើយោងទៅតាមទំព័រផ្លូវការឈ្មោះ First They Killed My Father បានសរសេររៀបរាប់ថារឿងនេះគឺបានប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និង សកម្មជនការពារសិទ្ធិមនុស្ស។ អ្នកស្រីបានរួចផុតជីវិតពីរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នង ពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ សាច់រឿងត្រូវបានរៀបរាប់តាមការមើលឃើញរបស់អ្នកស្រីតាំងពី អាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ៩ឆ្នាំ។ ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និង ការតស៊ូយ៉ាងប្តូរផ្តាច់របស់ គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនាអំឡុងសម័យខ្មែរក្រហម។

ខ្សែភាពយន្តរឿង “មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ” នឹងធ្វើការចាក់បញ្ចាំងលើកដំបូងនៅ ប្រទេសកម្ពុជានៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៧ ខាងមុខនេះ។ រឿងនេះនឹងធ្វើការចាក់បញ្ចាំងជូនទស្សនាជាបន្តបន្ទាប់ នៅតាមបណ្ដាខេត្តក្នុងប្រទេសកម្ពុជា។

ទស្សនា Videos

Loading…


ចំណាត់ក្រុម៖
មតិយោបល់