វិធីសាស្ត្រដាំម្ទេសដើម្បីទទួលបានផលច្រើន


ចុះផ្សាយ៖ ថ្ងៃទី ២៦ កុម្ភៈ ឆ្នាំ២០១៧ ម៉ោង ០៩:៤៧នាទី

ដំណាំម្ទេសជាដំណាំដែលមានការដាំដុះ និងជាដំណាំដែលមានការយកទៅប្រើប្រាស់ច្រើន។ ផ្លែម្ទេសត្រូវបានគេឃើញថាត្រូវបានយកប្រើប្រាស់ជាមួយមុខម្ហូបប្រចាំថ្ងៃជាច្រើន។ ផ្លែម្ទេសក៏មានគុណប្រយោជន៍សម្រាប់សុខភាពផងដែរបើសិនអ្នកបរិភោគវាជាប្រចាំតែ បើអ្នកមានបញ្ហាក្រពះមិនគួរបរិភោគវាច្រើនពេកទេ។ ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការដាំដំណាំម្ទេសដែលមានដំណាក់កាលដូចតទៅ។

  •  ​រៀបចំ​ថ្នាល​បណ្តុះ​គ្រាប់​ម្ទេស​ដោយ ប្រើ​ជីលា​មក​សត្វ​ពុកផុយ​​ ​
  • ត្រាំ​គ្រាប់​ម្ទេស​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ រួច​យក​ទៅ​សាប​នៅ​ថ្នាល​ ​
  • កាប់​រណ្តៅ​ដាំ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥ តឹក និង​ចន្លោះ​ជួរ ៥ តឹក ដោយ​ប្រើ​ជីលា​មក​គោ​ដាក់​ទ្រាប់​បាត​រណ្តៅ​​ ​
  • ដក​កូន​ម្ទេស​ដែល​មាន​កំពស់ ១ តឹក និង​មាន​ដើម​រឹងមាំ ឬ ដើម​ថ្លោស​យក​មក​ដាំ​​ ​
  • ថែទាំ​ស្រោច​ទឹក និង​ជ្រុំ​បំផុ​សដី ដកស្មៅ​ចោល​​ ​
  • កំចាត់​ស្រមោច​រោម​ត្រួយ​ដោយ​ប្រើ​ផេះ​ចង្ក្រាន​បាច​គល់​ម្ទេស​​ ​
  • ដាក់​ជីកំប៉ុស្តិ​បំប៉ន គ្រប​គល់​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ

សេចក្តីលម្អិត៖

ការរៀបចំ​ដី និង​ការ​សាប​គ្រាប់​៖

ដើម្បីដាំម្ទេសអ្នកអាច​រៀប​ថ្នាល​សាប​កូន​លើ​ផ្ទៃដី ៦ ម៉ែត្រការ៉េដែលនៅលើ​ថ្នាលត្រូវ​ជ្រុំ​កាប់​បំផុសដី និង​ដាក់​ជីលា​មក​គោ​ចំនួន ២ ប​ង្គី កប់​ចូលក្នុង​ថ្នាល។ សម្រាប់គ្រាប់ពូជអ្នកអាច​ទិញ​ពី​ផ្សារបានក្នុង​ចំនួន ១ ខាំហើយយកវាទៅ​ត្រាំ​ទឹក​ក្តៅ​ឧណ្ហៗ រយៈពេល ២​ម៉ោង ទើប​យក​ទៅ​សាប​នៅ​ថ្នាល។ ក្រោយ​ពី​សាបអ្នកកាត់​កំទេច​ចំបើង​គ្របពី​លើ រួច​ស្រោច​ទឹក​ឲ្យ​ជោគ​រៀងរាល់ថ្ងៃ។​

ការរៀបចំ​ដី​ដាំ​កូន​ម្ទេស និង​ការដាំ​កូន​៖

អ្នកត្រូវ​ភ្ជួរ​រាស់​ដី​ឲ្យ​ម៉ដ្ឋ​ល្មម រួច​កាប់​រណ្តៅ​ដែល​មាន​ចន្លោះ​ពី​រណ្តៅ​មួយ​ទៅ​រណ្តៅ​មួយ ៥ តឹក និង​ចន្លោះ​ជួរ ៥ តឹក។ នៅក្នុង​រណ្តៅ​នីមួយៗត្រូវ​ប្រើ​ជីលា​មក​សត្វ​ពុកផុយ​ដាក់​ទ្រាប់​បាត​រណ្តៅ។ មុន​នឹង​ដក​ស្ទូងអ្នកត្រូវ​ស្រោច​ទឹក​ឲ្យ​ជោគ​នៅលើ​ថ្នាល​ដើម្បី​ងាយស្រួល​ដក​កុំឲ្យ​ដាច់​ឫស។ ក្នុង ១ រណ្តៅអ្នកត្រូវ​ដាំ​កូន​ម្ទេស ១ ដើម ដោយ​ជ្រើសរើស​តែ​ដើម​ថ្លោស​ល្អ។ ក្រោយ​ពី​ដាំ​កូន​ហើយអ្នកត្រូវ​កាត់​ចំបើង​ធ្វើ​គម្រប រួច​ស្រោច​ទឹក​ឲ្យ​ជោគ។​

​ការថែទាំ​​៖

ក្រោយ​ពី​ស្ទូង​ហើយអ្នកត្រូវស្រោច​ទឹក ១ ថ្ងៃ ២ ដង។ ក្រោយ​ពី​កូន​ម្ទេស​ដុះ​រឹង​ប៉ឹង ស្មៅ​ចាប់ផ្តើម​ដុះអ្នកត្រូវ​ធ្វើការ​ជ្រុំដី​ដក​ស្មៅ ដើម្បី​បំផុសដី​ឲ្យមាន​ខ្យល់​ចេញចូល ទឹក​ជ្រាប​បានល្អ។ ក្នុង​ការដាំ​ម្ទេស​នេះអ្នកនឹងប្រទះ​នូវ​ការបំផ្លាញ​ពី​ស្រមោច​ដែល​រោម​ត្រួយ ធ្វើឲ្យ​ត្រួយ​រួញ​ស្លឹកដូចនេះអ្នកត្រូវតែ​កំចាត់​វា​ដោយ​រោយ​ផេះ​នៅតាម​គល់។ នៅពេល​ម្ទេស​ជិត​ចេញ​ផ្កាអ្នកត្រូវ​ដាក់​ជីកំប៉ុស្តិក​ប់ចូល​ដី​នៅ​ក្បែរ​គល់។ ការ​គ្រប​គល់​ធ្វើ​ស្មៅ និង​ស្រោច​ទឹក​បន្ត​រហូត​ដល់​ម្ទេស​ចេញ​ផ្លែ។​

ការប្រមូល​ផល​៖

​ក្រោយ​ពី​ដាំ​បាន​រយៈពេល ៤ ខែយើង​ចាប់​ប្រមូល​ផលដោយ​បេះ​តែ​ផ្លែ​ទុំ​ល្អ ឬក្រហម​ព្រឿងៗ។ ការ​បេះ​ផ្លែ​ធ្វើឡើង​រយៈពេល ១ អាទិត្យ​ម្តង។ អ្នក​បេះ​ផ្លែ​ម្ទេស​ម្តង​បាន ២០ គីឡូក្រាម លើ​ផ្ទៃដី ១០ អារ។​ ​ក្នុង​មួយ​ខួប​ជីវិតអ្នកអាច​បេះ​បាន​ប្រហែល ១២-១៣ ដង ឬ ២៤០ ទៅ ២៦០ គីឡូក្រាម។

ប្រភព៖ ភូមិកសិកម្ម

Loading…


ចំណាត់ក្រុម៖
មតិយោបល់