Active Sport

ដំណាក់កាលនិមួយៗនៃបច្ចេកទេសដាំដំណាំចេកឲ្យបានល្អ


ចុះផ្សាយ៖ ថ្ងៃទី ០២ មីនា ឆ្នាំ២០១៧ ម៉ោង ១១:០៩នាទី

ដំណាំចេកជាដំណាំដែលមានការដាំដុះច្រើនហើយបើនិយាយពីចេកនោះយើងនឹងដឹងថាវាមានផលប្រយោជន៍ជាច្រើនមិនថាស្លឹក ផ្លែ និងដើមនោះទេគឺមានប្រយោជន៌ច្រើនណាស់។ ពេលនេះយើងនឹងនិយាយរៀបរាប់នូវដំណាក់កាលមួយៗនេះការដាំដំណាំចេកដែលមានដូចខាងក្រោម។

ការរៀបចំដី៖

  • ភ្ជួរដីលើកទី១ដើម្បីសំលាប់ស្មៅ ១០ថ្ងៃក្រោយត្រូវភ្ជួរម្តងទៀត។

ការរៀបចំដាំ៖

  • ទុកចន្លោះពីរងនីមួយៗចម្ងាយ ២ម៉ែត្រ
  • ជីករណ្តៅទំហំ ៣តឹកx៣តឹកx៣តឹក
  • ដាក់ជីកំប៉ុស្ត៍ ៥គីឡូក្រាមក្នុង១រណ្តៅ
  • យកកូនចេកដែលមានកម្ពស់ប្រមាណ​៣តឹក ដែលមានដុះស្លឹកប្រមាណ៣ធាងសម្រាប់ការដាំ
  • ដាក់ដាំកូនចេកនៅចន្លោះកណ្តាលនៃរណ្តៅរួចលប់ដីបំពេញ ហើយត្រូវដាំកូនចេកទាំងអស់បែរទៅទិសតែមួយ (មើលតាមស្លឹកធាងដំបូង) ដើម្បីងាយស្រួលប្រមូលផល។
  • ពេលដាំរួចដាក់ចំបើងគ្របជុំវិញគល់របស់វារួចស្រោចទឹក។

ការថែទាំ និងដាក់ជី៖

  • ត្រូចធ្វើការស្រោចទឹកជាប្រចាំនៅពេលដែលដីនៅជុំវិញគល់របស់វាស្ងួត។
  • នៅពេលវាអាយុបាន ១-៣ខែ ដាក់ជី 20-10-10 ឬ 15-15-15 ១២៥-២៥០ក្រាម ក្នុងមួយដើម រាល់មួយខែម្តង។
  • នៅពេលវាអាយុបាន ៥-៧ខែ ដាក់ជី 13-13-21 ១២៥-២៥០ក្រាម ក្នុងមួយដើម។
  • ដាក់ជីកំប៉ុស្ត៍រាល់៣ខែម្តង និងត្រូវធ្វើការសម្ងាតស្មៅជាប្រចាំ។
  • ត្រូវកាត់ស្លឹកណាដែលរាងទុំលឿងចេញ ដើម្បីឲ្យវាមានសារធាតុគ្រប់គ្រាន់សម្រាប់ចិញ្ចឹមដើម និងផ្លែ។
  • រយៈពេល ៥ខែបន្ទាប់ពីការដាំត្រូវចងបង្គោលសម្រាប់ទប់ដើមចេកការពារការបាក់ដើមនៅពេលវាផ្លែ។
  • យកថង់ប្លាស្ទិច ឬការុងពណ៌ខៀវចងស្រោបត្រយោងចេក១៥ថ្ងៃ មុននឹងធ្វើការកាត់ប្រមូលផលដើម្បីឲ្យវាមានពណ៌ស្រស់ស្អាត និងការពារពីសត្វផ្សេងៗផងដែរដោយទុកចំហរផ្នែកចុងខាងក្រោមបន្តិច។
  • កាត់ចុងត្រយោងចេកចោលនៅពេលដែលវាចេញផ្លែដែលផ្លោសល្អអស់ហើយ។

ការប្រមូលផល៖

  • រយៈពេលប្រមាណ ១០ខែយើងអាចចាប់ផ្តើមប្រមូលផលបាន។
  • នៅពេលដែលប្រមូលផលពីដើមចេកណាមួយហើយយើងត្រូវកាត់ដើមនោះចោលដោយទុកកម្ពស់ប្រមាណ ១,៥ម៉ែត្រពីដីដើម្បីកុំឲ្យវាដណ្តើមជីវជាតិពីដើមដ៏ទៃ។
  • ការតាត់បែបនេះដើម្បីឲ្យចេកចេញកូនពន្លកថ្មីៗច្រើនបន្ថែមទៀតដែលអាចឲ្យយើងជីកយកកូនរបស់វាដាំបន្តទៀត។
  • បន្ទាប់ពីប្រមូលផលអស់ហើយយើងត្រូវដាំចេកដោយជីករណ្តៅថ្មីផ្សេងពីរណ្តៅចាស់ ហើយគល់ចេកនៅរណ្តៅចាស់វារលួយក្លាយជាជីសម្រាប់ចេកថ្មីបានផងដែរ។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់