វិធីបណ្តុះផ្សិតក្នុងជៀល


ចុះផ្សាយ៖ ថ្ងៃទី ០២ មីនា ឆ្នាំ២០១៧ ម៉ោង ១៤:៤៦នាទី

ដើម្បីបណ្តុះផ្សិតក្នុងជៀលទទួលបានផលល្អអ្នកត្រូវតែដឹងរឿង ៣យ៉ាងដែលរឿងទាំង ៣នោះមានដូចជាធាតុផ្សំ វិធីបណ្តុំ និងវិធីថែទាំ។

ធាតុផ្សំ៖

  • ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម
  • ម្សៅអង្ករក្រអូប ១ គីឡូក្រាម
  • ទឹកជី EM ២៥០មីលីលីត្រ
  • លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម
  • ម្សៅពោត
  • កំប្លោកចិញ្ច្រាំ

វិធីបណ្តុះ៖

  • លាយម្សៅអង្ករក្រអូប ១ គីឡូក្រាម ជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចឲ្យលិចចំបើងបាន។
  • ដាក់ត្រាំចំបើងលាយលាមកគោក្នុងទឹកនោះរយៈពេល ១ម៉ោង។
  • យកចំបើងដែលត្រាំរួចនោះមកញាត់ចូលជៀល (ទំហំជៀលមានអង្កត់ផ្ចិតប្រមាណ៥តឹក) ជាន់ទី១កម្ពស់២តឹក ឲ្យណែន រួចយកលាមកគោស្ងួត ទៅរោយបន្ថើរៗពីលើ រួចរោយម្សៅពោតបន្ថើរៗពីលើ និងដាក់កំប្លោកពីលើមួយជាន់ទៀត ដោយអនុវត្តបែបនេះចំនួន ៣ជាន់។
  • យកជៀលដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឬស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិច ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់។

ការថែទាំ៖

  • មួយអាទិត្យម្តង បើកផ្ទាំងសំពត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នឹងនាំអោយផ្សិតរលួយកូន ខានដុះចេញមក។
  • ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។
  • រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។
  • ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ និងម្សៅពោតសាជាថ្មី។

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់