Active Sport

យល់ដឹងខ្លះៗពី ពិធីក្នុងអាពាហ៍ពិពាហ៍ខ្មែរ


ចុះផ្សាយ៖ ថ្ងៃទី ១៦ មីនា ឆ្នាំ២០១២ ម៉ោង ១៦:០៥នាទី

យោងតាមសៀវភៅ ក្បួនអាពាហ៍ពិពាហ៍ខ្មែរ របស់អ្នកឧកញ្ញ៉ាមហាវិនិច្ឋ័យ នៅ បានរៀបរាប់ថាពិធីអាពាហ៍ពិពាហ៍ខ្មែរមានពិធីតូចៗជាច្រើនធ្វើតាមលំដាប់លំដោយ ហើយវាទាក់ទងទៅនឹងសម័យពុទ្ធកាល។ដូចជាពិធី៖

  • សុំស្លាកន្សែង
  • ផ្កាស្លា៣
  • យកពេលាកូនកំឡោះ និង តោងជាយស្បៃ
  • ស្រែក ជ័យហោង សួស្ដីហោង មែនហោង
  • បង្វិលពពិល
  • រាំសាដាន លុបដាន សាកន្ទេល
  • (ពិធីសែនក្រុងពលី ស្ដីដណ្ដឹង ហែរកំណត់ កាត់ផ្កាស្លា កាត់សក់ សូត្រមន្ដ សែនគួចដៃ ធ្វើធ្មេញ (ក្រាលអង្កររាប ធ្វើធ្មេញ ប្រតប់ធ្មេញ បរសេះ កាត់ខាន់ស្លា កប់ជីរ) យកពេលា ផ្ទឹមសំពះ ផ្សំដំណេក។)

ពិធីនិមួយៗសុទ្ធតែចេញពីដំណាល រឿងខុសៗគ្នា ខ្លះជារឿងព្រេង ខ្លះជារឿងទេវកថា ខ្លះជារឿងទាក់ទងនិងសម័យពុទ្ធកាល ខ្លះជារឿងបែបព្រហ្មញ្ញសាសនា។

ចូរវិភាគមើលថា ហេតុអ្វីពិធីមង្គលការខ្មែរតែមួយ មានពិធីតូចៗច្រើន ហើយពិធីទាំងនោះមានប្រភពខុសៗគ្នាទាំងអស់។ តើប្រទេសឥណ្ឌា ដែលកាន់ព្រះពុទ្ធសាសនា និង ព្រហ្មញ្ញសាសនា មុនប្រទេសខ្មែរ ពេលរៀបអាពាហ៍ពិពាហ៍កូនប្រុសស្រីមានពិធីទាំងអស់នេះដែរឬទេ? នេះជាអ្វីដែរកូនខ្មែរគួរធ្វើការវិភាគអត្ថន័យពិតក្នុងពិធីនិមួយៗ។

ចូរចាំពាក្យមួយឃ្លា ខ្មែរមិនមែនឥណ្ឌា ពុទ្ធសាសនាខ្មែរ និង ព្រហ្មញ្ញសាសនាខ្មែរ មិនដូចពុទ្ធសាសនាឥណ្ឌា និង ព្រហ្មញ្ញសាសនាក្នុងប្រទេសឥណ្ឌាទេ។

ខ្ញុំសូមលើកយករឿងមួយទាក់ទងនឹងពិធីរាំសាដាន លុបដាន សាកន្ទេលយកមកធ្វើការវិភាគ។ ក្នុងតំណាលតាមរឿងព្រេងខ្មែរបាននិទានថា កាលពីព្រេងនាយមាននាមឿនធំ ជាអ្នកបំរើស្ដេចក្នុងនគរពារាណសី បានពេញចិត្តកូនក្រមុំអ្នកស្រុកម្នាក់ ហើយបានទុកមាស៣ដំឡឹងបញ្ចាំចិត្ត ហើយសន្យាបីខែទៀតនឹងមករៀបការ។ តែពេលវេលាបីឆ្នាំកន្លងផុត អ្នកស្រុកក៏បានរៀបការអោយកូនអ្នកស្រុកជិតគ្នា ប៉ុន្ដែថ្ងៃរៀបការនាមឿនធំនោះបានមកដល់ ហើយក៏ផ្ទុះកំហឹងរួចហូតដាវសំលាប់បុរសសំពះការនោះស្លាប់ទៅ។ ពេលនោះមេបាក៏អញ្ជើញព្រាហ្មណ៍ ព្រឹទ្ធាចារ្យអោយសូត្រមន្ដរំងាប់ចង្រៃខ្មោចត្រង់កន្លែងបុរសស្លាប់ ហើយសាកន្ទេលចោលទៅ (ពិធីសាកន្ទេលក្នុងអាពាហ៍ពិពាហ៍ខ្មែរ) ។ ក្រោយមកព្រាហ្មព្រឹទ្ធាចារ្យបានវិភាគពីឬទ្ធីនៃដាវដែលដណ្ដើមយកប្រពន្ធបានមកវិញ បន្ទាប់ពីពេលនោះគេយកដាវនោះមកប្រើក្នុងពិធីសំពះផ្ទឹម (សំពះផ្ទឹមកាន់ដាវក្នុងអាពាហ៍ពិពាហ៍ខ្មែរ)។

យោងតាមរឿងព្រេងខាងលើនេះ តើពិធីរាំសាកន្ទេល បុរសដែលជាស្វាមីត្រូវនាមឿនសំលាប់ ហើយយកដាវមកសំពះផ្ទឹមទៀតនោះ សមជាពិធីមង្គលដែលត្រូវអនុវត្តន៍ក្នុងពិធីមង្គលការ ដែលជាពិធីសិរីសួស្ដីដល់កូនប្រុសស្រីដែរឬទេ? ប្រសិនបើយើងធ្វើការវិភាគលើរឿងព្រេង រឿងទេវកថា ឬ គម្ពីរពុទ្ធសាសនានិង ព្រហ្មញ្ញសាសនា ដែលសរសេរដោយ បុព្វបុរសខ្មែរ និង អ្នកប្រាជ្ញខ្មែរ សុទ្ធតែមានបង្កប់ន័យធៀបទាំងអស់ ហើយអត្ថន័យពិតនោះ គឺអាស្រ័យលើការប្រើប្រាជ្ញារបស់កូនខ្មែរទៅវិភាគលើរឿងទាំងអស់នោះបានដល់កំរិតណា។

ហេតុអ្វីបានមានពិធី សាដាន លុបដាន សាកន្ទេល លក់កន្ទេល? សាដាន (សាស្នាមដានអតីតកាល) លុបដាន (លុបបំបាត់ស្នាមដានអតីតកាល) សាកន្ទេល (សាទ្រព្យសម្បត្តិ សាផ្ទះរបស់ម្ចាស់ផ្ទះ) លក់កន្ទេល (លក់សម្បត្តិ លក់ផ្ទះនោះអោយគេ)។ បើស្នាមត្រូវបានសា ហើយ លុប សូម្បីតែផ្ទះក៏ត្រូវលក់ទៀត តើកូនចៅម្ចាស់ផ្ទះធ្វើម្ដេចនឹងស្គាល់ពីភូមិកំណើត មាតុភូមិ ខ្លូនឯងនៅឯណា មានប្រវត្តិយ៉ាងណានោះ។

នេះគ្រាន់តែពិធីតូចមួយដែលយកមកធ្វើការវិភាគ។ ចូរវិភាគនៅពិធី និមួយៗក្នុង ពិធីមង្គលការ អ្នកនឹងឃើញមានចំនុច គួរវិភាគច្រើនជាងនេះទៅទៀត ដែលបច្ចុប្បន្ន កូនខ្មែរ គ្រួសារខ្មែរ ចេះតែធ្វើបានអាចារ្យ ហើយមិនបានយល់ច្បាស់ពីអត្ថន័យពិតរបស់វា។ ដូចដូនតាខ្មែរបាននិពន្ធរឿង អាជ័យធ្លាក់ទឹក ហៃអើ ហៃអើ ដូច្នោះឯង។

ហេតុអ្វី ម្ដាយ ឳពុកត្រូវពិសាស្លាម្លូ? ហេតុអ្វី បានមានបុរសម្នាក់ឈ្មោះ ជ័យ ម្នាក់ទៀតឈ្មោះ សួស្ដី (ជ័យហោង សួស្ដហោង មែនហោង)? អ្វីទៅដែលហៅថាពិធី កប់ជី?

រៀបរៀងដោយ៖ សុខ គឹមហេង

 

Loading…


ចំណាត់ក្រុម៖
មតិយោបល់