Active Sport

វិធីសាស្ត្រដាំត្រសក់ផ្អែម


ចុះផ្សាយ៖ ថ្ងៃទី ០៦ មីនា ឆ្នាំ២០១៧ ម៉ោង ២១:៤០នាទី

ត្រសក់ផ្អែម ឬមីឡុងជាដំណាំដែលមិនសូវមានការដាំដុះនៅក្នុងប្រទេសកម្ពុជាទេ។ ប៉ុន្តែកសិករនៅតំបន់មួយចំនួននិយមដាំ ព្រោះមានការនិយមចូលចិត្ត បរិភោគ និងមានតំលៃថ្លៃនៅលើទីផ្សារ។

ការរៀបចំដី៖

ដីដែលត្រូវដាំត្រសក់ផ្អែម ត្រូវជ្រើសរើសដីខ្ពស់មិនលិចទឹកនៅរដូវវស្សាតែចំពោះរដូវប្រាំង អាចដាំនៅលើដីស្រែ ប៉ុន្តែត្រូវនៅជិតប្រភពទឹកដើម្បីងាយស្រួលក្នុងការស្រោចស្រព។ មុនដាំត្រូវភ្ជួរដីហាលចោល ១សប្តាហ៍ ។ បន្ទាប់មក បាចជីលាមកសត្វពុកផុយ ឬជីកំប៉ុស្ត រួចភ្ជួរបង្កប់ជីទៅក្នុងដី ទុកចោលរយៈពេល ២ ថ្ងៃ ទើបរាស់ឲ្យស្មើរូចកាប់ជារណ្តៅដាំដោយទុកចន្លោះ ពីរណ្តៅមួយ ទៅរណ្តៅមួយ ៣តឹក ។

ការជ្រើសរើសពូជ៖ ពូជត្រសក់ដែលគាត់ដាំមាន ៣ ប្រភេទ

  • ពូជសាច់ពណ៌លឿង (សូវ៉ិត) នាំមកពីប្រទេសថៃ
  • ពូជសំបកលឿង សាច់ពណ៌ខៀវ (ពូជស៊ីថង) នាំមកពីប្រទេសថៃ
  • ពូជសំបកខៀវ សាច់ខៀវ (ពូជតាខាយ) នាំមកពីប្រទេសចិន។ ត្រសក់ទាំង ៣ពូជ នេះមានការនិយមចូលចិត្តច្រើននៅតាមទីផ្សារ។

ការបណ្តុះកូន៖

មុនដាំ យើងយកគ្រាប់ទៅបណ្តុះដាក់ក្នុងថង់ប្លាស្ទិក។ លាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វ ដាក់ចូលក្នុងថង់រួចយកគ្រាប់ទៅបណ្តុះដោយដាក់ ១ គ្រាប់ក្នុងមួយថង់ ។ បណ្តុះកូនរួច ត្រួវគ្របវារយៈពេល ៣ ថ្ងៃ ៣យប់ និងស្រោចទឹកថែទាំរហូតដល់រយៈពេល ១០ថ្ងៃ ទើបអាចយកកូនទៅដាំក្នុងរណ្តៅ ។

ការដាំ៖

មុនដាំ ត្រូវរៀបចំរណ្តៅដោយដាក់ជីកំប៉ុស្ត ឬជីលាមកមាន់ (ទ្រាប់បាត) ក្នុងមួយរណ្តៅ ១ បង្គី ដោយដាំចន្លោះពីគុម្ពមួយ ទៅមួយ ៣តឹក ។ ពេលដាំរួច ត្រូវស្រោចទឹកបន្ទាប់មកយកកៅស៊ូប្លាស្ទិកមកគ្របពីលើរង(កៅស៊ូនោះ ចោះរន្ធតូចៗដើម្បីឲ្យមានខ្យល់ចេញចូល) ។ ការគ្របកៅស៊ូនេះ គឺដើម្បីការពារដីមានសំណើម និងមិនមានសត្វល្អិតបំផ្លាញ ព្រមទាំងមិនឲ្យស្មៅដុះផង ។

ការថែទាំ៖

ក្នុងមួយថ្ងៃស្រោចទឹក ១ ដង។ នៅពេលត្រសក់ដុះបានអាយុពី ២០-៣០ថ្ងៃ ត្រូវដាក់ជីបំប៉នបន្ថែមដោយប្រើជីលាមកមាន់ និងជីកំប៉ុស្ត (ដាក់ជីបំប៉ននៅចន្លោះរង) ។ ត្រសក់ដុះបាន ៧សន្លឹក ត្រូវធ្វើការចងទ្រើងឲ្យត្រសក់វារឡើង ។ នៅពេលកូនត្រសក់មានស្លឹក ១៤ ត្រូវបេះខ្នែង ដែលមានក្រោមស្លឹកទី៤ នោះចោល ។ នៅលើសន្លឹកទី១៤ នោះត្រូវទុក ខ្នែង ៣ វិញសំរាប់ទុកយកផ្លែ។ ហើយនៅពីលើខ្នែងទាំង ៣ ដែលទុកនោះ បើមានខ្នែងផ្សេងទៀតដុះមកត្រូវបេះវាចោល ។ ត្រសក់ផ្លែល្អ នៅចន្លោះខ្នែងទី១៤ នេះទៅដល់ខ្នែង ១៦ ។ លើខ្នែងទាំងបីនេះមានផ្លែ ៣ តែយើងត្រូវទុកតែមួយផ្លែទេ ដោយជ្រើសរើសផ្លែណាដែលល្អជាងគេ។

ត្រសក់ច្រើនជួបប្រទះបញ្ហា ដង្កូវចោះស្លឹក និងជំងឺស្លឹកក្រហម ។ ក្នុងការទប់ទល់ជាមួយសត្វល្អិតបំផ្លាញ គាត់បានប្រើថ្នាំផ្សំពីរុក្ខជាតិដូចខាងក្រោម៖

ធាតុផ្សំមាន៖ គ្រាប់ប៉ិកួ ៥គីឡូក្រាម, គ្រាប់ស្លាក់ ៥គីឡូក្រាម, គ្រាប់ស្លែង ៥គីឡូក្រាម, បណ្តូលពេជ្រ ១០គីឡូក្រាម ។

វិធីធ្វើ៖ យកធាតុផ្សំខាងលើនេះមកចិញ្ច្រាំឲ្យម៉ដ្ឋ រួចដាក់ក្នុងពាង បន្ទាប់មកចាក់ទឹកដាក់ត្រាំ ចំនួន ២៤០លីត្រ ទុករយៈពេល ១៥ថ្ងៃ ទើបអាចយកទៅប្រើប្រាស់បាន។ ក្នុងរយៈពេលរក្សាទុក ត្រូវបើកគម្របពាងកូរ ១ថ្ងៃម្តង ដើម្បីឲ្យថ្នាំឆាប់កាច់។

វិធីប្រើប្រាស់៖ នៅពេលប្រើយកទឹកថ្នាំ ៣លីត្រ លាយជាមួយទឹកធម្មតាចំនួន ២០ លីត្រស្រោចទៅលើត្រសក់ (ស្រោចនៅពេលល្ងាច) ។ ថ្នាំនេះ អាចបណ្តេញសត្វបានគ្រប់ប្រភេទនៅលើដំណាំត្រសក់ផ្អែម។

ការប្រមូលផល៖ ត្រសក់ផ្អែម អាចប្រមូលផលបាន នៅអាយុ ៦០-៧០ថ្ងៃក្រោយពីដាំ។ នៅលើផ្ទៃដី ២អារ ដាំគ្រាប់អស់ ៦កំប៉ុង អស់ទឹកប្រាក់ប្រហែល ៧២០.០០០រៀល។ ចំណែកប្រាក់ចំណូលទទួលបានគិតជាមធ្យម ៧០០ដុល្លារ ក្នុងមួយរដូវនៃការដាំរយៈពេល ៦០ថ្ងៃ ។

សរុបមកបច្ចេកទេសសំខាន់ៗក្នុងការដាំត្រសក់ផ្អែមមាន៖

  • ដាំលើដីខ្ពស់ ជៀសវាងការជាំទឹកនៅរដូវវស្សា
  • ភ្ជួរដីហាលឲ្យស្ងួត និងប្រើជីលាមកសត្វពុកផុយទ្រាប់បាត
  • កាប់រណ្តៅដោយទុកចន្លោះពីរណ្តៅមួយទៅមួយ ៣តឹក
  • លាយដីជាមួយជីកំប៉ុស្តច្របល់ឲ្យសព្វដាក់ក្នុងកូនថង់សំរាប់បណ្តុះ
  • ជីករណ្តៅដាំដោយដាក់ជីកំប៉ុស្ត ១ បង្គី ក្នុងមួយរណ្តៅ
  • ជ្រើសរើសកូនត្រសក់ថ្លោសៗមកដាក់ដាំក្នុងរណ្តៅ
  • ក្រាលកៅស៊ូប្លាស្ទិកលើរងក្រោយពីដាំរួច ដើម្បីការពារកុំឲ្យហួតសំណើម និងដុះស្មៅ
  • ទុកត្រសក់ឲ្យផ្លែនៅចន្លោះខ្នែងទី១៥ និងទី១៦ ដោយទុកតែមួយផ្លែ
  • ថែទាំស្រោចទឹក និងដាក់ជីបំប៉ន ព្រមទាំងបេះខ្នែងខ្លះចោល
  • ប្រើថ្នាំផ្សំពីរុក្ខជាតិ គ្រាប់ប៉ិកួៈ ស្លាក់ ស្លែង និងបណ្តូលពេជ្រនៅពេលមានសត្វល្អិតបំផ្លាញ

ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត

Loading…


ចំណាត់ក្រុម៖
មតិយោបល់