វិធី​ ១០យ៉ាងដើម្បីព្យាបាល​អាការៈ​ឈឺ​ក្បាល​សុដន់​ក្នុង​ពេល​មាន​កូន


ចុះផ្សាយ៖ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៧ ម៉ោង ១៩:៥៨នាទី

ស្ត្រី​ភាគច្រើន​ដឹងថា រាងកាយ​របស់​ពួកគេ​នឹង​ប្រែប្រួល​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ ប៉ុន្តែ​ស្ត្រី​ទើបតែ​មាន​ផ្ទៃពោះ​ដំបូង​ជាច្រើន​មិន​បាន​ដឹងថា ឈឺ​ក្បាល​សុដន់​ជា​សញ្ញា​ចាប់ផ្តើម​មាន​គភ៌ និង​បន្ត​ពេញ​រយៈពេល ៩​ខែ​ឡើយ​។ ជា​ការពិត​ណាស់ អាការៈ​ឈឺ​ក្បាល​សុដន់​អាច​ជា​សញ្ញា​ដំបូង​នៃ​ការមាន​ផ្ទៃពោះ ដែល​ស្ត្រី​ត្រូវ​ជួបប្រទះ​។ ការឈឺចាប់​នេះ​ផ្តើមពី​សុដន់​ទន់ជ្រាយ​រហូតដល់​ចាក់​ឆៀបៗ រួច​ឈឺ​តែម្តង​។

អាការៈ​ឈឺ​ក្បាល​សុដន់​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះការរំខាន និង​មិន​សុខ​ក្នុង​ខ្លួន ឈឺ​ក្បាល​សុដន់ ជា​សញ្ញា​មួយ​បញ្ជាក់​ថា រាងកាយ​របស់​អ្នក​កំពុង​ត្រៀម​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ទារក​ក្រោយ​ពេល​សម្រាល​។

វិធី​ព្យាបាល​អាការៈ​ឈឺ​ក្បាល​សុដន់​ក្នុង​ពេល​មាន​កូន

១. ពាក់​អាវទ្រនាប់​ឱ្យបាន​ត្រឹមត្រូវ៖ ចៀសវាង​ពាក់​អាវទ្រនាប់​មាន​ខ្សែក្រោម ព្រោះ​តាម​ធម្មតា​វា​ធ្វើឱ្យ​ស្ត្រី​មិន​សុខស្រួល​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​។ ម្តាយ​ត្រូវ​ពាក់​អាវទ្រនាប់​កីឡា វា​នឹង​អាច​ជួយ​ឱ្យ​សុដន់​អ្នក​នៅចំ​កន្លែង កាត់បន្ថយ​ការមិនសុខស្រួល និង​ជួយ​ឱ្យ​សុដន់​កាន់តែ​ធំ​។ អាវទ្រនាប់​សាច់ក្រណាត់​ក្រាស់​ក៏​អាច​ជួយ​កាត់បន្ថយ​ការរលាក​ក្បាល​សុដន់​ផងដែរ​។

២. ពាក់​អាវទ្រនាប់​ដែល​សមល្មម៖ ការពាក់​អាវទ្រនាប់​តឹងណែន​ពេក​នឹង​បង្កើន​ការឈឺចាប់ និង​មិន​សុខស្រួល សំខាន់​ត្រូវ​ពាក់​ទ្រនាប់​មាន​ទំហំ​ប៉ុង​ត្រឹមត្រូវ​។ ហើយ​ត្រូវ​គិតថា សុដន់​អ្នក​នឹង​បន្ត​កាន់តែ​ធំឡើង​ថែម​ទៀត ដូច្នេះ​អ្នក​ត្រូវ​ពង្រីក​ទំហំ​ប៉ុង​តាម​តម្រូវការ​។

៣. ពាក់​អាវទ្រនាប់​គេង៖ ស្ត្រី​មាន​គភ៌​ជាច្រើន​គេង​ពាក់​អាវទ្រនាប់​កីឡា​ ព្រោះ​វា​អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់​នៅពេល​យប់​។ ត្រូវ​ប្រាកដ​ថា អាវទ្រនាប់​របស់​អ្នក​មិន​តឹង​ពេក អាច​រាំងស្ទះ​ដល់​លំហូរឈាម​។

៤. ប៉ុង​អាវទ្រនាប់៖ ក្នុង​សប្តាហ៍​ដំបូង​នៃ​ការមាន​ផ្ទៃពោះ ក្បាលសុដន់​ងាយនឹង​ឈឺចាប់​ខ្លាំង​។ នេះ​អាច​ពិតជា​ពិបាក​នឹង​ដោះស្រាយហើយ​ប៉ុង​អាវទ្រនាប់​ធម្មតា​របស់​អ្នក​អាច​បណ្តាលឱ្យ​រលាក ជាពិសេស​សាច់ក្រណាត់​ស្បៃ​។ ការពាក់​ប៉ុង​អាច​ជួយ​ការពារពី​ការរលាក​ក្បាល​សុដន់ និង​កាត់បន្ថយ​ការឈឺចាប់​។

៥. ទឹក៖ ទឹក​ក្តៅ​អ៊ុនៗ​អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់​របស់​អ្នក​។ ជួនកាល ងូតទឹក​ផ្កាឈូក​បង្កើន​ការរលាក បើសិន​ទឹកបាញ់​មក​ខ្លាំង ឬ​ធ្លាក់​ចំ​សុដន់​របស់​អ្នក​។ ងូត​ទឹកក្តៅ​អ៊ុនៗ ថ្នមៗ​ឱ្យ​លំហូរទឹក​លើ​ក្បាល​សុដន់ និង​សុដន់​អាច​បំបាត់​ការឈឺចាប់​។

៦. ស្អំ​ទឹកត្រជាក់៖ សីតុណ្ហភាព​សុដន់​របស់​អ្នក​នឹង​កើនឡើង ដោយសារ​កំណើន​លំហូរឈាម​។ បញ្ហា​នេះ​នឹង​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ឈឺ​ពើត មិន​អាច​អត់ទ្រាំ​បាន​។ អ្នក​អាច​កាត់បន្ថយ​អាការៈ​នេះ​បាន​ដោយ​យក​ក្រណាត់​ត្រាំ​ទឹក​ត្រជាក់​ កញ្ចប់​ទឹកកក ឬ​ស្លឹក​ស្ពៃក្តោប​ត្រជាក់​ស្អំលើ​សុដន់​។

៧. ចៀសវាង​ផលិតផល​ធ្វើឱ្យ​រលាក៖ ចៀសវាង​ការប្រើ​សាប៊ូ វា​អាច​បណ្តាលឱ្យ​ស្បែក​សុដន់ និង​ក្បាល​សុដន់​ស្ងួត ងាយនឹង​ធ្វើឱ្យ​រលាក​។ ក្រែម​ផ្ទុក​ជាតិ​ផ្កា​កាឡេនដូឡា​(calendula) និង​ឆាម៉ូមៀល​(chamomile) អាច​ជួយ​កាត់បន្ថយ​ការឈឺចាប់​។ ប្រេងដូង​ធម្មជាតិ​ក៏​អាច​ជួយ​បាន​ដែរ​។

៨. ព្យាបាល​បន្តិចៗ៖ អ្នក​គួរ​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​តាម​ដែល​អ្នក​អាច ដើម្បី​ចៀសវាង​ពី​ការប៉ះ​ក្បាល​សុដន់​ក្នុង​ពេល​មាន​ផ្ទៃពោះ​។ ត្រូវឱ្យ​ស្វាមី​ដឹង និង​មិន​ឱ្យ​ស្ទាបអង្អែល​សុដន់​អ្នក​ក្នុងពេល​រួមភេទ ឬ​ឱប​ពេល​អង្គុយ​លើ​សាឡុង​។

៩. ឈឺក្បាល​សុដន់​ពេល​បំបៅ​ដោះ​កូន៖ ប្រសិនបើ​អ្នក​បំបៅ​ដោះ​កូន ហើយ​មាន​ការឈឺចាប់ អ្នក​គួរ​ព្យាយាម​បន្លប់​ខ្លួនឯង​ទៅ​អាន​សៀវភៅ ឬ​មើល​ទូរទស្សន៍​ក្នុងពេល​បំបៅដោះ​។

១០. រក្សា​ជាតិទឹក៖ អ្នក​គួរ​ទទួលទាន​ទឹក​ឱ្យបាន​គ្រប់គ្រាន់​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​។ កាត់បន្ថយ​ការទទួលទាន​ប្រៃ​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់