ហេតុអ្វីបានជាឪពុក​ម្តាយ​មិន​គួរ​បន្លាច​កូនតូចរបស់ខ្លួន


ចុះផ្សាយ៖ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:០៣នាទី

បទពិសោធន៍របស់ឪពុក និងម្តាយម្នាក់ៗសុទ្ធតែខុសៗពីគ្នា។ វិធីសម្លឹងមើល​បញ្ហា វិធី​ដោះស្រាយ​បញ្ហា និង​វិធី​ទទួលស្គាល់​លទ្ធផល​នឹង​មិន​ដូចគ្នា​ឡើយ​។ ដូចគ្នា​នឹង​ករណី​បន្លាច​កូន​នេះ​ផងដែរ​។

ឪពុកម្តាយ​ជាច្រើន​ចូលចិត្ត​បន្លាច​កូន​ដោយសារ​ហេតុផល​ផ្សេងៗ​។ ឪពុកម្តាយ​ខ្លះ​បន្លាច​កូន​ដោយ​ការហៅ​ឈ្មោះ​តួអង្គ​ណាម្នាក់ ខ្លះ​ស្រែក​ដាក់​កូន និង​ខ្លះទៀត​វៃ​កូន ហើយ​ប្រាប់​កូន​ថា នឹង​ទុកឱ្យ​នៅ​ម្នាក់ឯង​បើ​នៅតែ​ខូច​ទៀត​។

មិនថា​ហេតុផល​អ្វី​ទេ ការបន្លាច​កូន​មិនមែន​ជា​ទង្វើ​ល្អ​ឡើយ​។ ប្រសិនបើ​អ្នក​បន្លាច​កូន វា​នឹង​បង្ក​បញ្ហា​ដល់​ខួរក្បាល និង​ផ្លូវចិត្ត​របស់​ក្មេង​។ ខាងក្រោម​នេះ​ជា​ហេតុផល ៥យ៉ាង​ដែល​អ្នក​មិនគួរ​បន្លាច​កូន​តូច​៖

បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង៖ ការបន្លាច​កូន​តូច​នឹង​ធ្វើឱ្យ​គេ​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង​។ ពេល​អ្នក​បន្លាច​គេ គេ​នឹង​មាន​អារម្មណ៍​ភ័យ​ខ្លាច​។

ឆាប់ភ័យ៖ ពេល​ក្មេង​ខ្លាច គេ​នឹង​ឆាប់​ភ័យ បើទោះបីជា​មាន​វត្តមាន​របស់​អ្នក និង​គូស្នេហ៍​របស់អ្នក​ក៏ដោយ​។ អ្វី​ដែល​សំខាន់​ ត្រូវ​រក្សា​ខួរក្បាល និង​ផ្លូវចិត្ត​របស់​កូន​ឆ្ពោះ​ទៅរក​ពិភពលោក​វិជ្ជមាន​។

ខ្វល់ខ្វាយ៖ ឪពុកម្តាយ​ជាច្រើន​តែងតែ​និយាយ​ប្រាប់​កូន​ថា “ចាំ​មើល​ពេល​ប៉ាម៉ាក់​ទៅ​ក្រៅ​អត់​យក​ទៅ​ជាមួយ​ទេ” ដើម្បី​ឱ្យ​កូន​ញ៉ាំ​អាហារ ឬ​ឈប់​យំ​។ ប៉ុន្តែ​នេះ​ជា​ទង្វើ​មិនល្អ​ឡើយ​។ វា​នឹង​ធ្វើឱ្យ​ក្មេង​ខ្វល់​ចិត្ត ខ្លាច​អ្នក​ទុកគេ​ឱ្យ​នៅ​ម្នាក់ឯង​។

បង្កើត​គំនិត​អវិជ្ជមាន៖ ក្មេង​នៅតូច​ណាស់។ គេ​នឹង​ជឿ​លើ​អ្វី​ដែល​អ្នក​និយាយ ធ្វើឱ្យ​គេ​មាន​គំនិត​អវិជ្ជមាន​នៅពេល​អ្នក​បន្លាច​គេ​។ នៅពេល​ក្មេង​ខ្លាច គេ​ក៏​មាន​គំនិត​អវិជ្ជមាន​នឹង​មនុស្ស​ដទៃ​ផ្សេង​ទៀត​ដែរ​។

បញ្ហា​ផ្លូវអារម្មណ៍៖ ប្រសិនបើ​ក្មេង​ខ្លាច​អ្វីមួយ​ខ្លាំង គេ​ច្រើន​នឹង​ចាំ​វា​ទុក​ក្នុងចិត្ត​ពេញ​មួយជីវិត​របស់​គេ​។ នៅពេល​គេ​ធំឡើង យើង​គិត​ថា គេ​បាន​ភ្លេច​វា​ហើយ​។ ប៉ុន្តែ​តាម​ការពិត វា​ដក់​ជាប់​ក្នុង​ចិត្ត​គេ​រហូតមក​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់