៤ យ៉ាងដើម្បីជៀសវាងពី​ការ​រលូត​កូន


ចុះផ្សាយ៖ ថ្ងៃទី ១១ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:២៧នាទី

ការប្រែពីភាពសប្បាយរីករាយនឹងការមានផ្ទៃពោះទៅជាការរលូតកូនវិញ ជា​ភាពតក់ស្លុត​បំផុត​សម្រាប់​ស្ត្រី​គ្រប់​រូប។ គ្មាន​វិធី​ជាក់លាក់​ណាមួយ​អាច​ចៀសវាង​ពី​ការរលូត​កូន​បាន​ឡើយប៉ុន្តែ​អ្នក​ជំនាញ​សុខភាព​ជាច្រើន​បាន​និយាយ​ថា អ្នក​អាច​បង្កើន​ឱកាស​នៃ​ការមាន​ផ្ទៃពោះ​បាន​ជោគជ័យ ដោយ​ការមើល​ថែ​សុខភាព​ខ្លួនឯង​ឱ្យ​បាន​ល្អ។ ការរលូត​កូនជា​ភាពបាត់បង់​ការមាន​ផ្ទៃពោះ ដែល​កើតឡើង​មុនពេល​គភ៌​ត្រូវ​បាន​សង្គ្រោះ​ចេញ​មក​ក្រៅ​ស្បូន។ ខាងក្រោម​នេះ​ជា​វិធី​ការពារ ឬ​កាត់បន្ថយ​គ្រោះថ្នាក់​មួយ​ចំនួន​ពី​ការរលូត​កូន៖

ធ្វើតេស្ត៖ ឧស្សាហ៍​ទៅ​ពិនិត្យ និង​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ទាក់ទងនឹង​ជំងឺ​កាមរោគ។ គ្រោះថ្នាក់​នៃ​ការរលូត​កូន​បណ្តាល​មកពី​ស្ត្រី​ឆ្លង​ជំងឺ​កាមរោគ​ដូចជា ប្រមេះ ស្វាយ អេដស៍។

ធ្វើ​លំហាត់​ប្រាណ​ឱ្យបាន​គ្រប់គ្រាន់៖ ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ទៀងទាត់ តែ​កុំ​ដាក់​សម្ពាធ​លើ​ខ្លួនឯង។ អត្រា​គ្រោះថ្នាក់​ដោយសារ​រលូត​កូន​មាន​ការកើនឡើង​នៅពេល​ធ្វើ​លំហាត់​ប្រាណ​ជ្រុល (ដូចជា រត់​ខ្លាំង​ពេក)។ ការដើរ​ជំហ៊ាន​ខ្លីៗ ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការធ្វើ​លំហាត់​ប្រាណ។ យល់​ល្អ​ត្រូវ​ចាប់ផ្តើម​យឺតៗ ដើម្បី​ចៀសវាង​ពី​ការរបួស ឬ​ដួល។

ចាក់​វ៉ាក់សាំង៖ ការឆ្លងមេរោគ​ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​ងាយនឹង​ប្រឈម​ការរលូត​កូន។ ប្រសិនបើ​អ្នក​សង្ស័យ​ថា ខកខាន​មិន​បាន​ចាក់​វ៉ាក់សាំង​ដូចជា កញ្ជ្រិល ស្អូច ឬ​អុតធំ​កាលពី​នៅ​ក្មេង គួរ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត។

ទទួលទាន​អាហារ​ជំនួយ​សុខភាព៖ ការទទួលទាន​អាហារ​ជំនួយ​សុខភាព​ពិតជា​សំខាន់​ចំពោះ​មនុស្ស​គ្រប់រូប ប៉ុន្តែ​កាន់តែ​សំខាន់​ច្រើន​ជាង​នេះ​ទៀត​នៅពេល​អ្នក​មាន​ផ្ទៃពោះ។ របប​អាហារ​របស់​អ្នក​គួរ​មាន ផលិត​អាហារ​ធ្វើពី​ស្រូវ​សាឡី (អង្ករ​សម្រូប គ្រាប់​ធញ្ញជាតិ នំប៉័ង) បន្លែ ផ្លែឈើ​ឱ្យ​បាន​គ្រប់គ្រាន់ ផលិតផល​ទឹកដោះគោ​ជា​ប្រចាំ។ ចៀសវាង​អាហារ​ផ្ទុក​ជាតិ​ខ្លាញ់​មិន​ល្អ អាហារ​ផ្ទុក​ជាតិ​កាបូហៃដ្រាត ឬ​ជាតិ​ស្ករ ត្រី និង​សាច់ឆៅ ផលិតផល​ទឹកដោះគោ​មិន​ទាន់​បាន​ឆ្លងកាត់​ការចម្អិន ព្រោះ​វា​ងាយ​នឹង​ឆ្លង​មេរោគ​ដល់​អ្នក។

ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត៖ ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ឆ្កួត​ជ្រូក ងាយនឹង​ប្រឈម​ការរលូត​កូន។ តែ​ទោះបីជាយ៉ាងណា ប្រសិនបើ​អ្នក​មាន​ជំងឺ​ទាំងនេះ សូម​កុំ​ពិបាក​ចិត្ត ព្រោះ​អ្នក​នៅតែ​បន្ត​មាន​ផ្ទៃពោះ​ធម្មតា ទារក​មាន​សុខភាព​ល្អ នៅពេល​ទទួល​បាន​ការព្យាបាល និង​ថែទាំ​ត្រឹមត្រូវ។ ពិភាក្សា​នឹង​វេជ្ជបណ្ឌិត​ពី​ប្រវត្តិ​គ្រួសារ​ធ្លាប់​ជួបនឹង​បញ្ហា​គ្មាន​កូន ធ្លាក់​ឈាម​ខុស​ធម្មតា រលូត​កូន​ញឹកញាប់ ឬ​ជំងឺ​ផ្សេងៗ​ទៀត។

ហាម​ជក់​ថ្នាំ សេព​ជាតិ​ស្រវឹង កាហ្វេ និង​ថ្នាំ​ញៀន៖ របស់​អស់​នេះ​អាច​ប៉ះពាល់ដល់​ទារក ឬ​បង្ក​បញ្ហា​ស្មុគស្មាញ​ដល់​ផ្ទៃពោះ តែ​ស្ត្រី​ជាច្រើន​មិន​បាន​ដឹង ហើយ​នៅតែ​បន្ត​ធ្វើ​វា​ទៀត។ ការជក់បារី និង​ផឹកស្រា​ធ្វើឱ្យ​ស្ត្រី​ងាយនឹង​រលូត​កូន។ មិន​ត្រឹមតែ​អ្នក​ជក់​ប៉ុណ្ណោះ​ទេ តែ​អ្នក​នៅក្បែរ​ក៏​គ្រោះថ្នាក់​ដែរ។ កំណត់​ការទទួលទាន​កាហ្វេ​ត្រឹមតែ ១-២ពែង​ក្នុង ១ថ្ងៃ កុំ​ឱ្យ​លើសពី​នេះ។

ពិនិត្យ​មើល​ថ្នាំ​របស់​អ្នក៖ ត្រូវ​ប្រឹក្សា​យោបល់​ពី​វេជ្ជបណ្ឌិត​ជា​មុន​សិន ចំពោះ​រាល់​ថ្នាំ​ទាំងឡាយ​ដែល​អ្នក​ត្រូវ​ប្រើ ព្រោះ​ថ្នាំ​ជាច្រើន​អាច​បណ្តាល​ឱ្យ​គភ៌​ខុស​ប្រក្រតី និង​រលូត​កូន។

សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់៖ គេង​យ៉ាងតិចណាស់​ឱ្យ​បាន ៨ម៉ោង​ជារៀងរាល់​យប់ ប្រសិនបើ​ចាំ​បាច់ គួរ​គេង​ថ្ងៃ​ខ្លះ។ កុំ​ធ្វើ​ឱ្យ​ខ្លួនឯង​មាន​ភាពតានតឹង និង​សម្ពាធ​ការងារ​ច្រើន។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់