Active Sport

រឿង ៣យ៉ាងដែលអ្នកត្រូវធ្វើពេលកូនតូចរបស់អ្នកចេះ​វារ​


ចុះផ្សាយ៖ ថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:២៣នាទី

នៅពេល​កូន​របស់អ្នក​ចាប់ផ្តើម​ចេះ​វារ​ ក្រៅពី​ទាញ​កាមេរ៉ា​ថតវីដេអូ​ អ្នក​ក៏​ត្រូវ​ធ្វើ​រឿង​សំខាន់ៗ​ផ្សេងទៀត​ផង​ដែរ​។​ ក្នុង​ដំណាក់កាល​នេះ​ក្មេង​កំពុង​លូតលាស់​ ធំធាត់​ តែ​ក៏​អាច​ប្រឈមនឹង​ជំងឺ​ របួស​ផងដែរ​។​ អ្នក​ត្រូវ​ដឹងពី​វិធី​អនាម័យ​ និង​ផ្តល់​សុវត្ថិភាព​ដល់​កូនតូច​ក្នុង​ផ្ទះ​។​ ប៉ុន្តែ​នៅពេល​កូន​អ្នក​ចេះ​វារ​ នោះ​របៀប​រៀបរយ​ក្នុងផ្ទះ​ និង​អនាម័យ​នឹងត្រូវ​ផ្លាស់ប្តូរ​ម្តងទៀត​។​ ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​មួយចំនួន​អាច​ជួយ​ដល់​អ្នក​បាន​ ពេល​កូន​ចេះ​វារ​៖

អនាម័យ​ក្នុង​ផ្ទះ៖ ឥលូវ​នេះ​ កូន​របស់​អ្នក​កំពុង​ឋិតក្នុង​ដំណាក់កាល​លូតលាស់​ដំបូង​។​ អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ឱ្យបាន​ច្រើន​ចំពោះ​អនាម័យ​។​ ពីមុន​គេ​នៅ​មួយកន្លែង​ តែ​ពេលនេះ​គេ​ធ្វើ​សកម្មភាព​ដោយ​សេរី​។​ គេ​នឹង​វារ​ឡើង​កាំ​ជណ្តើរ​កាំ​ទី​ ៤ ឡើង​លើ​សាឡុង​ តុ​ ចូល​ផ្ទះបាយ​គេ​នឹង​ញ៉ាំ​របស់​ផ្តេសផ្តាស​ បណ្តាលឱ្យ​ឈឺ​។​ អ្នក​ត្រូវ​ជូត​សម្អាត​ឥដ្ឋ​យ៉ាងតិច​ណាស់​ ២ដង​ក្នុង​ ១​ថ្ងៃ​។​ ប្រសិនបើ​អ្នក​មាន​កម្រាលព្រំ​ ត្រូវ​យក​វា​ចេញ​ ព្រោះ​កម្រាល​មិនអាច​សម្អាត​ញឹកញាប់​បាន​ដូច​ឥដ្ឋ​ឡើយ​។​ ហើយ​ក៏​ត្រូវ​ប្រាកដថា​ គ្មាន​អ្នកណា​ដើរ​ចូលផ្ទះ​ទាំង​ស្បែកជើង​ និង​ស្រោមជើង​កខ្វក់​ឡើយ​។​

របួស៖ ក្មេង​ចេះ​វារ​អាច​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​បំផុត​។​ ដាក់​ឧបករណ៍​មុតស្រួច​ឱ្យ​នៅ​ឆ្ងាយ​ផុតពី​ដៃ​ក្មេង​។​ សូម្បីតែ​របស់​តូចៗ​ដូចជា​ កូនឃ្លី​ ក្មេង​អាច​ដាក់​ចូល​មាត់​។​ ប្រសិនបើ​ផ្ទះ​របស់​អ្នក​មាន​ច្រើន​ជាន់​ អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ទ្វេដង​។​ ពេល​កូន​អ្នក​កំពុង​គេង​លើគ្រែ​ ឬ​ក្នុង​អង្រឹង​ អ្នក​ត្រូវ​ដាក់ខ្នើយ​យ៉ាងតិច​ ៤​នៅ​ជុំវិញ​ខ្លួនគេ​ ដើម្បី​ការពារ​ការគេង​រមៀល​របស់​គេ​។​

អនាម័យ​ក្មេង៖ ក្រៅពី​អនាម័យ​ផ្ទះ​ អ្នក​ក៏​ត្រូវ​អនាម័យ​កូន​របស់​អ្នក​ផងដែរ​។​ ជង្គង់​ និង​បាតដៃ​កូន​អាច​ជាប់​ធូលី​។​ អ្នក​ត្រូវ​ងូតទឹក​កម្ចាត់​មេរោគ​ឱ្យ​គេ​យ៉ាងហោចណាស់​ ២ដង​ក្នុង​ ១ថ្ងៃ​។​ ពេល​ទារក​ឧស្សាហ៍​វារ​ញឹកញាប់​ ស្បែក​ក្បាលជង្គង់​របស់​គេ​អាច​ខ្មៅ​។​ កុំ​បារម្ភ​ច្រើនពេក​ ព្រោះ​វា​នឹង​ប្រសើរ​ឡើងវិញ​ ពេល​គេ​ចេះដើរ​។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់