៧ ចំណុចដែលអ្នកនឹងជួបប្រទះពេលក្លាយជាម្តាយគេ


ចុះផ្សាយ៖ ថ្ងៃទី ១២ មិថុនា ឆ្នាំ២០១៧ ម៉ោង ២០:៣២នាទី

ការ​បាន​ធ្វើជា​ម្តាយ​គេ​ ជា​បទពិសោធន៍​ដ៏អស្ចារ្យបំផុត​មួយ​ ដែល​ស្ត្រី​ត្រូវ​ជួបប្រទះ​នៅក្នុង​ជីវិត​។​ ម្តាយ​ ជា​មនុស្សម្នាក់​ហ៊ាន​ប្តេជ្ញាចិត្ត​ និង​ហ៊ាន​លះបង់​។​ ជា​ការពិតណាស់​ ទាំងម្តាយ​ និង​ឪពុក​បាន​ផ្តល់​សុខុមាលភាព​ដល់​កូន​ស្មើៗ​គ្នា​ តែ​ម្តាយ​តែងតែ​ផ្តល់​តម្រូវការ​ឱ្យ​កូន​មុន​ខ្លួនឯង​ជានិច្ច​។​

ការធ្វើជា​ម្តាយ​គេ​មិនមែន​ជា​កិច្ចការ​មួយ​ធម្មតា​ឡើយ​ វា​ជា​ការងារ​មួយ​ពិបាក​បំផុត​។​ ការពរពោះ​រយៈពេល​ ៩​ខែ​ រួច​ត្រូវ​ឆ្លងកាត់​ការឈឺចាប់​ពេល​សម្រាលកូន​ មើល​ថែទាំ​កូន​…ជា​ភាពហត់នឿយ​ខ្លាំងបំផុត​ តែ​ទោះបីជាយ៉ាងណា​ ម្តាយ​អាច​អត់ទ្រាំ​បាន​។​ ក្នុង​កំឡុងពេល​មាន​ផ្ទៃពោះ​ ម្តាយ​ទទួលបាន​ការណែនាំ​ និង​ការទូន្មាន​ជាច្រើន​ពី​មនុស្ស​គ្រប់គ្នា​ អំពី​ការថែទាំ​កូន​ និង​ម្តាយ​។

ទោះបីជាយ៉ាងណា​ មាន​រឿងរ៉ាវ​មួយចំនួន​ទៀត​ដែល​គ្មាន​អ្នកណា​ប្រាប់​អ្នក​ មុនពេល​បាន​ក្លាយជា​ម្តាយ​គេ​។​ ដូច្នេះ​ ខាងក្រោម​នេះ​នឹង​លាតត្រដាង​ពី​រឿងរ៉ាវ​មួយចំនួន​ដែល​អ្នក​គួរដឹង​មុនពេល​ក្លាយជា​ម្តាយ​គេ​៖

រៀន​មិន​ចេះ​ឈប់៖ អ្នក​ធ្លាប់​គិត​ថា​ អ្នក​ជំនាញ​ខាង​ស្លៀក​ខោ​ទឹកនោម​ឱ្យ​កូន​ តែ​អ្នក​ក៏​ត្រូវ​រៀន​ឱ្យ​កូន​ចេះ​ប្រើប្រាស់​បន្ទប់ទឹក​នៅពេល​គេ​ធំឡើង​ អ្នក​ត្រូវ​ធ្វើឱ្យ​ខ្លួនឯង​ទាន់សម័យ​នឹង​អ្វីៗ​ដែល​ថ្មី​។​

អ្នក​នឹង​ត្រូវ​ធ្វើ​ការងារផ្ទះ​ច្រើន៖ នៅពេល​អ្នក​មាន​កូនតូច​ ការងារ​មាន​មិន​ចេះ​អស់​។​ ងូតទឹក​ឱ្យ​កូន​ បញ្ចុក​អាហារ​កូន​ ឱ្យ​កូន​បៅ​ វា​ហាក់បី​ដូចជា​កិច្ចការ​ដែល​មិន​ចេះអស់​មិនចេះ​ហើយ​។​

មាន​អារម្មណ៍ថា​ តែលតោល៖ ម្តាយ​តែងតែ​មាន​អារម្មណ៍​ធុញថប់​នឹង​រាល់​ទំនួលខុសត្រូវ​ទាំងអស់​ ហើយ​មួម៉ៅ​នឹង​ការមើលថែ​ពេល​កូន​ឈឺ​ ម្តាយ​មាន​អារម្មណ៍ថា​ តែលតោល​ និង​អស់សង្ឃឹម​។​

កើត​មាន​កំហុសឆ្គង៖ ជាពិសេស​បើសិន​អ្នក​ទើបតែ​មាន​កូន​ដំបូង​ កំហុសឆ្គង​ការមើលថែទាំ​កូន​មួយចំនួន​តែងតែ​កើតឡើង​។​ តែ​ទោះបីជាយ៉ាងណា​ វា​ជា​បទពិសោធន៍​មួយ​ដ៏ល្អបំផុត​ ហើយ​ម្តាយ​មិនគួរ​បន្ទោស​ខ្លួនឯង​ដោយសារ​តែ​បញ្ហា​នេះ​ឡើយ​។

បាត់បង់​ពេលវេលា​ផ្ទាល់ខ្លួន៖ នៅពេល​អ្នក​មាន​កូនតូច​ ពេលវេលា​ និង​ភាពសុខស្រួល​ផ្ទាល់ខ្លួន​នឹង​លែង​មាន​ទៀត​ហើយ​ ព្រោះ​កូន​អ្នក​នឹង​ត្រូវការ​អ្នក​គ្រប់ពេល​។

ភាពលំបាក​ពេល​បំបៅ​ដោះ​កូន៖ ការបំបៅដោះ​កូន​មិនមែន​ជា​វិធី​មួយ​ងាយស្រួល​រៀន​ទេ​ វា​អាច​ជា​ភាពធ្វេសប្រហែស​, ការឈឺចាប់​ និង​ភាពឆ្គាំឆ្គង​ចាប់ផ្តើម​កើតឡើង​ រហូតដល់​អ្នក​រៀន​ចេះ​យ៉ាងស្ទាត់ជំនាញ​។​

បម្រែបម្រួល​រាងកាយ៖ បម្រែបម្រួល​មួយចំនួន​នឹង​កើតឡើង​ចំពោះ​ខ្លួនប្រាណ​អ្នក​ ក្រោយពេល​សម្រាលកូន​រួច​ ដូចជា​ឡើងទម្ងន់​ សុដន់​យារធ្លាក់​ ស្នាម​សង្វារ​…។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់