អត្ថប្រយោជន៍ “ល្ហុងទុំ”​សម្រាប់​ទារក


ចុះផ្សាយ៖ ថ្ងៃទី ២០ មិថុនា ឆ្នាំ២០១៧ ម៉ោង ១០:៤៧នាទី

នៅពេល​ទារក​ចាប់ផ្តើម​ចេះ​ញ៉ាំ​អាហារ​រឹង​បាន អ្នក​អាច​ឱ្យ​គេ​ទទួលទាន​ផ្លែឈើ និង​បន្លែ។ ក្រោយពេល​កូន​អ្នក​បាន​អាយុ ១ឆ្នាំ និង៦ខែ កិន​ល្ហុងទុំ​បញ្ចុក​គេ​តិចៗ។ អ្នក​ត្រូវ​រង់ចាំ​រហូតដល់​កូន​របស់​អ្នក​ស៊ាំនឹង​ការញ៉ាំ​ល្ហុង មុននឹង​អ្នក​ឱ្យ​គេ​ញ៉ាំ​ច្រើន។ ហើយ​ក៏​ត្រូវ​សង្កេត​មើល​ពី​សុខភាព​កូន​របស់​អ្នក​ផង​ដែរ។ បើសិន​ជា​អ្នក​ឃើញ​កូន​មាន​ប្រតិកម្ម ត្រូវ​បញ្ឈប់​បញ្ចុក​ល្ហុង​ដល់​គេ​ភ្លាម។

យល់ល្អ ត្រូវ​ប្រឹក្សា​នឹង​វេជ្ជបណ្ឌិត​ជាមុនសិន មុននឹង​អ្នក​ឱ្យ​កូន​ញ៉ាំ​ល្ហុង​ទុំ។ ក្នុង​ដំណាក់កាល​ចាប់ផ្តើម​ដំបូង ត្រូវ​ប្រាកដ​ថា អ្នក​បញ្ចុក​ល្ហុង​ទុំ​ដល់​គេ​តែ ១ស្លាបព្រាកាហ្វេ​ប៉ុណ្ណោះ។ អត្ថប្រយោជន៍​របស់​ល្ហុងទុំ​ចំពោះ​ទារក៖

ប្រព័ន្ធ​រំលាយ​អាហារ៖ ការបញ្ចុក​ល្ហុងទុំ​តិចតួច​ឱ្យ​ទារក​ញ៉ាំ នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​គេ។

ភាពស៊ាំ៖ ដោយសារ​ល្ហុងទុំ​ផ្ទុក​វីតាមីន C ភាពស៊ាំ​របស់​ទារក​នឹង​កាន់តែ​ខ្លាំងក្លា​ឡើង។ ទារក​អាច​ចៀសផុត​ពី​ការឆ្លង​មេរោគ​ផ្សេងៗ។

កន្ទួល​រមាស់៖ ល្ហុងទុំ​ក៏​អាច​ប្រើ​លាប​លើ​ស្បែក ដើម្បី​បំបាត់​ការឈឺចាប់ ដំបៅ ឬ​រលាក​ផងដែរ។ ប្រសិនបើ​កូន​តូច​អ្នក​រលាក​ស្បែក ដោយសារ​កើត​កន្ទួល​រមាស់​លើ​ស្បែក សាកល្បង​លាប​ល្ហុងទុំ។

មហារីក​ពោះវៀន​ធំ៖ វត្តមាន​នៃ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ជាតិសរសៃ​ក្នុង​ល្ហុងទុំ អាច​មាន​ប្រសិទ្ធិភាព​ការពារ​ទារក​ពី​ជំងឺ​ទាក់ទងនឹង​ពោះវៀន​ធំ និង​ប្រព័ន្ធ​រំលាយ​អាហារ។

ទល់លាមក៖ ប្រសិនបើ​កូន​អ្នក​បញ្ចេញចោល​មិន​ទៀងទាត់ បញ្ចុក​ល្ហុងទុំ​ឱ្យ​គាត់​ញ៉ាំ ១ស្លាបព្រាកាហ្វេ​ឱ្យ​បាន ២ដង​ក្នុង ១ថ្ងៃ។ វា​ពូកែ​ស័ក្តិសិទ្ធិ​ដូចនឹង​ថ្នាំ​បញ្ចុះ​លាមក​ដែរ និង​ជួយ​ព្យាបាល​ជំងឺ​ទល់​លាមក។

ព្រូន អៀន៖ ទារក​អាយុ​លើ ១ខួប អាច​ប្រើ​ល្ហុងទុំ ដើម្បី​កម្ចាត់​ព្រូន អៀន​ក្នុង​ពោះវៀន​បាន។ កិន​គ្រាប់ល្ហុង​ឱ្យ​ម៉ត់​បាន ១ស្លាបព្រាកាហ្វេ រួច​ឱ្យ​ទារក​ញ៉ាំ​លាយ​ជាមួយ​ទឹកឃ្មុំ​រយៈពេល ២-៣ថ្ងៃ អាច​កម្ចាត់​ព្រូន អៀន​ក្នុង​ពោះវៀន​គ្មាន​សល់។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់