វិធីបំបាត់​អាការៈ​​ឈឺ​ពោះរបស់​ក្មេងៗត្រឹមរយៈពេលខ្លី


ចុះផ្សាយ៖ ថ្ងៃទី ២០ មិថុនា ឆ្នាំ២០១៧ ម៉ោង ១០:៥៤នាទី

តើ​កូន​របស់​អ្នក​នៅ​មិន​ស្រណុក និង​មិន​ចង់​ញ៉ាំ ឬ​ផឹក​អ្វី​ទាំងអស់​មែន​ទេ? មូលហេតុ​អាច​មាន​ច្រើន។ តែ​ទោះបី​ជា​យ៉ាងណា មូលហេតុ​ភាគច្រើន​បណ្តាល​មកពី​អាការៈ​ឈឺចាប់​ក្នុង​ពោះ។ អាការៈ​ឈឺ​ពោះ ជា​ជំងឺ​ទូទៅ​របស់​ក្មេងៗ ជាពិសេស​ក្មេង​ចាប់ពី​អាយុ ៤-៨ឆ្នាំ តែងតែ​ជួប​នឹង​បញ្ហា​នេះ។ អាការៈ​ឈឺ​ពោះ​អាច​បណ្តាល​មកពី​មូលហេតុ​មួយចំនួន​ដូចជា ពុល​អាហារ ទល់​លាមក ឆ្លង​មេរោគ​ក្នុង​ក្រពះ…។ មិន​ថា​ក្មេង​ឈឺ​ពោះ​ដោយសារ​អ្វី​ទេ រឿង​ទី ១ដែល​អ្នក​គួរ​រក​គឺ ឱសថ​ធម្មជាតិ​នៅក្នុង​ផ្ទះ ដែល​ងាយស្រួល​រក​បំផុត។

ឱសថ​ធម្មជាតិ​នេះ​គួរតែ​ត្រូវបាន​ត្រៀម​រួច​ជាស្រេច ហើយ​អ្នក​អាច​សាកល្បង​ប្រើ​វា ដើម្បី​បំបាត់​អាការៈ​របស់​ក្មេង​ដោយ​មិន​ចាំបាច់​ស្ទាក់ស្ទ័រ។ ខាងក្រោម​ជា​កំពូល​ឱសថ ដែល​អ្នក​អាច​ប្រើ​វា​សម្រាប់​បំបាត់​អាការៈ​ក្មេង​ឈឺ​ពោះ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព៖

ខ្ញី៖ ខ្ញី​ផ្ទុកនូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម អាច​ជួយ​កម្ចាត់​ធាតុ​វិទ្យុសកម្ម។ ខ្ញី​ក៏​អាច​ជួយ​បំបាត់​អាការៈ​ចង់​ក្អួត និង​មិន​ស្រួល​ខ្លួន​ផង​ដែរ។ លើស​ពី​នេះ​ទៀត សារធាតុ​ប្រឆាំង​នឹង​ការរលាក​ក្នុង​ខ្ញី​ជួយ​បង្កើន​ទឹក​ប្រម៉ាត់ និង​រារាំង​អាស៊ីត​ក្រពះ។ សាកល្បង​ធ្វើ​តែ​ខ្ញី​ឱ្យ​កូន​អ្នក​ញ៉ាំ ពេល​គេ​ឈឺ​ពោះ។

ស្អំ​កម្តៅ៖ ដាក់​​ក្រណាត់​ក្តៅ ឬ​កញ្ចប់​ទឹកក្តៅ​ស្អំ​លើ​ពោះ​កូន​អ្នក ពេល​គេ​កំពុង​គេង ឬ​អង្គុយ​លើ​គ្រែ វា​នឹង​ជួយ​បន្ធូរ​អាការៈ​ឈឺចាប់​បាន​ច្រើន។ នៅពេល​អ្នក​ស្អំ​កម្តៅ វា​ជួយ​បង្កើន​ចលនា​លំហូរ​ឈាម​លើ​ស្បែក កាត់បន្ថយ​អារម្មណ៍​ឈឺចាប់​ពី​ពោះ។

ឱ្យ​អាហារ​សាប​ញ៉ាំ៖ ប្រសិនបើ​កូន​អ្នក​ឈឺ​ពោះ​ដោយសារ​តែ​ភាពស្រេកឃ្លាន អ្នក​អាច​ឱ្យ​គេ​ញ៉ាំ​អាហារ​សាបៗ​តិចតួច​ដូចជា ទឹកដោះគោ​ជូរ នំប៉័ង​អាំង បាយ ម្សៅ​អាវ័ន…។ អាហារ​សាប​មិន​ធ្វើឱ្យ​កើត​អាការៈ​ក្អួត មិន​រំខាន​ដល់​ក្រពះ និង​អាច​ងាយស្រួល​រំលាយ។ មិន​តែ​ប៉ុណ្ណោះ អាហារ​សាប​ជួយ​សម្រួល​ដល់​មុខងារ​ក្រពះ​ពោះវៀន​ឱ្យ​ត្រលប់​មក​ធម្មតា​វិញ​បាន​យ៉ាងឆាប់​រហ័ស។

សកម្មភាព​រាងកាយ៖ អ្នក​ត្រូវ​លើក​ទឹកចិត្ត​កូន​ឱ្យ​ចេញ​មក​ខាងក្រៅ​លេង ប្រសិនបើ​គេ​នៅតែ​គេង​លើ​គ្រែ ព្រោះ​វា​នឹង​មិន​អាច​ជួយ​កាត់បន្ថយ​អាការៈ​ឈឺ​ពោះ​បាន​ឡើយ។ ការសិក្សា​បាន​និយាយ​ថា សកម្មភាព​រាងកាយ​ជួយ​ដល់​ចលនា​បំពង់​ក្រពះ​ពោះវៀន ស្រប​ពេល​ដែល​ការគេង​តែ​លើ​គ្រែ​អាច​បណ្តាល​ឱ្យ​កើត​ជំងឺ​ទល់​លាមក។ ចេញ​ទៅ​លេង​ខាងក្រៅ រត់ ដើរ…អាច​ជួយ​បាន។

ទឹកដោះគោ​ជូរ៖ ទឹកដោះគោ​ជូរ​ត្រូវ​បាន​ចាត់ទុក​ថា ជា​ឱសថ​ព្យាបាល​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ។ មាន​ទម្លាប់​មួយ​ឱ្យ​កូន​អ្នក​ញ៉ាំ​ទឹកដោះគោ​ជូរ ១ចាន​ជា​ប្រចាំ។ ទឹកដោះគោ​ជូរ​ផ្តល់​បាក់តេរី​ល្អៗ​ដល់​ពោះវៀន ជួយ​ដល់​ការរំលាយ​អាហារ។

តែ​ជីអង្កាម៖ តែ​ស្លឹក​ជីអង្កាម​អាច​ជួយ​បំបាត់​អាការៈ​ឈឺ​ពោះ​ក្មេង​បាន។ ការសិក្សា​ជាច្រើន​បាន​បង្ហាញ​ថា ស្លឹក​ជីអង្កាម​មាន​ប្រសិទ្ធិភាព​ជួយ​បំបាត់​អាការៈ​ឈឺ​សាច់ដុំ​ពោះ។ ជីអង្កាម​មាន​សមត្ថភាព​ជួយ​បង្កើន​លំហូរ​នៃ​ទឹកប្រម៉ាត់ ងាយស្រួល​ដល់​ការរំលាយ​អាហារ។

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ចំណាត់ក្រុម៖
មតិយោបល់