បញ្ហាហើម ៩កន្លែងនឹងកើតមានពេលស្ត្រីមាន​ផ្ទៃពោះ


ចុះផ្សាយ៖ ថ្ងៃទី ២៥ មិថុនា ឆ្នាំ២០១៧ ម៉ោង ១០:០៤នាទី

ពេលវេលា​មាន​ផ្ទៃពោះ ជា​ពេលវេលា​មាន​ក្តីសុខ​សម្រាប់​ស្ត្រី​គ្រប់​រូប តែ​ក្រៅពី​នេះ​ស្ត្រី​ត្រូវ​ជួប​នឹង​អាការៈ​ទូទៅ​ដូចជា ចង់ក្អួត ឡើង​ទម្ងន់ លំហូរ​ឈាម ទឹក​រំអិល​តាម​ទ្វារមាស ចុក និង​ឈឺចាប់​ក្នុង​ពោះ។ ស្រប​ពេល​នឹង​បញ្ហា​ជាច្រើន​នេះ រាងកាយ​ក៏​ហើម​ឡើង​ដូចជា ប៉ោង​ប៉ោង ធ្វើ​ឱ្យ​ស្ត្រី​មិន​ស្រួល​ខ្លួន​ពេញ​ទាំង​រាងកាយ។

យោង​តាម​អ្នកជំនាញ​ផ្នែក​ស្ត្រី​ពពោះ​បាន​និយាយ​ថា រាងកាយ​ផលិត​ឈាម និង​សារធាតុ​រាវ​ប្រមាណ​ច្រើន​ជាង ៥០% សម្រាប់​តម្រូវការ​លូតលាស់​របស់​គភ៌​ក្នុង​ស្បូន​ម្តាយ ហេតុ​នេះ​ទើប​ធ្វើ​ឱ្យ​ស្ត្រី​ជួប​នឹង​អាការៈ​ហើម​ដៃ មុខ ជើង ក​ជើង និង​ប្រអប់​ជើង។ វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​ស្ត្រី​ពពោះ​កុំ​បារម្ភ​ពី​បញ្ហា​តូចតាច​មួយ​នេះ ព្រោះ​វា​នឹង​បាត់​ទៅ​វិញ​ក្រោយ​ពេល​សម្រាល​រួច។

ខាងក្រោម​នេះ​នឹង​បង្ហាញ​ពី​ផ្នែក​រាងកាយ​ស្ត្រី​ដែល​ហើម​ក្នុង​ខណៈ​ពេល​កំពុង​ពពោះ៖

ជើង៖ ស្ត្រី​ពពោះ​ជិត ៩០% កើត​អាការៈ​ហើម​ជើង។ ដើម្បី​កាត់បន្ថយ​អាការៈ​ហើម​ជើង​នេះ អ្នក​ត្រូវ​ត្រាំ​ជើង​ក្នុង​ទឹក​អំបិល​ក្តៅ​អ៊ុនៗ។ ឬ​វិធី​មួយ​ទៀត លើក​ជើង​ឡើង និង​ធ្វើ​ចលនា​លំហាត់​ប្រាណ ដើម្បី​បង្កើន​ចរាចរណ៍​ឈាម​ឱ្យ​ដើរ​ស្រួល។

បបូរ​មាត់៖ ហើម​បបូរ​មាត់​ក្នុង​ខណៈ​ពេល​ពពោះ ជា​រឿង​មួយ​ទូទៅ នេះ​ដោយសារ​បម្រែបម្រួល​អរម៉ូន។ អាការៈ​ហើម​នេះ​នឹង​ថយ​ចុះ​ឆាប់​រហ័ស ហើយ​ប្រសិនបើ​បបូរ​មាត់​ចាប់ផ្តើម​ប្រេះ ម៉ាស្សា​បបូរមាត់​អ្នក​នឹង​ប្រេង​អូលីវ ឬ​បឺរ។

សុដន់៖ សុដន់​នឹង​ជួប​ប្រទះ​បញ្ហា​ច្រើន​ក្នុង​ពេល​ស្ត្រី​មាន​ផ្ទៃពោះ។ ក្រៅ​ពី​ហើម សុដន់​នឹង​ឈឺចាប់។ អ្នកជំនាញ​បង្ហាញ​ថា អាការៈ​ហើម​នេះ​ដោយសារ​ការផលិត​ទឹក​ដោះ តែ​នៅពេល​ទារក​កើត​រួច អាការៈ​ហើម និង​ឈឺចាប់​នេះ​នឹង​បាត់​ទៅ​វិញ។

ច្រមុះ៖ កុំ​ជឿ​ថា អាការៈ​ហើម​ច្រមុះ​ដូច​ប៉ោង​ប៉ោង បង្ហាញ​ថា អ្នក​មាន​កូន​ស្រី។ អាការៈ​ហើម​ច្រមុះ​ក្នុង​កំឡុង​ពេល​មាន​ផ្ទៃពោះ​ដោយសារ​បម្រែបម្រួល​អរម៉ូន។ អាការៈ​នេះ​នឹង​បាត់​ទៅ​វិញ​បន្ទាប់​ពី​អ្នក​សម្រាល​រួច។

ក​ជើង និង​ជើង៖ ជើង​ហើម​ដោយសារ​ទម្ងន់​ក្បាល​ពោះ​ដាក់​សម្ពាធ​ខ្លាំង​ទៅ​លើ​វា។ នេះ​មិនមែន​ជា​បញ្ហា​គួរ​ឱ្យ​បារម្ភ​ឡើយ តែ​ទោះបី​ជា​យ៉ាងណា វា​នឹង​ក្លាយ​ជា​បញ្ហា នៅពេល​ជើង​កើត​ដុំ​ឈាម​ត្រង់​តំបន់​ហើម។

ផ្ទៃ​មុខ៖ អាការៈ​ហើម​មុខ​ក៏​ដោយសារ​បម្រែបម្រួល​អរម៉ូន​ដែរ។ មាន​ចលនា​លំហាត់​ប្រាណ​មួយចំនួន​អាច​ជួយ​សម្រក​បាន ព្រម​ទាំង​ប្តូរ​របប​អាហារ​ដោយ​បន្ថែម​អាហារ​សម្បូរ​វីតាមីន C។

ហើម​អញ្ចាញ​ធ្មេញ៖ វា​ជា​រឿង​មួយ​ទូទៅ​ដែល​ស្ត្រី​មាន​គភ៌​ឆ្លង​មេរោគ​អញ្ចាញ​ធ្មេញ។ បញ្ហា​មាត់​នេះ​ក៏​បណ្តាល​ឱ្យ​ឈាម​អញ្ចាញ​ធ្មេញ​ផង​ដែរ។ ដើម្បី​ការពារ និង​ព្យាបាល​ពី​បញ្ហា​នេះ អ្នក​ត្រូវ​ដុស​ធ្មេញ និង​ប្រើ​ខ្សែ​សម្អាត​ឱ្យ​បាន ២ដង​ក្នុង ១ថ្ងៃ។

សរសៃ​វ៉ែន៖ សរសៃ​វ៉ែន​របស់​ស្ត្រី​មាន​លក្ខណៈ​ស្តើង ងាយ​នឹង​ហើម ដោយសារ​ពេញ​ទៅដោយ​ជាតិ​ទឹក។ វិធី​ព្យាបាល​ដ៏​ល្អ អ្នក​ត្រូវ​លើក​ជើង​របស់​អ្នក​ឡើង​ដើម្បី​បង្កើន​ចរាចរណ៍​ឈាម។ ហើយ​អ្នក​ក៏​អាច​ស្លៀក​ខោ​អាវ និង​ស្បែកជើង​ដែល​មាន​ផាសុកភាព។

ទ្វារមាស

ដោយសារ​ទារក​ក្នុង​ផ្ទៃ​កាន់តែ​ធំ និង​ធ្ងន់​ឡើង ស្ត្រី​មួយចំនួន​ប្រឈម​នឹង​បញ្ហា​ហើម​ទ្វារមាស។ វា​នឹង​ស្រក​វិញ ក្រោយ​ពេល​ឆ្លង​ទន្លេ​រួច៕

ផ្តល់សិទ្ធដោយ៖ មង្គលការ

Loading…


ពាក្យទាក់ទង៖ , , ,

ចំណាត់ក្រុម៖
មតិយោបល់