យល់ដឹងអំពីល្ខោនណាំងស្បែកធំឬល្ខោនស្រមោលស្បែកធំ


ចុះផ្សាយ៖ ថ្ងៃទី ២៧ មីនា ឆ្នាំ២០១២ ម៉ោង ១១:៥៩នាទី

ណាំងស្បែកធំ​ឬល្ខោនស្រមោល​ស្បែកធំ គឺជាទម្រង់សម្ដែងមួយបែប​ដែល​​ប្រើ​ប្រាស់ ផ្ទាំង​​រូបឆ្លាក់ពីស្បែក។ គេសម្ដែងវានៅក្នុងឱកាស​តែពីរឬបីប៉ុណ្ណោះ​ក្នុងមួយឆ្នាំដូចជា នៅ​ពិធីបុណ្យចូលឆ្នាំខ្មែរ​ ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​ ​និង​ពិធី​​គ្រង​រាជ្យ​ឬ​ក្នុង​ពិធី​សក្ការៈ​​​របស់ឥស្សរជនល្បីៗ។ ​រូបនេះ​ធ្វើ​ពី​បន្ទះ​ស្បែក​មួយ​​ផ្ទាំង​ដែល​​នៅក្នុង ពេល​​ឆ្លាក់នោះ​ គេត្រូវរៀបចំពិធីយ៉ាងពិសេស​តម្រូវទៅតាម​តួអង្គ​អាទិទេព​និមួយៗ។ ស្បែក​នេះ​ត្រូវ​គេ​យកទៅជ្រលក់ពណ៌ជាមួយសូលុយស្យុង​ដែលបាន​មក​ពីសម្បក​ដើម​ កណ្ដោល ។

រូបភាពដកស្រង់ពីpanhavion.wordpress.com

សិល្បករ​គូររូប​តាមការចង់បាននៅលើស្បែក​ដែលហាល​ស្ងួត​ បន្ទាប់មកគេ​ដាប់​ហើយ​លាប​ថ្នាំ​វា​​មុននឹង​ត្រូវ​ចង ភ្ជាប់ ទៅនឹងបន្ទះឫស្សីពីរដើម ដើម្បី​គេ​អាចឲ្យអ្នករាំ​កាន់​ផ្ទាំងរូបនោះបាន។ យោង​តាម​មាត្រា​ជា​ច្រើន​នៃ​​អនុសញ្ញា​ស្ដីពីសុវត្ថិភាពបេតិកភណ្ឌ​ វប្បធម៌អរូបី​នៅទីក្រុងប៉ារីស​ ថ្ងៃទី​១៧ ខែតុលា​ ឆ្នាំ២០០៥ ណាំង​ស្បែក​ធំ​ត្រូវ​បាន​អង្គការយូណេស្កូទទួលស្គាល់ថាជា​ស្នាដៃឯក​ ខាងបេតិកភណ្ឌ​បញ្ចេញសំឡេង​ និងអរូបីរបស់​មនុស្សជាតិ​ក្នុង​ឆ្នាំ​២០០៥។ នៅ​ឆ្នាំ​២០០៨​ណាំ​ងស្បែក​ធំ​នេះទៀត​ត្រូវបាន​ចុះក្នុង​ បញ្ជីតំណាងឲ្យបេតិកភណ្ឌ​វប្បធម៌​អរូបី​ផ្នែក​មនុស្ស​ជាតិ។ ការ​ទទួល​ស្គាល់​នេះ​ផ្ដល់​​ឱកាស​ឲ្យ​ព្រះរាជាណាចក្រកម្ពុជា​មានលទ្ធភាពអាច​ ការពារ​ណាំង​ស្បែក​ធំទប់ទល់​នឹង​ការ​គម្រាមកំហែង​ពី​ការខូចខាត ការ​វិនាស​សាបសូន្យ និងការបំផ្លិច​បំផ្លាញ ។

តាមទំនៀមទម្លាប់ប្រពៃណី​ ការសម្ដែងល្ខោន​ស្បែក​ធំ​ធ្វើឡើងនៅតែ​ពេលយប់ ក្នុង​បរិវេណដីវាលប៉ុណ្ណោះ​ដូចជា៖ នៅក្បែរ​​​វាល​ស្រែ ​និង​បរិវេណវត្តអារាម។ នៅ​ពេល​សម្ដែង​ គេលាតត្រដាង​ក្រណាត់​សមួយ​ផ្ទាំង​ធំ នៅ​ចន្លោះ​បង្គោល​ឫស្សីពីរដើមពីខាងមុខ​ពំនូកភ្លើង​ធំមួយ​។ ​សព្វថ្ងៃនេះ​គេប្រើម៉ាស៊ីន​បញ្ចាំង​រូប​ (Projector) ដើម្បីបញ្ចាំង​ស្រមោល​​ផ្ទាំង​ស្បែក​ឲ្យទៅប៉ះ​នឹងផ្ទាំងក្រណាត់ស។ អ្នក​សម្ដែង​កាន់​បង្វិល​រូប​ស្បែកឲ្យមានសភាព​រស់​រវើក​ដូច​ជីវិត​ពិត ​ដោយ​ប្រើ​ជំហានច្បាស់លាស់និងជាក់លាក់។ ការសម្ដែង​នេះមានអមដោយ​វង់ភ្លេងនិងអ្នក​និទាន​ពីររូប ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់