Active Sport

រឿងបងថ្លៃនិងប្អូនថ្លៃ


ចុះផ្សាយ៖ ថ្ងៃទី ១១ មេសា ឆ្នាំ២០១២ ម៉ោង ០៧:០៨នាទី

មាន​មនុស្ស​ពីរ​នាក់​ ជា​បង​ថ្លៃ​ ប្អូន​ថ្លៃ​នឹង​គ្នា , បង​ថ្លៃ​ជា​អ្នក​ក្រ​ ប្អូន​ថ្លៃ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ ។ថ្ងៃ​មួយ​ឪពុក​ក្មេក​ មាន​កិច្ច​រវល់​ត្រូវ​ប្រាប់​បង​ប្អូន​ កូន​ចៅ​ឲ្យ​ទៅ​ស៊ី​ផឹក​នៅ​ផ្ទះ​គាត់ , ប្អូន​ថ្លៃ​នោះ​ បាន​មក​ជួប​នឹង​បង​ បបួល​ទៅ​ស៊ី​ឯ​ផ្ទះ​ឪពុក​ក្មេក, បង​ថ្លៃ​និយាយ​ ប្រាប់​តាម​ត្រង់​ថា  មិន​ហ៊ាន​ទៅ​ស៊ី​ទេ  ព្រោះ​ខ្លួន​ជា​អ្នក​ក្រ​ មិន​ធ្លាប់​ស៊ី​ម្ហូប​ចំណី​ល្អ​ ក្រែង​មិន​ត្រូវ​បែប​ទេ​ ខ្មាស​គេ, ប្អូន​ថ្លៃ​នោះ​ជា​មនុស្ស​ចិត្ត​ សប្បុរស​នឹង​បង​ ក៏​ប្រាប់​ទៅ​វិញ​ថា  មិន​អី​ទេ​ ទៅ​ពីរ​នាក់​ចុះ​ បើ​មិន​ដឹង​ ឲ្យ​តែ​ធ្វើ​តាម​ខ្ញុំៗ​ ស៊ី​អី​ ស៊ី​ហ្នឹង​ទៅ​ មិន​ក្រ​ប៉ុន្មាន​ទេ​ បង​ទៅ​ជា​មួយ​នឹង​ខ្ញុំ​ចុះ  ។

បង​ក៏​ព្រម​ទៅ, លុះ​ទៅ​បរិភោគ​នៅ​ទី​នោះ​ បបួល​គ្នា​ស៊ី​បាយ​តាម​ធម្មតា​ទៅ , ដល់​គេ​លើក​សម្ល​ខ្ចៅ​មក​ប្អូន​ក៏​យក​ចង្កឹះ​ចាប់​មួយ​មក​ពម​  រួច​ជញ្ជក់​អស់​ ខ្ជាក់​សំបក​ខ្ចៅ​នោះ​ដាក់​នៅ​នឹង​កន្លែង​ ហើយ​គេ​ចោល​សំបក​នោះ​ទៅ ។
ឯ​បង​នោះ​មិន​ដឹង​ ដោយ​មិន​បាន​ឃើញ​គេ​ធ្វើ​ដូច្នោះ​ ក៏​ខំ​ជញ្ជក់​ហើយ​ខំ​ទាំង​ទំពា​សំបក​ខ្ចៅ​នោះ​ទាល់​តែ​ល្អិត​ ខំ​លេប​ទៅ ។ ប្អូន​ឃើញ​ដូច្នេះ​ ក៏​លែង​ស៊ី​ខ្ចៅ​នោះ​ទៅ​ចាប់​យក​ឯ​អំពៅ​ ដែល​គេ​ឡៅ​ទុក​នៅ​ចាន​នោះ​មក​ស៊ីៗ​ រួច​គេ​យក​កន្សែង​ខ្ចប់​ដាក់​ ហើយ​ចោល​ ទៅ​ទៀត ។ បង​ឃើញ​គេ​ស៊ី​អំពៅ​ ក៏​យក​អំពៅ​នោះ​ មក​ស៊ី​នឹង​គេ​ទៀត​ ខំ​ទំពា​អំពៅ​ទាល់​តែ​ល្អិត​កាក​ លេប​ទៅ​ទៀត, ប្អូន​លែង​ស៊ី​អំពៅ​ វា​ទៅ​ស៊ី​សម្ល​មីសួរ​ទៀត​ ទើប​តែ​នឹង​ពម​ចូល​ក្នុង​មាត់​ នឹក​ឃើញ​បង​ស៊ី​អំពៅ​ទាំង​កាក​នោះ​ ហើយ​អស់​សំណើច​ទប់​មិន​ឈ្នះ​ ក៏​ចេញ​សំឡេង​មក​ ឮ​តែ​ឃឹក ។

ដោយ​ហេតុ​ខ្យល់​ទប់​ឃឹក​នោះ​ មីសួរ​វា​ស្ទុះ​ឡើង​ទៅ​ចូល​ឯ​រន្ធ​ច្រមុះ​ទាំង​ពីរ​ ចេញ​មីសួរ​នោះ​មក​ក្រៅ​ដោយ​អំណាច​ខ្យល់ ។ បង​ថ្លៃ​ឃើញ​ដូច្នោះ​ ក៏​ចោល​ចង្កើះ​ទៅ​ក្នុង​ថាស​ថា ទេ ! លែង​ស៊ី​ហើយ​ ស៊ី​ឯ​ទៀត​ធ្វើ​តាម​ សូម្បី​ខ្ចៅ​និង​អំពៅ​ទាំង​សំបក​ ទាំង​កាក​ ក៏​ស៊ី​បាន​ ទាំងអស់​ ដល់​មីសួរ​ ខ្លុះ​នឹង​ច្រមុះ​ដូច្នេះ​ធ្វើ​តាម​មិន​បាន​ទេ​ ប្អូន​ឯង​ស៊ី​តែ​ឯង​ចុះ​ បង​លែង​ស៊ី​ហើយ​ ស៊ី​ទៅ​ទៀត​មិន​កើត​ទេ ៕

Loading…


ចំណាត់ក្រុម៖
មតិយោបល់