ភ្នំ​ព្រះរាជទ្រព្យ


ចុះផ្សាយ៖ ថ្ងៃទី ២១ មេសា ឆ្នាំ២០១២ ម៉ោង ០៧:១៨នាទី
រូបភាពដកស្រង់ពីangkorvoice.com

ភ្នំឧដុង្ត​ជា​អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦) ហើយ​ត្រូវ​បាន​បោះ​បង់​ចោល​ដោយ​ព្រះបាទនរោត្តម នៅ​​ឆ្នាំ​១៩៦៦ ដោយ​​ផ្លាស់​រាជធានី​​ទៅ​​​កាន់​​​រាជធានី​ភ្នំពេញ​​រហូត​​ដល់​​សព្វថ្ងៃ​​។ ភ្នំ​ឧដុង្ត​​មាន​​ចំងាយ​ប្រមាណ​​៤០​គីឡូម៉ែត្រ​​ពី​​ភាគ​ពាយព្យ​នៃ​ក្រុងភ្នំពេញ​ ។ ទី​កន្លែង​នេះ​មាន​ការ​ទាក់ទាញ​ជា​ថ្មី បន្ទាប់​ពី​ការ​កសាង ព្រះ​សក្យមុនី​ចេតិយ​​ដ៏​​ធំ​​នៅ​​លើ​​កំពូល​​ភ្នំ​ឧដុង្គ​​ជ្រុង​ខាង​ជើង ដែល​មើល​ទៅ​ឃើញ​ធំ​ខ្ពស់ និង​មាន​ភាពស្រស់​បំព្រង។ ភ្នំ​ឧដុង្ត​ស្ថិត​នៅ​ក្នុង​ឃុំ​ផ្សារដែក និង​​ឃុំភ្នំ​បាត ស្រុកពញាឭ ខេត្តកណ្តាល។ ភ្នំ​នេះ​មាន​ឈ្មោះ​បី​គឺ ភ្នំឧដុង្គ ភ្នំ​ព្រះរាជទ្រព្យ និង​ភ្នំ​អដ្ឋរស្ស។ នៅ​លើ​កំពូល​ភ្នំ បើ​​សម្លឹង​​ទៅ​ក្រោម​​ឃើញ​​ទិដ្ឋភាព​​គួរ​ជាទី​​ទស្សនា បី​​ដូច​​ជា​​ខ្លួន​​យើង​កំពុង​​ជិះ​លើ​យន្តហោះ ព្រោះ​​មើល​ទៅ​ឃើញ​​ដើម​ត្នោត ផ្ទះ ស្រែ ចម្ការ របស់​​​អ្នកស្រុក​​ព័ទ្ឋ​ជុំវិញ​​នោះ​​ហើយ​បើ​មើល​ទៅ​លិច​ឃើញ ភ្នំ​ស្ទុងៗ​​​នៅ​ឆ្ងា​យ​សន្លឹម មើល​ទៅ​កើត​ឃើញ ដៃ​ទនេ្លសាប និង​ភូមិ​អ្នក​ស្រុក​កំពង់​ហ្លួង​មើល​ទៅ​ជើង​ឃើញ ភូមិ​វាំង​ចាស់ និង​​ផ្សារឧដុង្គ និង​ខាង​ត្បូង​ឃើញ​ផ្លូវ​ជាតិ​លេខ​៥ ទៅ​ភ្នំពេញ​ ​យ៉ាង​​​វែង​​បី​​ដូច​​ខែ្ស​​ពួរ​មួយ​ចង្វាយ ។ មាន​ទី​កនែ្លង​បែ្លក​ៗ និង​សម្រាប់​សក្ការ​បូជា មាន​កនែ្លង​សម្រាប់ អង្គុយ​លំហែ​មើល ទេសភាព​​ដ៏​ត្រកាល​​ពី​លើ​កំពូល​ភ្នំ និង មាន​ម្អូប​ចំណី​លក់ ជូន​​ភ្ញៀវ​​ដែល​​បាន ទៅ​​កម្សាន្ត​​នៅ​ភ្នំ​ឧដុង្គ ឬ​អ្នក​ខ្លះ​ហៅថា ភ្នំ​ព្រះរាជទ្រព្យ និង​ខ្លះ​ទៀត​ហៅ​ថា ភ្នំ​អដ្ឋរស្ស ដែល​ទី​នោះ ហើយ​​ជា​​អតីត​​រាជធានី​​នា​សតវត្សរ៍​ទី ១៧ ។ ភ្នំ​នេះ​ជា​ទី​កនែ្លង​សម្រាប់​បញ្ចុះ​សព​នៃ ព្រះ​រាជវង្សានុវង្ស និង​ជា​កនែ្លង​ដែល ព្រះរាជា​​ទ្រង់​​ព្រះ​រាជា​នុញ្ញាត ឲ្យ​សាង​សង់​វត្ត និង ព្រះ​វិហារ ។ ការ​ដែល​គេ​ហៅ “ភ្នំ​ព្រះរាជ​ទ្រព្យ” ដោយ​សារ​ព្រះ​មហាក្សត្រ​ជំនាន់​នោះ​យល់​ថា ភ្នំ​នេះ​មិន​ខ្ពស់​ពេក ហើយ​ស្ថិត​នៅ​កែ្បរ ឧដុង្គ ជា​​រាជ​វាំង​ស្រាប់ ព្រះ​រាជា​ក៏​ទ្រង់​ចាត់​ឲ្យ​សាង​ព្រះ​ចេតិយ​ធំ​ៗ និង​មាន​ចម្លាក់​លម្អ សម្រាប់​​បញ្ចុះ​ព្រះ​បរម​អដ្ឋិ និង ព្រះ​អដ្ឋិ​នៃ​ព្រះរាជ​វង្សានុ​វង្ស ដោយ​ចាប់​សាង​បូជនីយ​ដ្ឋាន​នោះ ដោយ​កម្លាំង​​ព្រះ​រាជ​ទ្រព្យ ផ្ទាល់​ព្រះ​អង្គ​ទើប​សន្មត​ថា” ភ្នំ​ព្រះរាជ​ទ្រព្យ ” ។ បើ​គេ​ធ្វើ​ដំណើរ ឡើង​​លើ​ភ្នំ​តាម​ជណ្តើរ ខាង​ជើង​ដែល​ទើប ធ្វើ​ថ្មី​នោះ​មាន​ចំនួន ៥០៩​កាំ​ដំបូង​នឹង​បាន​ឃើញ ព្រះ​សក្យ​មុនី​ចេតិយ៍​ធំ និង​ស្អាត មាន​កម្ពស់ ៤០​ម៉ែត្រ ។ ព្រះ​សក្យ​មុនី​ចេតិយ ចាប់​បញ្ចុះ​បឋម​សិលា នា​​ថៃ្ង​ព្រហស្បតិ៏ ៩​រោច ខែ​ទុតិយាសាធ ឆ្នាំ​ជូត អដ្ឋស័ក ពុទ្ឋ​សករាជ ២៥៤០ ត្រូវ​នឹង​ថៃ្ង​៨ ខែ​សីហា ឆ្នាំ​១៩៩៦។

ប្រវត្តិ​នៃ​ក្រុង​ឧដុង្គ

បើ​តាម​ឯកសារ​រឿង​ព្រេង​ខែ្មរ​ភាគ​៥ របស់​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់​ខែ្មរ បញ្ជាក់​ថា ទី​ក្រុង​ឧដុង្គ​ចាប់​ក​សាង​ឡើង​ក្នុង​សតវត្សរ៍​ទី​១៧ ក្នុង​រជ្ជកាល ព្រះ​បាទ​សមេ្តច​ព្រះ​ជ័យ​ជេដ្ឋា​ទី​២ ។ ក្នុង​ពុទ្ឋ​សករាជ ២១៦៤ នៃ​គ្រិស្ត​សករាជ ១៦២០ ព្រះ​បាទ​សមេ្តច​ព្រះ​ជ័យ​ជេដ្ឋា សេ្តច​គង់​នៅ ព្រះ​រាជ​វាំង​ល្វាឯម ទ្រង់​បាន​នាំ សេនា​បតី និង​នា​មឺន​សព្វ​មុខ​មន្រ្តី​ចុះ​ ព្រះ​រាជ​ទី​នាំង​នា​វា​សេ្តច​យាង​ទៅ​ប្រពាត​នៅ តំបន់​អូរ​ក្រុង​លាយ ក្នុង​ខេត្ត​សំរោងទង ទ្រង់​ប្រថាប់​នៅ ព្រះ​ពន្លា​ជា​យូរ​ថៃ្ង រួច​សេ្តច​យាង ទៅ​ក្រសាល​នៅ​តាដុង​យាយជ័យ ទ្រង់​ក៏​ទត ឃើញ​ទី​ទួល​មួយ​នៅ តំបន់​ស្រះ​កែវ ជា​ទី​​​មាន​​ទេស​ភាព​​ល្អ​​ក៏​​ទ្រង់​ចាប់ ព្រះ​ទ័យ​ហើយ​ទ្រង់​មាន​ព្រះ​តម្រាស់​ជា​មួយ​មន្រ្តី មាន​ហោធិបតី​ជា​ដើម​ថា យើង​ចង់​សាង​ព្រះរាជ​វាំង​គង់​នៅ​ទី​នេះ តើ​អស់​អ្នក​ទាំង​ពួង​យល់​ថា​មេ្តច? ឧកញ្ញ៉ា​ហោរាធិបតី​មុំ គន់​​គូរ​​ពិនិត្យ មើល​ទីដី​នោះ​ដោយ ក្បួន​ហោរា​សាស្រ្ត​ហើយ​ក្រាប​បង្គំ​​ទូល​ថា ” ទី​នេះ​ជា​ទី​ជយ​ភូមិ​ល្អ​ណាស់​ត្រូវ​តាម​ក្បួន​ទាយ​ថា នឹង​មាន​ឬទ្ឋិ​តេជះ ឈ្នះ​អ​ស់​ស​ត្រូវ​ទាំង ៨​ទិស ” ព្រះ​រាជា​​ទ្រង់​​ជ្រាប​​ដូច្នោះ ក៏​ចាត់​ឧក​ញ៉ា​ក្រឡា-ហោម​កែវ ឲ្យ​ជា​នាយក​ចាត់​ការ​កសាង​ព្រះរាជវាំង​នៅ​តំបន់​ស្រះកែវ​នេះ នៅ​ថៃ្ង​៥កើត ខែ​ផល្គុណ ឆ្នាំ​វក ទោ​ស័ក​ពុទ្ឋ​-​សករាជ​២១៦៤ គ្រិស្ត​សករាជ​១៦២០ សេ្តច​​បាន​​តាំង​​ព្រះនាម​​ព្រះនគរ (ទីក្រុង)​ថ្មី​នោះ​ថា ព្រះ​បរម​រាជ​វាំង​មហា​នគរ​ឧដុង្គ-មាន​ជ័យ​បុរី​រម្យ​ឧត្តមរាជ​និវេសន​ដ្ឋាន ដែល​​ហៅ​ខ្លី​ថា ក្រុង​ឧដុង្គ​មានជ័យ

ចេតិយ​ត្រៃ​ត្រិង្ស

ឡើង​ទៅ ស្ថិត​នៅ​ខាង​ឆេ្វង​ដៃ​កែ្បរ ព្រះ​សក្យ​មុនី​ចេតិយ​ទើប​ធ្វើ​ថ្មី​នោះ គឺ​ឃើញ​មាន​ចេតិយ​ធំៗ​ពីរ នៅ​កែ្បរ​គ្នា ក្នុង​នោះ​ចេតិយ​ខាង ជើង​មាន​ឆ្លាក់​រូប​ដំរី លេច​ក្បាល​ធ្លោ ឡើង​ប៉ុន ដំរី​មែន​ទែន គេ​​ហៅថា “ចេតិយ​សាម​ពាន់” ត្រូវ​បាន​កសាង​ឡើង​តាំង​ពី គ្រិស្ត​សករាជ ១៦២៣ ដោយ​ព្រះ​បាទ​ជ័យ​ជេដ្ឋា ដើម្បី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​នៃ ព្រះ​បាទ​ស្រី​សុរិយោពណ៌‌ ជា​ព្រះ​រាជ​បិតា​ចេតិយ​ខាង​ត្បូង ជាប់​​គ្នា​នោះ កសាង​ឡើង​ក្នុង​គ្រិស្តសករាជ ១៨៩១ ដោយ ព្រះបាទ​សមេ្តចព្រះនរោត្តម ដើម្បី​បញ្ចុះ ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​បាទ​សមេ្តច​ព្រះអង្គ ឌួង ជា​ព្រះ​វររាជ​បិតា ចុះ​តាម​​ជណ្តើរ​​ថ្ម​ទៅ​​ត្បូង​​បន្តិច គេ​នឹង​ឃើញ​ចេតិយ​ដ៏​ធំ​មួយ​ទៀត​ដែល​ជា​ចេតិយ​របស់​ព្រះ​ករុណា​​ព្រះ​ ខត្តិយសកោដ្ឋ​ព្រះ​បាទ​សមេ្តច​ព្រះ​ស៊ីសុវត្ថិមុនីវង្ស មាន​ក្បូរ​ក្បាច់​ហាក់​ស្អាត​បាត នៅ​ឡើយ​​ចេតិយ​ធំៗ​ ទាំង​៣ ស្ថិត​លើ​កំពូល ភ្នំ​ឧត្តុង្គ ជ្រុង​ខាង​ជើង ត្រូវ​បាន​គេ​ហៅថា ” ចេតិយ​ត្រៃ​ត្រិង្ស ។

ទី​​កនែ្លង​​បែ្លក​ៗ​​លើ​​ភ្នំ​​ឧត្តុង្គ

ចុះ​តាម​ជណ្តើរ​ថ្ម​ទៅ​ត្បូង​បាន​បន្តិច មាន​កនែ្លង​មួយ​ដែល អ្នក​ស្រុក​ប្រាប់​ថា​ជា “មាត់​រូង” ប៉ុនែ្ត​ពុំ​ឃើញ​មាន​រូង​ឡើយ កាល​ពី​សម័យ​ដើម គឺ​មាន​រូង​ធំ​មួយ​តែង​ត្រូវ​បាន ព្រះ​សង្ឃ​ធុតង្គ​និមន្ត ចេញ​​ចូល​តាម​រូង​នេះ ដោយ​និយាយ​ថា រូង​នោះ​ចូល​ទៅ​ដល់ ភ្នំ​ប្រសិទ្ឋិ៏​ឯ​ណោះ ។ តែ​ក្រោយ​មក ពុំ​ដឹង​មូលហេតុ​អ្វី​ទេ ក៏​ស្រាប់​តែ​មាន​ការ​បិទ​មាត់​រូង សន្ឋប់​ចោល​រហូត​មក បន្ត​ដំណើរ​​ទៅ​​ត្បូង​​ទៀត​​គេ​​នឹង​​​ឃើញ​​គុហា​ជញ្ជាំង​ថ្ម​បាយ​កៀ្រម​​ មួយ​តូច មាន​តម្កល់​ព្រះពុទ្ឋ​រូប មួយ​អង្គ​ហៅ​ថា “លោក​តា​ដំបង​ដែក” ដែល​អ្នក​ស្រុក​​​នៅ​ទីនោះ​ប្រាប់​ថា គេ​តែង​​ទៅ​​ធ្វើ​​ការ​បន់​ស្រន់​​នៅ​ទី​នោះ​​ព្រោះ​​ល្បី​ថា ពូ​កែ​​ស័ក្តិ​សិទ្ឋិ នៅ​ក្នុង​វិហារ​មាន​ព្រះពុទ្ឋ​រូប​មារ វិជ័យ​មួយ​ដ៏​ធំ​សម្បើម តែ​មក​ដល់​ពេល​នេះ ខូច​បាក់​បែក​អស់ ទៅ​ហើយ ។ ដោយ​សារ​ព្រះពុទ្ឋ​រូប​មាន​កម្ពស់​ដល់​ទៅ ១៨​ហត្ថ​​ទើប​​អ្នក​ស្រុក​​សន្មត​​នាម​​ព្រះ​វិហា​រ​នេះ​ថា “វិហារ​អដ្ឋរស្ស” មាន​ន័យ​សំដៅ​ព្រះពុទ្ឋ​រូប​កម្ពស់ ១៨​ហត្ថ។

Loading…


ចំណាត់ក្រុម៖
មតិយោបល់