វត្តភ្នំគឺជាបេះដូងនៃទីក្រុងភ្នំពេញ ដែលផ្តល់ឈ្មោះដល់ទីក្រុងនេះ។ វត្តភ្នំមានកំពស់ ២៧ម៉ែត្រ ដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៣៧៣ និងជាសំណង់សាសនាដែលមានកំពស់ខ្ពស់ជាងគេក្នុងទីក្រុងភ្នំពេញ។ មានរឿងព្រេងមួយតំណាលថា មានស្រ្តីមេមាយម្នាក់ឈ្មោះ ពេញ ថ្ងៃមួយបានដើរលេងតាមដងទន្លេមេគង្គ ក៏បានឃើញដើមគគីមួយដណ្តែតជិតច្រាំងទន្លេ គាត់ក៏បានហៅអ្នកជិតខាងមកជួយទាញយកដើមគគីនោះ។ នៅក្នុងដើមគគីនោះ គាត់ក៏បានរកឃើញពុទ្ធដិមាករដ៏មានតំលៃចំនួន៤អង្គ។ ក្នុងឆ្នាំ ១៣៧២ គាត់ក៏នាំអ្នកស្រុកពូនជាភ្នំ និង សាងសង់វិហារមួយដើម្បីតម្កល់ពុទ្ធដិមាករនោះ។
នៅឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បានមកដល់ទីនេះ ហើយបានកសាងទីក្រុងមួយដោយយកឈ្មោះតាមកន្លែងនោះ។ នៅក្នុងបរិវេណវត្តភ្នំ មានចេតីយ៏ធំមួយនៅក្រោយព្រះវិហារ ដែលតំកល់ព្រះធាតុរបស់ព្រះបាទពញាយ៉ាត និង ចេតីយ៏សំរាប់តំកល់ព្រះធាតុរបស់ព្រះញាតិវង្សព្រះអង្គ។ នៅក្នុងចេតីយ៏នោះ នៅមានសល់បដិមាព្រះពុទ្ធនៅសម័យអង្គរផងដែរ។ ចេតីយ៏ និង ព្រះវិហារ នៅវត្តភ្នំ បានកសាងជាច្រើនដង គឺនៅឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែលពីម្តងទៅម្តងកាន់តែធ្វើឲ្យវាមានសំរស់ប្រសើរឡើងៗ ។
ប្រវត្តិ
ក្នុងកាលកន្លងទៅហើយ (គ.ស ១៣៧២) មានដូនចាស់ម្នាក់ឈ្មោះ “ពេញ” ជាអ្នកមានភោគសម្បត្តិបរិបូរណ៍ មានលំនៅក្បែរច្រាំងទន្លេបួនមុខ ។ ផ្ទះរបស់គាត់សង់នៅលើទួលខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំងទឹកទន្លេជន់លិចរហាចរហឹម ដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្តែតមកក្បែរ ច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរច្រាំងនោះ ។
លុះដូនពេញឃើញដូច្នេះ ក៏ប្រញាប់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកដើមគគីរនោះ ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្តងៗទាល់តែមកដល់មាត់ច្រាំង ។ ពេលនោះដូនពេញយកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់់ក៏បានឃើញក្នុងប្រហោងឈើគគីរមានព្រះពុទ្ធរូប ៤ អង្គតូចៗ ធ្វើអំពីសំរឹទ្ធិ និងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ។
ទេវរូបនោះ ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរពបូជាក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះ មកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតម្កល់ជាបណ្ដោះអាសន្ន ។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាងជួយលើកដីពូនភ្នំ ដែលនៅខាងលិចផ្ទះរបស់គាត់នោះឲ្យទៅជាភ្នំមែនទែន ។
បន្ទាប់ពីនោះគាត់ឲ្យគេអារឈើគគីរនោះ ធ្វើជាសសរវិហារដែលគាត់បំរុងសង់លើភ្នំនោះ។ ក្នុងគ.ស ១៣៧២ ដូនពេញ និង អ្នកស្រុកជាច្រើននាក់ ស្រុះស្រួលបបួលគ្នាសាងសង់ព្រះវិហារមួយខ្នងប្រក់ស្បូវភ្លាំងនៅលើ កំពូលភ្នំនោះ ហើយគាត់នាំគ្នាដង្ហែព្រះពុទ្ធរូបសំរឹទ្ធិទាំង ៤អង្គ ទៅតម្កល់ទុកក្នុងវិហារនោះ ។ ចំណែកទេវរូបថ្មមួយអង្គគាត់ដង្ហែទៅតម្កល់ទុកលើអសនៈមួយនៅជើងភ្នំ ខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្តែតទឹកមកពីស្រុកលាវ និងមានភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា “អ្នកតាព្រះចៅ” នាមនោះជាប់តរហូតមកដល់សព្វថ្ងៃនេះ ។
នៅខាងក្រោយវត្តមានចេតីយ បុរាណមួយដែលតម្កល់អដ្ឋិធាតុព្រះបាទពញាយ៉ាត (ព្រះរាជាដែលបានយាងចោលទីក្រុងអង្គរក្នុងឆ្នាំ ១៤៣១ នៃគ្រិស្តសករាជ) ។ អ្នកទេសចរទាំងឡាយមិនអាចចាកចេញពីទីកន្លែងនេះ ដោយមិនបានទៅលេងស្តូបរំលឹកអនុស្សារីយ៍ ដែលធ្វើឲ្យយើងនឹកឃើញឡើងវិញពីដែនដីទាំងនេះ កាលពីអំឡុងសម័យសង្គ្រាមលោកលើកទីពីរនោះឡើយ ។ ស្តូបរំលឹកអនុស្សារីយ៍នេះ មានទីតាំងស្ថិតនៅផ្នែកខាងត្បូងនៃជើងភ្នំ។
កូនភ្នំនេះត្រូវបានគ្របដណ្តប់ និងព័ទ្ធជុំវិញដោយដើមឈើតំបន់ត្រូពិចដែលតំណាងឲ្យវិស័យផ្សេងៗ ដែលបានចាក់ឫសនៅពាសពេញប្រទេស ។ ដើមឈើទាំងនេះបានក្លាយជាទីជម្រកសម្រាប់សត្វស្វា និងបក្សីជាច្រើន ជាពិសេសសត្វជ្រឹងធំៗ ដែលកំពុងតោងមែកឈើទាំងឡាយ ។ កាលសាងសង់វិហាររួចហើយ យាយពេញបាននិមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះ នៅទិសខាងលិចទើបមានឈ្មោះថា “វត្តភ្នំដូនពេញ” ដែលសព្វថ្ងៃហៅកាត់ថា “វត្តភ្នំ” តាំងពីពេលនោះមករហូតមកដល់សព្វថ្ងៃ។