ទីលានជល់ដំរី ឋិត នៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជ វាំង។ លាននេះមានប្រវែង៣៥០ម៉ែត្រ ជាទីតាំងដែលព្រះរាជាខ្មែរគឺព្រះបាទជ័យវរ្ម័នទី៧ ប្រើប្រាស់សម្រាប់ទតមើលកងទ័ពខ្មែរនៅពេលត្រលប់ពីសង្គ្រាមវិញ និងនៅមុនពេលចេញធ្វើសង្គ្រាម។ លាននេះបានយកឈ្មោះដូចរូបចម្លាក់ដែលបានឆ្លាក់ជាប់នឹងលាននេះនៅពី ខាងកើត ជារូបសត្វដំរី និងហ្មរជាច្រើន។
រូបនោះពណ៌នាអំពីសត្វដំរីដែលព្រះរាជាខ្មែរប្រើប្រាស់ដើម្បីប្រមាញ់ និងហើយដំរីនោះទៀតសោតបានប្រើប្រាស់ប្រមោយរបស់ខ្លួនប្រយុទ្ធជាមួយ សត្វសាហាវ មានខ្លាជាដើម។ នៅទីលាននេះមានសត្វតោឈរចាំយាមសងខាងនៅជណ្ដើរឡើងទៅខាងលើនិងមាន សត្វនាគជាបង្កាន់ដៃ។នៅពីខាងជើងផុតនៃរានហាល ខាងក្រោយជញ្ជាំងខាងក្រៅមានរូបចម្លាក់សត្វសេះក្បាល៥មានលក្ខណៈល្អរស់ រវើក។ សេះនេះជាសេះរបស់ព្រះរាជាតាមការសន្និដ្ឋានដោយយោងទៅតាម ឆ័ត្ររួតដែលនៅពីខាងលើសេះនោះ។ តែនៅមានអ្នកខ្លះសន្និដ្ឋានថាជាតំណាង ឱ្យព្រះពោធិសត្វលោកេស្វរ ដែលបានប្រែក្រឡាជាសត្វសេះបាឡាហ៕