តុលាការ ប្រៀបដូចជាអាជ្ញាកណ្ដាល ក្នុងការកាត់សេចក្ដីផ្សេងៗ សម្រាប់ភាគីជម្លោះទាំងសងខាង។ តុលាការដែលកាត់ក្ដីដោយគ្មានភាពយុត្តិធម៌ តុលាការនោះប្រកាន់នូវអគតិទាំង៤ យ៉ាង។ តើអគតិទាំង៤ យ៉ាងនោះមានអ្វីខ្លះ ដែលតុលាការគ្រប់រូបត្រូវតែលះបង់ចោល? ក្នុងនាមជាអាជ្ញាកណ្ដាល យើងមិនអាចលំអៀងទៅកាន់ខាងណាម្ខាងឡើយ ព្រោះបើលំអៀងខាងស្ដាំ និងអយុត្តិធម៌ ចំពោះខាងឆ្វេង ហើយបើលំអៀងខាងឆ្វេង ច្បាស់ជាខាងស្ដាំមិនសុខចិត្ត។ អគតិទាំង៤យ៉ាង មានដូចខាងក្រោម៖
– (ឆន្ទាគតិ < ឆន្ទ + អគតិ) លំអៀងព្រោះស្រឡាញ់។ ក្នុងផ្នែកនេះ ចង់បញ្ជាក់ប្រាប់ថា យើងមិនអាចកាត់សេចក្តីទៅឲ្យអ្នកណាឈ្នះ ដោយសារតែការស្រឡាញ់ឡើយ។
– (ទោសាគតិ < ទោសៈ + អគតិ) លំអៀងព្រោះស្អប់ ឬសម្អប់។ តុលាការ មិនអាចកាត់ក្ដីឲ្យទៅភាគី ក ឬ ខ ចាញ់ ដោយសារតែការស្អប់ ក្នុងរឿងរ៉ាវពីមុនឡើយ។
– (ភយាគតិ < ភយៈ + អគតិ) លំអៀងព្រោះភ័យខ្លាច។ នេះជាការលំអៀង ព្រោះភ័យខ្លាច ព្រោះអំណាចគេធំ ហើយកាត់ក្ដីឲ្យគេឈ្នះនោះទេ។
– (មោហាគតិ < មេហៈ + អគតិ) លំអៀងព្រោះមិនដឹង ព្រោះល្ងង់ មិនច្បាស់ការណ៍។ តុលាការមិនអាចជាមនុស្សល្ងង់ ហើយទៅកាត់ក្ដីដោយមិនបានសាកសួរ មិនបានស៊ើបអង្កេត ឲ្យបានច្បាស់នោះទេ។ យើងត្រូវចេះសាកសួរពីហេតុផលនានា ពីភាគីម្ខាង និងភាគីម្ខាងទៀត។
ដកស្រង់ និងកែសម្រួលចេញពី ៖ សៀវភៅ សីលធម៌-ពលរដ្ឋវិជ្ជា ទៀង សេងលាង