ប្រជ្រុយនៅលើទងស្លឹកត្រចៀក
អ្នកដែលមានប្រជ្រុយនៅលើទងស្លឹកត្រចៀក គឺជាមនុស្សមានសម្ថភាព មានទេពកោសល្យ មានគំនិតប្រាជ្ញាឈ្លាសវៃ មានសុភមង្គល ការរកស៊ីវិញគឺទទួលបានជោគជ័យ ហើយទៅថ្ងៃមុខក៏អាចក្លាយទៅជាអ្នកមានទ្រព្យស្ដុកស្ដម្ភម្នាក់ដែរ ។ ប៉ុន្តែបើជាប្រភេទប្រជ្រុយដែលមានពណ៌សស្លេក ឬពណ៌ក្រហមព្រឿងៗវិញជាមនុស្សដែលមានមនសិកាផ្ទាល់ខ្លួនខ្លាំងក្លា ហើយដោយសារតែទំនើងចិត្តខ្លួនឯងនេះហើយទើបនាំមកនូវជោគសំណាងអាក្រក់។
ប្រជ្រុយនៅលើត្របកភ្នែក
អ្នក ដែលមានប្រជ្រុយនៅលើត្របកភ្នែក ក្នុងចំណោមមនុស្ស ១០នាក់ មាន៩នាក់ ប្រៀបដូចជាសត្វខ្យងហៀនគ្មានស្នូក ហើយបើមិនដូច្នោះទេ ជាមនុស្សដែលមិនមានលំនៅស្ថានពិតប្រាកដ។ ពួកគេចូលចិត្តសេរីភាព ដូច្នេះជាញឹកញាប់តែងផ្លាស់ប្ដូរទីលំនៅ។ ប្រសិនបើប្រជ្រុយមានពណ៌ខ្មៅរលោង ប្រែជាមានជោគសំណាងល្អទៅវិញ។ ប្រសិនបើប្រជ្រុយពណ៌ក្រហមព្រឿងៗ ជាមនុស្សចូលចិត្តប្រឆាំងនឹងមេកោយ ឬចាស់ទុំទៀតផង។
ប្រជ្រុយនៅក្រោមភ្នែក
អ្នកដែលមានប្រជ្រុយនៅក្រោមភ្នែក ជាមនុស្សសម្បូរស្នេហ៍ ហើយជារឿយៗតែងតែជួបនឹងករណីស្នេហ៍ច្រើនទុក្ខច្រើន។ ចំពោះស្ត្រីភេទ ក្រោយពីទទួលរងការរំជើបរំជួលចិត្តរួចមក តែងតែយល់ច្រឡំពីរឿងស្នេហា។ ដូចច្នេះថ្ងៃណាមួយ បើមានទំនាក់ទំនងស្នេហា មិនត្រូវងប់ងល់ខ្លាំងពេកនោះឡើយ។
ប្រជ្រុយនៅចុងកន្ទុយភ្នែក
អ្នកដែលមានប្រជ្រុយប្រភេទនេះ ភាគច្រើន នៅពេលកំពុងមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួត ឬក្រោយពេលរៀបអាពាហ៍ពិពាហ៍រួច មានអ្នកទីបីចូលមកជ្រៀតជ្រែក។ ក្រៅពីនោះ អាពាហ៍ពិពាហ៍ដំបូងតែងតែបានជួបឧបសគ្គ។
ប្រជ្រុយបង្កប់ក្នុងរោមចញ្ចើម
ជាប្រភេទប្រជ្រុយនាំមកនូវជោគលាភល្អ និង អាយុវែង។ មិនថាប្រជ្រុយកប់ក្នុងរោមចិញ្ចើមខាងឆ្វេង ឬខាងស្ដាំឡើយ សុទ្ធតែជាមនុស្សធ្វើការម៉ត់ចត់ និង ហ៊ានទទួលខុសត្រូវ ព្រមទាំងមានចិត្តមេត្តាករុណា សក្តិសមប្រកបការងារផ្នែកសប្បុរសធម៌។ ម្យ៉ាងទៀត មនុស្សប្រភេទនេះមានជំនាញផ្នែកសិល្បៈទៀតផង។
ប្រជ្រុយនៅពីក្រោមបបូរមាត់
អ្នកដែលមានប្រជ្រុយប្រភេទនេះ មួយជីវិតប្រហែលជាអាចនៅតែលតោលមិនប្រាកដប្រជា ហើយបើទោះជាមានទ្រព្យច្រើនយ៉ាងណាក្ដី ក៏មិនសក្តិសមនឹងទិញអចលនទ្រព្យដែរ។ ប៉ុន្តែបើប្រជ្រុយមានពណ៌ខ្មៅភ្លឺរលោងវិញ មួយជីវិតនេះអាចមានជីវភាពរស់នៅប្រកបដោយសេចក្ដីសុខដុមរមនា។ ប្រសិនបើចំណុចប្រជ្រុយស្ថិតនៅចំកណ្ដាលខាងក្រោមបបូរមាត់ គឺជាមនុស្សប្រមឹករាល់ថ្ងៃ។ ចំណែកអត្តចរិតវិញជាមនុស្សមានឆន្ទៈខ្សោយ រីឯគុណសម្បត្តិវិញ ជាមនុស្សដែលមានការគិតគូរដិតដល់ ហ៊ានអារកាត់គ្រប់រឿងរ៉ាវដោយឥតរួញរាឡើយ។
ប្រជ្រុយនៅលើបបូរមាត់
អ្នកដែលមានប្រជ្រុយប្រភេទនេះ ក្រោយពេលរៀបអាពាហ៍ពិពាហ៍រួចអាចមានកូនភ្លោះ។ ចំពោះស្ត្រីប្រសិនបើចំណុចប្រជ្រុយស្ថិតនៅចំកណ្ដាល រវាងចុងច្រមុះ និង បបូរមាត់នោះ ចូរយកចិត្តទុកដាក់លើបញ្ហាសម្រាលកូន ព្រោះពិបាកក្នុងការឆ្លងទន្លេ។ មនុស្សប្រភេទនេះមិនសូវចេះសម្រួលទៅតាមកាលទេសៈ និង មិនសូវមានសេរីទៀតផង។ ប៉ុន្តែបើជាប្រជ្រុយមានពណ៌ខ្មៅរលោង បែរជាមានជោគសំណាងល្អទៅវិញ ព្រោះក្នុងមួយជីវិតមិនមានភាពខ្វះខាតឡើយ ហើយជីវភាពរស់នៅក៏ប្រកបដោយភាពថ្កុំថ្កើនរុងរឿងដែរ ។
ប្រជ្រុយគ្រោះលង់ទឹក
មានពីរប្រភេទគឺចំណុចប្រជ្រុយនៅចំកណ្ដាលថ្ពាល់ខាងស្ដាំ និង នៅចំកណ្ដាលក្ដោងច្រមុះ។ អ្នកដែលមានប្រជ្រុយប្រភេទនេះជាទូទៅគឺខ្លាចទឹក។ ចំពោះស្ត្រីដែលមានប្រជ្រុយបែបនេះគួរជៀសវាងសកម្មភាពនៅលើផ្ទៃទឹក ដូចជាទឹកសមុទ្រទន្លេបឹងបួរជាដើម។
ប្រជ្រុយនៅចុងច្រមុះ
សម្រាប់បុរសដែលមានប្រជ្រុយប្រភេទនេះអាចមានឈ្មោះបោះសំឡេង និងប្រមូលផលចំណូលតែក្នុងរយៈពេលខ្លីប៉ុណ្ណោះ ចំណែកឯស្ត្រីគឺមានជោគលាភនិងជោគទ្រព្យល្អ។ ក្រៅពីនេះទាំងបុរសនិងស្ត្រីកាលបើមានប្រជ្រុយប្រភេទនេះ សុទ្ធតែជាមនុស្សមានកាមតណ្ហាខ្លាំងក្លាដូចគ្នា។
ប្រជ្រុយនៅកណ្ដាលរោមចិញ្ចើម
ប្រជ្រុយ ប្រភេទនេះតំណាងឲ្យជោគជ័យធំនិងនិងបរាជ័យក៏ធំដែរ។ ចំពោះស្ត្រីបង្ហាញពីជោគគ្រួសារខ្សត់ខ្សោយបន្តិចត្រូវយកចិត្តទុកដាក់ទាក់ទាញចិត្តលោកប្ដីឲ្យបានជាប់ ពុំនោះទេអាចចែកផ្លូវគ្នាដើររៀងៗខ្លួនជាក់ជាមិនខាន ប៉ុន្តែអ្នកក៏ជាស្ត្រីជើងខ្លាំងម្នាក់ដែរពិតមែនតែពុំសូវយកចិត្តទុកដាក់ប្រកបកិច្ចការងារក្នុងផ្ទះក្ដីតែចូលចិត្តទៅប្រកបកិច្ចការងារនៅទីឆ្ងាយ។
ប្រជ្រុយនៅលើថ្ងាសជិតជើងសក់
អ្នកដដែលមានប្រជ្រុយប្រភេទនេះមានជោគសំណាងល្អណាស់ ព្រោះក្នុងមួយជីវិតអ្នកអាចទទួលបានការកោតសរសើរពីអ្នកដទៃហើយ ប្រជ្រុយប្រភេទនេះអាចធ្វើឲ្យបុគ្គលម្នាក់ ពេលជួបគ្រោះអាក្រក់ ប្រែមកជាល្អ។
ប្រជ្រុយបបូរមាត់
អ្នក ដែលមានប្រជ្រុយប្រភេទនេះជាមនុស្សសម្បូរទៅដោយមនោសញ្ចេតនា មានចិត្តមេត្តាករុណាហើយក្នុងមួយជីវិតនេះតែងតែជួយឈឺឆ្អាលរឿងរបស់អ្នកដទៃ ព្រមទាំងត្រូវបានបងប្អូនញាតិមិត្តស្រឡាញ់រាប់អានទៀតផង។ ទោះជាបែបនេះក្ដីត្រូវយកចិត្តទុកដាក់បញ្ហាហូបចុកមិនត្រូវល្មោភស៊ី ល្មោភផឹកឡើយព្រោះអាចអន្តរាយដល់សុខភាព។
ប្រជ្រុយក្បែរស្លាបច្រមុះទាំងសងខាង
អ្នកដែលមានប្រជ្រុយនៅក្បែរស្លាបច្រមុះឆ្វេងឬស្ដាំជាមនុស្ស មានគំនិតមិនប្រាកដប្រជា មិនសូវជាពេញចិត្តក្នុងកិច្ចការងារប៉ុន្មានឡើយ ហើយអាចប៉ះពាល់ដល់ការរីកលូតលាស់មុខរបរជួញដូរ និងពិបាកធ្វើឲ្យអ្នកដទៃជឿទុកចិត្តទៀតផង។ ប្រសិនបើប្រជ្រុយមានពណ៌ភ្លឺរលោងវិញ ជាបុគ្គលដែលមានជោគការងារល្អ និងចេះសម្របសម្រួលទៅតាមកាលៈទេសៈប្រែប្រួល។ លុះឈានដល់វ័យកណ្ដាល ជោគសំណាងក៏ប្រែមកជាល្អប្រសើរ ហើយជីវភាពរស់នៅក៏ប្រកបតែសេចក្ដីសុខក្សេមក្សាន្តដែរ។
ប្រជ្រុយនៅលើថ្ងាសខាងឆ្វេង ឬ ស្ដាំ
អ្នកដែលមានប្រជ្រុយនៅត្រង់កន្លែងនេះ ជាមនុស្សមានឧបនិស្ស័យតិចជាមួយញាតិសន្ដាន ហើយឱកាសនៃការចាកចេញពីផ្ទះមានច្រើន ព្រមទាំងមិនងាយនឹងទទួលបានការជ្រោមជ្រែងពីចាស់ទុំ និងការដំឡើងយសស័ក្កិពីចៅហ្វាយនាយទៀតផង។ រីឯជីវភាពរស់នៅលំបាកលំបិន ប៉ុន្តែបើចំណុចប្រជ្រុយស្ថិតនៅចំកណ្ដាលផ្នែកលើបន្តិច ជាមនុស្សមានគំនិតចាស់ទុំ ហើយដល់វ័យចាស់ជរា នឹងមានជីវភាពល្អប្រសើរ និងមានសេចក្ដីសុខដុមរមនា។ ចំពោះស្ត្រី គឺតំណាងឲ្យជោគទ្រព្យល្អណាស់ តែរឿងស្នេហាវិញ ងាយនឹងជូបបញ្ហាស្មុគស្មាញច្រើន។ ដូច្នេះការជ្រើសរើសគូស្រករត្រូវត្រិះរិះពិចារណាឲ្យបានល្អិតល្អន់ តែបើជាប្រជ្រុយមានពណ៌ខ្មៅភ្លឺរលោងវិញគឺបង្ហាញពីជោគសំណាងល្អ មូលដ្ឋានគ្រឹះច្បាស់លាស់ នឹងអាចទទូលបានជោគជ័យដ៏ត្រចះត្រចង់ទៀតផង៕