ដើម្បីចិញ្ចឹមជីវិត ជនជាតិកួយប្រកបរបរកសិកម្មជាមូលដ្ឋាន។ គេធ្វើស្រែ ២ឬ៣ ក្បែរៗភូមិ ធ្វើរបៀបលេងៗ សោះតែខាន។ គេនិយមធ្វើចម្ការតាមរបៀបកាប់ព្រៃដុត រួចដាំស្រូវ ពោត សណ្ដែកទ្រើង ល្ង ល្ពៅ ននោង។ ដំណាំផ្សេងៗត្រូវបានដាំចម្រុះគ្នានៅក្នុងចម្ការតែមួយ។ ក្រឡាផ្ទៃនៃចម្ការ មានពី១ ទៅ២ហិចតា។ គ្រួសារនីមួយៗ ចិញ្ចឹមគោញី១ ឬ២ ចិញ្ចឹមមាន់ ២ ឬ៣ ក្បាល។ ក្រៅពីរបរធ្វើស្រែចម្ការ ជនជាតិកួយរកស៊ីកាប់ឈើ ចាំងជាហុបធ្វើទូក ត្បាញឫស្សី ឬឆ្នូ ធ្វើដំបូលរទេះ ធ្វើគ្រូស (ប្រដាប់ប្រដាដងទឹក ធ្វើពីឫស្សី) ចន្លុះ ដងជ័រទឹក បេះជ័រចុង បោចវល្លិ៍ ផ្ដៅ ដំដែកធ្វើកាំបិត ពូថៅ ដឹង ។ល។ ស្រីៗត្បាញរវៃអំបោះ ជួនកាលធ្វើសូត្របន្តិចបន្តួចផងដែរ។ ប្រុសៗចូលចិត្តបរបាញ់ ដាក់អន្ទាក់ ទាក់សត្វព្រៃ ព្រោះពួកនេះប៉ិនប្រសប់ និងស្គាល់ដានសត្វគ្រប់យ៉ាង។
ដកស្រង់ចេញពី ឯកសារស្ដីពី
ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ (ភាគ៣)