អត្ថាធិប្បាយ​អំពី មនុស្ស​ពាល

មនុស្ស​ពាល មិន​ត្រឹម​តែ​បំផ្លាញ​សង្គម​ជាតិ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បំផ្លាញ​អ្នក​ដ៏ទៃ​គួរ​ឲ្យ​ភ័យ​ខ្លាច​ថែម​ទៀត។ មនុស្ស​ពាល​នេះ​ទៀត​សោត​ក៏​មាន​ច្រើន​ប្រភេទ ច្រើន​យ៉ាង​ផង​ដែរ។ ពាក្យ​ចាស់​បុរាណ លោក​ឲ្យ​យើង​ម្នាក់ៗ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​មនុស្ស​ពាល​នេះ​ខ្លាំង​ណាស់ ដោយ​លោក​លើក​ឡើង​ថា បើ​យើង​ភ័យ​ខ្លាច​ចំពោះ​សត្វ​សាហាវ ដូច​ជា ខ្លា, ដំរី, ពស់… ជា​ដើម​នោះ យើង​គ្រាន់​តែ​គេច​ចេញ​ពី​សត្វ​អស់​ទាំង​នោះ ចម្ងាយ​ហាសិប ទៅ​ហុកសិប​ម៉ែត្រ នោះ​យើង​នឹង​អាច​រួច​ពី​មហន្តរាយ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ ចំពោះ​បុគ្គល​ពាល​នេះ លោក​ឲ្យ​យើង​គេច​ចម្ងាយ​មួយ​យោជន៍​ ឬ​ឆ្ងាយ​បំផុត​តាម​ដែល​អាច​ធ្វើ​បាន។

យើង​ពុំ​អាច​ដឹង​បាន​សព្វ​គ្រប់​ នូវ​អាការ​នៃ​មនុស្ស​ពាល​ដែល​វា​សម្ដែង​ចេញ​មក​នោះ ច្រើន​បែប ច្រើន​សណ្ឋាន​យ៉ាង​ណា​ខ្លះ​នោះ​ទេ។ មាន​ពេល​ខ្លះ​វា​ធ្វើ​ជា​កំសត់, ការ​បង្កើត​ជា​ពាក្យ​បំភ័យ​ដល់​អ្នក​ស្រុក, យក​សាសនា​ធ្វើ​ជា​ខែល, យក​សក់​បាំង​ភ្នំ ឬ​ធ្វើ​ជា​អួត​ចំណេះ​វិជ្ជា​ជា​ដើម។ នៅ​ក្នុង​សម័យ​បច្ចុប្បន្ន​យើង​ឃើញ​ជាក់​ស្ដែង​ជា​រឿយៗ ដោយ​ជន​ពាល​ខ្លះ បាន​ធ្វើ​ជា​ជ្រុះ​បាត់​មាស​មួយ​កញ្ចប់ នៅ​មុខ​ជន​រង​គ្រោះ​ដែល​គេ​បម្រុង​នឹង​បោក​បញ្ឆោត យក​ទ្រព្យ​សម្បត្តិ។ ពេល​មនុស្ស​ដែល​ជា​ជន​រង​គ្រោះ​នោះ ទៅ​រើស​យក​មាស​នោះ គេ​ក្លែង​ធ្វើ​ជា​ឃើញ​មាស​នោះ​ក្នុង​ពេល​ដំណាល​គ្នា​ជា​មួយ​ជន​រង​គ្រោះ​ដែរ។ ជន​ពាល​ធ្វើ​អាកប្បកិរិយា​ហាក់​ដូច​ជា​មិន​សូវ​ចង់​បាន​របស់​ដែល​ទើប​នឹង​រើស​បាន​នោះ​ឡើយ ដោយ​គេ​សុំ​ត្រឹម​ចំណែក​តិច​តួច ដោយ​ឲ្យ​ជន​រង​គ្រោះ​ដោះ​ចិញ្ចៀន ឬ​ខ្សែក ដែល​ពាក់​ជាប់​នឹង​ខ្លួន​នោះ​ឲ្យ​ទៅ​គេ ចំណែក​ឯ​របស់​ដែល​រើស​បាន​នោះ គេ​នឹង​ឲ្យ​ជន​រង​គ្រោះ​ទាំង​អស់។ តើ​យើង​អាច​ទាយ​ដឹង​បាន​ទេ​ថា នៅ​ក្នុង​កញ្ចប់​នោះ​មាន​អ្វី? ធាតុ​ពិត​នោះ​ក្នុង​នោះ អាច​មាន​ជា គ្រាប់​ក្រួស ឬ​លោហធាតុ​ដែល​គ្មាន​គុណ​តម្លៃ​សូម្បី​តែ​បន្តិច​សោះ​ឡើយ។

ដោយ​សេចក្ដី​លោភលន់​របស់​យើង​នៅ​មិន​ទាន់​ចេះ​អស់ ឬ​អាច​ជា​ការ​ពិចារណា​មិន​ទាន់​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​នូវ​ល្បិច​នេះ យើង​នឹង​អាច​អស់​ខ្សែក ខ្សែដៃ ចិញ្ចៀន មាស​ ប្រាក់​ជា​ដើម។ នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ​តូច​ដែល​យើង​ខ្ញុំ​បាន​លើក​យក​មក​ឧទាហរណ៍​បង្ហាញ​ទាក់​ទង​នឹង​បុគ្គល​ពាល​ ដែល​អាច​នាំ​យើង​ឲ្យ​ជួប​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា។

ដោយ​គេហទំព័រ ៖ ខ្ញុំ​ស្រឡាញ់​ប្រទេស​ខ្ញុំ