ក្រុមមន្ត្រីព្រៃឈើ និងអភិរក្សសត្វព្រៃ បានសិក្សាស្រាវជ្រាវអំពីសត្វព្រៃ និងព្រៃឈើនៅក្នុងតំបន់សហគមន៍មួយចំនួនក្នុងខេត្តឧត្តរមានជ័យ បានរកឃើញថា ពូជសត្វដ៏កម្រនៅលើពិភពលោកមួយចំនួនដែលជិតផុតពូជទៅហើយនោះ នៅមានវត្តមានក្នុងព្រៃសហគមន៍នេះនៅឡើយ។
Pact Cambodia Photo
សត្វក្ងោក នៅខេត្តឧត្ដរមានជ័យការ កាប់បំផ្លាញព្រៃឈើ និងបរបាញ់សត្វព្រៃក្នុងប្រទេសកម្ពុជា កន្លងមកបានធ្វើឲ្យព្រៃឈើហិនហោច និងបាត់ពូជសត្វព្រៃស្ទើរគ្មានសល់។ តែទោះជាយ៉ាងណាក្ដី កម្ពុជាក៏នៅមានសេសសល់សត្វព្រៃដ៏កម្រខ្លះៗដែរ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សកម្មជនបរិស្ថាន។មន្ត្រីអង្គការ ផេក ខេមបូឌា (Pact Cambodia) និងអង្គការសត្វព្រៃអន្តរជាតិ (Wildlife International) សហការជាមួយនាយកដ្ឋានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មកម្ពុជា បានឲ្យដឹងថា ក្រោមការគាំទ្រពីក្រសួងការបរទេសសហរដ្ឋអាមេរិក អង្គការទាំងពីរ រួមទាំងរដ្ឋបាលព្រៃឈើកម្ពុជា បានធ្វើការសិក្សាមួយឡើងនៅខែវិច្ឆិកា ឆ្នាំ២០១០ ស្ដីពីចំនួនសត្វព្រៃ និងគុណភាពព្រៃឈើសហគមន៍ដែលគេកំពុងអភិរក្សនៅក្នុងខេត្ត ឧត្តរមានជ័យ។
ការស្រាវជ្រាវនេះធ្វើឡើងក្នុងសហគមន៍ព្រៃឈើចំនួន៤ គឺសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន សហគមន៍សង្គ្រោះព្រៃឈើ អណ្ដូងបរ និងសហគមន៍ព្រៃស្រោង ដែលមានផ្ទៃដីព្រៃសរុបទំហំ ៣៤,៧៧៣ហិកតារ។សេចក្ដីប្រកាសព័ត៌មានរួមនៃអង្គការ ផេក ខេមបូឌា និងអង្គការសត្វព្រៃអន្តរជាតិ ចុះថ្ងៃទី២៥ មីនា បង្ហាញថា ការស្រាវជ្រាវនោះបានសិក្សាស្រាវជ្រាវលើប្រភេទសត្វស្លាបសរុបចំនួន ១៧៤ប្រភេទ និងសត្វជើងបួន ២៦ប្រភេទ។ ជាលទ្ធផលបានបង្ហាញថា ក្នុងចំណោមចំនួនសត្វដែលបានស្រាវជ្រាវទាំងនោះ គេឃើញមានពូជសត្វស្លាបដ៏កម្រចំនួន ៧ប្រភេទ ដូចជាសត្វក្ងោកពណ៌បៃតង ត្រដក់ធំ ននាល សត្វអង្កត់ខ្មៅ និងសត្វស្លាបដ៏កម្រផ្សេងទៀត។
ចំណែកសត្វជើងបួនវិញ គេឃើញនៅមានចំនួន ៩ប្រភេទ ដូចជាសត្វខ្លាធំ ខ្ទីង រមាំង ទន្សោង ឆ្កែព្រៃ សត្វទោចជាដើម ដែលពពួកពូជសត្វទាំងនោះកំពុងជិតផុតពូជក្នុងពិភពលោក។ក្រុមមន្ត្រីអភិរក្សសត្វព្រៃ និងព្រៃឈើអះអាងថា នេះជាមោទនភាពណាស់ចំពោះប្រទេសកម្ពុជា ដែលមានពូជសត្វដ៏កម្រនេះ បើប្រៀបធៀបទៅប្រទេសជាច្រើនទៀតដែលដាច់ពូជអស់។កញ្ញា អាម៉ានដា ប្រេដ្លី (Amanda Bradley) នាយកកម្មវិធីនៃភាពដៃគូព្រៃឈើរបស់អង្គការ ផេក ខេមបូឌា ដែលរួមចំណែកការស្រាវជ្រាវនោះ មានប្រសាសន៍ថា ទៅថ្ងៃអនាគតសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ មិនត្រឹមតែបានអភិរក្សសត្វព្រៃដ៏កម្រតែប៉ុណ្ណោះទេ តែអង្គការអភិរក្សសត្វព្រៃ សហការជាមួយរដ្ឋបាលព្រៃឈើកម្ពុជា និងសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ កំពុងអនុវត្តន៍គម្រោងអភិរក្សព្រៃឈើដើម្បីផលិតការបោន (Carbon) ក្នុងបំណងរក្សាបរិស្ថាន រួមចំណែកកាត់បន្ថយកម្ដៅផែនដីផងដែរ។
កញ្ញា អាម៉ានដា ប្រេដ្លី មានប្រសាសន៍បន្ថែមដូច្នេះ ៖ «ការសិក្សា នេះមានសារសំខាន់សម្រាប់ការពារសត្វព្រៃ ព្រៃឈើនៅប្រទេសកម្ពុជា ពិសេសដោយសារសហគមន៍ចូលរួម មានខាងរដ្ឋបាលព្រៃឈើសហការក្នុងការការពារ។ ខ្ញុំសង្ឃឹមថា វាអាចការពារទៅថ្ងៃមុខ គម្រោង រ៉េដ (REDD) នៅឧត្តរមានជ័យ មានរយៈពេល ៣០ឆ្នាំ និងយើងឃើញសហគមន៍ខំប្រឹងការពារសត្វព្រៃនៅទីនោះ»។យ៉ាងណាក្ដី តំណាងសហគមន៍ព្រៃឈើជាច្រើនបានអះអាងថា ដំណាលគ្នានឹងការអភិរក្សពូជសត្វព្រៃដ៏កម្រនេះ ក៏សត្វព្រៃដ៏កម្រនេះកំពុងប្រឈមការផុតពូជផងដែរ ដោយសារជនល្មើសបំផ្លាញ។ បច្ចុប្បន្នមានព្រានព្រៃ ឬជនល្មើសជាច្រើនបានមកលួចដាក់អន្ទាក់សត្វរៀងរាល់ថ្ងៃ ហើយក្រុមការពារព្រៃឈើសហគមន៍បានរកឃើញអន្ទាក់សត្វប្រហែល ៥០ ទៅ ៦០អន្ទាក់រៀងរាល់ខែ។តំណាងសហគមន៍មួយចំនួនឲ្យដឹងថា ជួនកាលសត្វប្រើស និងសត្វដែលកម្រមានដទៃទៀតត្រូវគេប្រទះឃើញងាប់ចោលឆ្អឹងក្នុង ព្រៃពេលវារើរួចពីអន្ទាក់ ហើយងាប់ទាំងជើងជាប់អន្ទាក់ដែលដាច់នោះ។
ចំពោះសត្វស្លាបវិញ ជនល្មើសបានដាក់ថ្នាំបំពុល ហើយជនល្មើសខ្លះបានចាក់សំឡេងខ្សែអាត់ជាសំឡេងសត្វដូចគ្នា ទាក់ទាញសត្វឲ្យចូលអន្ទាក់ទាំងទ្រុងៗដើម្បីយកទៅលក់។ព្រះតេជព្រះគុណ ប៊ុន សាលួត ប្រធានសហគមន៍ព្រៃឈើសង្ឃរុក្ខវ័ន មានថេរដីកាថា នៅក្នុងព្រៃសង្ឃរុក្ខវ័នគឺសម្បូរទៅដោយប្រភេទសត្វកម្រច្រើនជាង សហគមន៍ដទៃ ដែលតម្រូវឲ្យព្រះអង្គ រួមទាំងសមាជិកសហគមន៍គ្រប់គ្នាដើរល្បាតគ្រប់ច្រកល្ហករាល់ថ្ងៃ រាល់យប់ឥតឈប់ ៖ «យើងនៅតែបារម្ភដដែល ដូចជាអាត្មាអីចឹង! មិនបានសឹងនៅកន្លែងទេ ទៅសឹងតែក្នុងព្រៃ ទៅឃ្លាំមើលសត្វតាមតំបន់ទឹកជប់ តំបន់ត្រពាំង ដែលមានទឹកជប់ ខ្លាចគេដាក់អន្ទាក់ បើយើងប្រហែសតែមួយអាទិត្យវាអាចបាត់បង់សត្វ»។
នាយកដ្ឋានព្រៃឈើក្រសួងកសិកម្ម សហការជាមួយសហគមន៍ បានចាប់ផ្ដើមកម្មវិធីការបោន ហៅកាត់ជាភាសាអង់គ្លេសថា រ៉េដ (REDD) ដែលចូលរួមដោយសហគមន៍ព្រៃឈើទាំង៤ ក្នុងខេត្តឧត្តរមានជ័យ។ រ៉េដ គឺជាកម្មវិធីមួយរក្សាបរិស្ថានដោយអភិរក្សព្រៃឈើធម្មជាតិឲ្យមាន ព្រៃក្រាស់ រួមទាំងសត្វព្រៃបង្កើតបានជាអុកស៊ីហ្សែន (Oxygen) ឬធាតុអាកាសបរិសុទ្ធក្នុងបរិយាកាស កម្ចាត់ជាតិពុល និងកម្ដៅផែនដី ធ្វើឲ្យមានបរិស្ថានល្អលើភពផែនដី។សូមបញ្ជាក់ថា រ៉េដ ជាកម្មវិធីថ្មីមួយបង្កើតឡើងដោយក្រុមអ្នកជំនាញបរិស្ថានជាតិ អន្តរជាតិ រួមទាំងមន្ត្រីបរិស្ថានអង្គការសហប្រជាជាតិ ដើម្បីជំរុញឲ្យប្រទេសនីមួយៗលើសកលលោកការពារគម្របព្រៃឈើ ក្នុងបំណងការពារ និងរក្សាលំនឹងបរិស្ថាន ទប់ទល់នឹងកម្ដៅផែនដី ដែលកំពុងឡើងកម្ដៅនៅបច្ចុប្បន្ន និងការពារគ្រោះមហន្តរាយធម្មជាតិ ដូចជារញ្ជួយផែនដី ខ្យល់ព្យុះ គ្រោះទឹកជំនន់ និងរាំងស្ងួត ដែលកំពុងគំរាមកំហែងពិភពលោក ហើយប្រទេសកម្ពុជា កំពុងអនុវត្តគម្រោងនេះ។
មន្ត្រីអង្គការអភិរក្សព្រៃឈើ និងបរិស្ថានឲ្យដឹងថា គម្រោងរ៉េដ នៅខេត្តឧត្តរមានជ័យ មានរយៈពេល ៣០ឆ្នាំ ហើយបានចាប់ផ្ដើមនៅឆ្នាំ២០០៨ ហើយនឹងបញ្ចប់នៅឆ្នាំ២០៣៧។លោក ឡុង រតនៈកុមារ អនុប្រធាននាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើ ក្រសួងកសិកម្មកម្ពុជា ថ្លែងថា នេះជាគម្រោងសាកល្បងមួយដែលធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេស កម្ពុជា ហើយកម្មវិធីនេះគេកម្រឃើញមានធ្វើនៅប្រទេសផ្សេងទៀតលើសកលលោក។លោកថា គម្រោងនេះគឺរដ្ឋាភិបាលកម្ពុជា ចង់ផលិតការបោនលក់នៅលើទីផ្សារអន្តរជាតិ ៖ «តាម ពិតជាគោលដៅ របស់យើង យើងប្រុងធ្វើទាំងអស់។ ប៉ុន្តែអានេះគ្រាន់តែជាការសាកល្បងមួយ គឺយើងកំពុងចាប់ផ្ដើម គឺយើងសាកល្បងបណ្ដើរយើងរៀនសូត្រពីដំណើរការបណ្ដើរ»។
លោក ឡុង រតនៈកុមារ អះអាងថា គម្រោង រ៉េដ នៅខេត្តឧត្តរមានជ័យនេះ នឹងអាចទាញយក ការបោនពីព្រៃសហគមន៍លក់នៅទីផ្សារអន្តរជាតិបានក្នុងតម្លៃទឹក ប្រាក់ចំនួន ៣០លានដុល្លារក្នុងមួយឆ្នាំៗ ហើយប្រាក់ចំណូលនោះនឹងយកទៅផ្គត់ផ្គង់ជីវភាពប្រជាជនដែលការពារ ព្រៃសហគមន៍ទាំងនោះផងដែរ។លោកបន្ថែមថា ក្នុងពេលនេះដែរ រដ្ឋាភិបាលក៏កំពុងអនុវត្តកម្មវិធី រ៉េដ សាកល្បងនោះ នៅតាមខេត្តមួយចំនួនដែលមានព្រៃឈើស្ដុកដូចនៅស្រុក កែវសីមា ខេត្តរតនគិរី នៅខេត្តសៀមរាប នៅព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ហើយកំពុងសិក្សា និងពង្រីកទៅតំបន់ព្រៃនានា តាមខេត្តដទៃបន្ថែមទៀត ដូចជានៅព្រៃភ្នំក្រវាញ ខេត្តពោធិ៍សាត់ជាដើម៕
ដកស្រង់ពី ប្លក ខេមរបក្សីសាស្ត្រិន