វិធីធ្វើបបរ​មាន់​ស៊ុតខ្មៅ​ដ៏ឈ្ងុយឆ្ងាញ់

គ្រប់​ស្ត្រី​មេផ្ទះ​ សុទ្ធតែ​ធ្លាប់បាន​ចម្អិន​បបរ​​ គ្រាន់តែ​ថា​បបរ​ ដែល​គាត់​បាន​ចម្អិន​នោះ ​មាន​រសជាតិ​បែបណា​ និង​ប្រភេទ​សាច់​អ្វី​។ថ្ងៃនេះ​យើងសូម​បង្ហាញអ្នក​នូវ​វិធី​ធ្វើម្ហូប​មួយ​មុខ​ដល់​ស្ត្រីមេផ្ទះ​គ្រប់រូប​ ដែល​មុខម្ហូប​នេះ​មាន​ឈ្មោះ​ថា​ បបរ​មាន់​ស៊ុតខ្មៅ​ដែលបបរ​មួយ​នេះវា​ធ្វើចេញ​ពី​សាច់មាន់​ តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ វា​មាន​បន្ថែម​នូវ​ស៊ុតខ្មៅ​ពីលើ​ទៀត។

គ្រឿងផ្សំ

  • សាច់មាន់​ ១ភ្លៅ​
  • ស៊ុតខ្មៅ​ឆ្អិន​ ១គ្រាប់​
  • ជីវ៉ាន់ស៊ុយ​ហាន់រួច​ ១ស្លាបព្រាបាយ​
  • ជីរណា​ ១គល់​
  • អង្ករ​ ១០០ក្រាម​
  • ស្ករស​ ១ស្លាបព្រាកាហ្វេ​កន្លះ​
  • អំបិល​ ១ស្លាបព្រាកាហ្វេ
  • ម្រេចគ្រាប់​ ៥​ទៅ​៦​គ្រាប់​
  • ម្រេច​ម៉ត់​ស​ ១ ចុង​ស្លាបព្រា​
  • ខ្ទឹមស​ ៥​កំពឹស​
  • ទឹកស៊ីអ៊ីវ​ ១ ស្លាបព្រា
  • ខ្ទឹមបំពង​ ១ ស្លាបព្រា
  • ស្លឹកខ្ទឹម​ ២ គល់​​

វិធីធ្វើ

១. ជា​ចំនុច​ចាប់ផ្តើម​ដែល​អ្នក​ត្រូវ​ធ្វើ​ កាត់​ហាន់​ជីរណា​ ចិញ្ច្រាំ​ខ្ទឹម​ ២​កំពឹស​ និង​ស្លឹកខ្ទឹម​ ជាមុន​។​ យក​សាច់​ភ្លៅមាន់​ពាក់កណ្តាល​ យកមក​ភ្លើយ​យក​តែ​សាច់​ រួច​ចិញ្ច្រាំ​វា​អោយ​ម៉ត់ ​បន្ទាប់មក​រោយ​ម្រេចស​ ជីវ៉ាន់ស៊ុយ​ ហើយ​ដាក់​ទឹកស៊ីអ៊ីវ​ចូល​ ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ទុក​អោយ​ចូល​ជាតិ ធ្វើការ​មូល​វា​ជា​ដុំ​តូចៗ​។​

២. ជា​បន្ត​មក​ទៀត​ អ្នក​ត្រូវ​ដាក់​ដាំទឹក​អោយ​ពុះ​ ក្រោយមក​បង់​ខ្ទឹមស​ (ដំ​ឱ្យ​សំប៉ែត​) ម្រេចគ្រាប់​ ជីវ៉ាន់ស៊ុយ​ ភ្លៅមាន់​ដែល​នៅសល់​ចូល​ បន្ថែម​អំបិល​ រួច​ធ្វើការ​រំងាស់​វា​ អោយ​ចេញ​ជាតិ​ និង​ឆ្អិន​សាច់​។​ ក្រោយពី​សាច់​ឆ្អិន​ហើយ​ អ្នក​អាច​ស្រង់​យក​ខ្ទឹម​ ជី​ និង​សាច់​ចេញ​(ដើម្បី​ធ្វើការ​បេះ​សាច់​វា​ជា​សរសៃ​) ដាក់​អង្ករ​ដែល​លាង​រួច​ចូល​ ស្ងោរ​អង្ករ​ឱ្យ​រីក​ក្លាយទៅជា​បបរ​ និង​ដាក់​ស្ករស​ សាច់​ដែល​មូល​ជា​ដុំៗ​ចូល​។​ ពេល​ញ៉ាំ​ អ្នក​អាច​ពុះ​ស៊ុតខ្មៅ​ជា​ ៤ ចម្រៀក​ បន្ទាប់មក​ យក​មក​ដាក់​ពីលើ​បបរ​  ហើយ​បន្ថែម​សាច់​ដែល​ហែក​រួច​ ស្លឹកខ្ទឹម​ ជីវ៉ាន់ស៊ុយ​ ខ្ទឹមបំពង​ ម្រេចស​ពីលើ​។​

គ្រឿង​បន្ថែម​
អ្នក​អាច​​បន្ថែម​ខ្ញី​ហាន់​ ឆាខ្វៃ​ ក៏​ដូចជា​ស៊ុត​ ១គ្រាប់​ តាម​ចំណូលចិត្ត​។