ស្បែករបស់យើងត្រូវនឹងកត្តាបរិយាកាសមិនល្អជារៀងរាល់ថ្ងៃ។ ជាតិពុល ធូលី កាំរស្មីយូវី សារធាតុគីមី និងសារធាតុពុលបានប៉ះពាល់ដល់ស្បែក ធ្វើឱ្យខូចស្បែក។
មិនយូរឡើយ ភាពជ្រីវជ្រួញ ស្នាមអុចខ្មៅនឹងកើតឡើងដែលជាហេតុយើងត្រូវថែរក្សាស្បែកឱ្យបានល្អ ដើម្បីពន្យាភាពចាស់។ ពេលវេលាថែរក្សាស្បែកដ៏ល្អបំផុតគឺ នៅពេលយប់ ព្រោះក្នុងពេលយើងកំពុងគេងលក់ ស្បែកបង្កើតកោសិកាថ្មី ហើយប្រសិនបើយើងយកចិត្តទុកដាក់បន្ថែម មុនពេលចូលគេង សាច់ស្បែកនឹងមានសុខភាពល្អ ម៉ត់រលោង។ ការថែរក្សាស្បែករបស់អ្នកមុនពេលចូលគេងនឹងធ្វើឱ្យសម្រស់អ្នកក្មេងជាងវ័យ។ វាជួយឱ្យស្បែកស កម្ចាត់រាល់បញ្ហាផ្សេងៗកើតលើស្បែក និងពន្យាភាពចាស់។
ខាងក្រោមនេះជាទម្លាប់នៃសម្រស់ដែលអ្នកគួរធ្វើជារៀងរាល់យប់ មុនពេលចូលគេង៖
លាងសម្អាតម្សៅផាត់លើផ្ទៃមុខឱ្យអស់
ជារៀងរាល់យប់មុនពេលចូលគេង អ្នកត្រូវជម្រះម្សៅផាត់លើផ្ទៃមុខឱ្យអស់។ ការបន្សល់ទុកម្សៅផាត់លើផ្ទៃមុខនៅពេលចូលគេង នឹងធ្វើឱ្យស្ទះរន្ធញើស បណ្តាលឱ្យកើតស្នាមអុចខ្មៅ មុន និងខូចស្បែក។ លាងសម្អាតផ្ទៃមុខ និងប្រើក្រែមផ្តល់សំណើមដល់ស្បែកជារៀងរាល់យប់មុនពេលចូលគេង។
ប្រើទឹករឹតបន្តឹងស្បែក
ប្រើទឹករឹតបន្តឹងស្បែកសម្អាតផ្ទៃមុខរបស់អ្នកឱ្យបានស្អាត មុនពេលចូលគេងជារៀងរាល់យប់។ វានឹងជួយរក្សាកម្រិតតុល្យភាព pHស្បែក ប្រឆាំងនឹងមេរោគ បាក់តេរី។ វានឹងធ្វើឱ្យស្បែករបស់អ្នកស្អាត មានជាតិសំណើម។
ប្រើក្រែមលាបលើដៃ
ថែទាំដៃរបស់អ្នកមុនពេលចូលគេង ដូច្នេះអ្នកមានដៃទន់ និងរលោងនៅពេលយប់។ មុនពេលចូលគេង លាងសម្អាតដៃរបស់អ្នកនឹងសាប៊ូក្លិនស្រាល និងទឹកក្តៅអ៊ុនៗ រួចប្រើកន្សែងជូតឱ្យស្ងួត ហើយលាបក្រែម។ ដៃរបស់អ្នកនឹងទន់ស្រឡូនជារៀងរាល់ថ្ងៃ។
ដុសធ្មេញ
ដុសសម្អាតធ្មេញជារៀងរាល់យប់មុនពេលចូលគេង វានឹងជួយការពារមាត់របស់អ្នកពីការឆ្លងមេរោគ ជួយឱ្យខ្យល់ដង្ហើមល្អនៅពេលព្រឹក។
ប្រើក្រែមលាបភ្នែក
កន្លែងជុំវិញរង្វង់ភ្នែក ជាកន្លែងដំបូងបង្ហាញពីសញ្ញានៃភាពចាស់។ លុប makeup លើភ្នែករបស់អ្នកចេញឱ្យអស់ រួចលាបក្រែមលើភ្នែកជារៀងរាល់យប់មុនពេលចូលគេង។ ក្រែមភ្នែកនឹងជួយផ្តល់ជាតិទឹក ជាតិសំណើម កាត់បន្ថយស្នាមខ្មៅលើរង្វង់ភ្នែក ជ្រីវជ្រួញ ជួយរឹតបន្តឹងស្បែកក្រោមភ្នែកពីការយារធ្លាក់។
ប្រើជែល Petroleum លាបលើជើងរបស់អ្នក
ជើងក៏ជាផ្នែកមួយនៃសម្រស់ដែរ។ លាងជើងនឹងទឹកក្តៅអ៊ុនៗ រួចជូតឱ្យស្ងួត។ លាបក្រែម ឬជែល Petroleum លើជើង និងម៉ាស្សាថ្នមៗ វិធីនេះនឹងជួយកម្ចាត់បញ្ហាប្រេះកែងជើង និងធ្វើឱ្យជើងទន់ស្អាត។
ចងសក់
អ្នកគួរគេងចងសក់។ វាមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសក់ប៉ុណ្ណោះទេ តែផ្ទៃមុខផងដែរ។ វានឹងការពារពីបញ្ហាសក់កណ្តាញ់ និងមិនប៉ះពាល់ដល់ផ្ទៃមុខក្នុងពេលគេង។ អ្នកត្រូវចាំថា សក់ផ្ទុកទៅដោយធាតុកខ្វក់ និងជាតិប្រេងដែលបណ្តាលឱ្យកើតមុន។
ប្តូរមកប្រើខ្នើយធ្វើពីសូត្រ
សរសៃសូត្រធ្វើឱ្យស្បែក និងសក់ទន់។ សរសៃសូត្រមានផ្ទុកអាស៊ីតអាមីណូសំខាន់ៗ ១៨មុខ និងប្រូតេអ៊ីនជួយឱ្យស្បែកស្អាត ក្មេង។
បើកម៉ាស៊ីនផ្សើម
បើកម៉ាស៊ីនផ្សើមមុនពេលចូលគេង។ ជាពិសេសក្នុងរដូវរងារ វានឹងបន្ថែមជាតិសំណើមក្នុងបន្ទប់។ វាជួយការពារពីបញ្ហាកន្ទួលរមាស់ ស្បែកស្ងួត ប្រេះ ត្រអក និងបញ្ហាស្បែកជាច្រើនផ្សេងទៀត។
គេងឱ្យបានពេញម៉ោង
ព្យាយាមគេងឱ្យបានពី ៧-៨ម៉ោងជារៀងរាល់យប់។ នៅពេលគេង កោសិកានឹងលូតលាស់ថ្មី។ ការគេងជារឿងមួយចាំបាច់ ដើម្បីរក្សាសម្រស់ឱ្យក្មេងជាងវ័យ ក៏ដូចជាការពារពីភាពចាស់ ជ្រីវជ្រួញ និងស្នាមខ្មៅជុំវិញរង្វង់ភ្នែក។