ប្រសិនបើអ្នកប្រាថ្នាចង់ឱ្យកូនរបស់អ្នករក្សាទម្ងន់បានល្អ អ្នកត្រូវមានវិធីដោះស្រាយ។ ដំបូងគេបង្អស់ ការបំបៅដោះកូន ជារឿងមួយសំខាន់ជួយឱ្យក្មេងមានសុខភាពល្អ។ ការសិក្សាជាច្រើនបាននិយាយថា ការបំបៅដោះកូនក៏អាចការពារកូនពីភាពធាត់ផងដែរ។ វត្តមានសមាសធាតុនៅក្នុងទឹកដោះម្តាយ អាចទប់ទល់នឹងភាពស្រេកឃ្លាន និងជួយដល់ការរំលាយអាហារឱ្យបានប្រសើរ។ ដូច្នេះត្រូវចៀសវាងការឱ្យបៅទឹកដោះគោកំប៉ុងរហូតដល់ធំល្មម។
នៅពេលកូនអ្នកចាប់ផ្តើមញ៉ាំអាហាររឹងបាន អ្នកត្រូវយកចិត្តទុកដាក់លើសារធាតុចិញ្ចឹម។ ត្រូវឱ្យកូនអ្នកញ៉ាំបន្លែ និងផ្លែឈើជាប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់។ ចៀសវាងអាហារមានជាតិកាឡូរីខ្ពស់ និងអាហារផ្អាប់។
ហាមឱ្យក្មេងញ៉ាំទឹកសូដា, ភេសជ្ជៈ និងការ៉េម។ ពួកគេអាចញ៉ាំបាន ១ខែម្តង តែមិនគួរជារៀងរាល់ថ្ងៃពេកទេ ព្រោះវាអាចធ្វើឱ្យក្មេងឆាប់ធាត់។ ប្រសិនបើអ្នកឱ្យកូនញ៉ាំអាហារសម្បូរជាតិសរសៃ កូនរបស់អ្នកនឹងឆ្អែតបានយូរ ហើយមានសុខភាពល្អ។
បរិមាណនៃអាហារជារឿងមួយផ្សេងទៀត។ អ្នកត្រូវធ្វើការប្រឹក្សាជាមួយនឹងអ្នកជំនាញផ្នែកសារធាតុចិញ្ចឹម ដើម្បីឱ្យបានដឹងពីបរិមាណនៃអាហារដែលគួរបញ្ចុកកូន ដោយមិនឱ្យហួសចំណុះ។
អ្នកម្ដាយគ្រប់រូបគួរតែចម្អិនអាហារនៅផ្ទះឱ្យកូនញ៉ាំ លើកលែងតែពេលអ្នករវល់ជាប់ធ្វើដំណើរទៅខាងក្រៅ។ ហើយអ្វីដែលសំខាន់ជាងគេនោះគឺ លើកទឹកចិត្តកូនអ្នកឱ្យធ្វើលំហាត់ប្រាណដូចជា លេងហ្គេម និងកីឡា។ វិធីទាំងអស់ខាងលើនេះនឹងអាចជួយការពារក្មេងពីភាពធាត់បាន។
ផ្តល់សិទ្ធដោយ៖ មង្គលការ