ការឱ្យកូនរបស់អ្នកភើបន្ទាប់ពីបំបៅរួច ជារឿងមួយសំខាន់ ការបង្វែកូនឱ្យគេងបែរទៅទាំងសងខាង ហើយឱ្យគេគេងលក់បានស្រួលពេញមួយថ្ងៃ នឹងផ្តល់អត្ថប្រយោជន៍ដល់ការលូតលាស់របស់ក្មេង។ ខាងក្រោមនេះនឹងបង្ហាញពីសារៈសំខាន់នៃការធ្វើឱ្យកូនអ្នកភើ ក្រោយពេលបៅដោះរួច។ ក្នុងពេលបំបៅដោះកូន ខ្យល់បានជ្រៀតចូលតាមមាត់ ហើយខ្យល់នេះបានចូលទៅដល់ប្រព័ន្ធក្រពះពោះវៀន និងត្រូវការបញ្ចេញមកក្រៅវិញ។
ប្រសិនបើខ្យល់មិនបញ្ចេញមកក្រៅវិញទេ ទារកនឹងមិនស្រួលក្នុងខ្លួន និងអាចធ្វើឱ្យទារកឈឺពោះផងដែរ។ អ្នកជំនាញជាច្រើនក៏បាននិយាយថា នៅពេលខ្យល់នេះស្ទះនៅក្នុងពោះរបស់ទារក វាអាចធ្វើឱ្យទារកតឹងពោះ និងមិនស្រួលខ្លួន។ បញ្ហាមិនស្រួលក្នុងខ្លួននេះនឹងធ្វើឱ្យទារកយំ។ ដូច្នេះឪពុកម្តាយថ្មីថ្មោង គួរដឹងពីការធ្វើឱ្យទារកភើ។ ខាងក្រោមនឹងបង្ហាញពីមូលហេតុដែលទារកគួរតែភើ ក្រោយពេលបៅដោះរួច៖
តើខ្យល់អាចចូលទៅក្នុងពោះទារកតាមវិធីណា?
មានវិធី ៣យ៉ាងដែលទារកអាចកើតខ្យល់ក្នុងពោះ។ ទី១ តាមរយៈការរំលាយអាហារ, ទី ២តាមបំពង់ខ្យល់នៅពេលទទួលទានអាហារ និងទី ៣ អាហារដែលពិបាករំលាយ។
វិធីធ្វើឱ្យទារកភើ
មានវិធី ២យ៉ាងអាចជួយឱ្យទារកភើមកបានយ៉ាងងាយ។ ឱបកូនរបស់អ្នកនៅនឹងស្មា។ កាន់ក្បាលកូនឱ្យត្រង់ រួចរឹតខ្នងរបស់គេថ្នមៗ។ រង់ចាំរយៈពេល ២-៣នាទី អ្នកនឹងលឺសម្លេងភើចេញមក។
ដាក់ឱ្យគេអង្គុយ ដើម្បីឱ្យភើ
ដាក់កូនឱ្យអង្គុយលើភ្លៅរបស់អ្នក ប្រើដៃ និងម្រាមដៃរបស់អ្នកទប់ខ្លួន និងក្បាលរបស់កូន។ ប្រើដៃម្ខាងទៀតរបស់អ្នករឹតខ្នងកូន ឱ្យគេភើចេញ។
ពេលដែលគួរឱ្យទារកភើ
ពេលវេលាដែលចាំបាច់គឺ នៅពេលទារកបៅរួច។ ចំពោះអ្នកម្តាយដែលបំបៅដោះកូន ត្រូវឱ្យកូនភើសិន មុននឹងប្តូរទៅឱ្យកូនបៅម្ខាងទៀត។
តើការភើពិតជាអាចជួយគេបានមែនទេ?
ប្រសិនបើទារកនៅតែមិនស្រួលក្នុងខ្លួន ក្រោយពេលភើរួច មានន័យថា នៅតែមានខ្យល់ក្នុងពោះរបស់គេ។ ដើម្បីកម្ចាត់ខ្យល់ សាកល្បងវិធីធ្វើឱ្យគេភើផ្សេងទៀត ហើយប្រសិនបើនៅតែមិនបានការ អ្នកអាចឱ្យកូនក្រឡាប់។ វានឹងជួយឱ្យគេមានអារម្មណ៍ស្រួលខ្លួន។
តើនឹងមានអ្វីកើតឡើង បើកូនអ្នកមិនភើ?
ប្រសិនបើទារកមិនភើ ខ្យល់ក្នុងពោះនឹងធ្វើឱ្យទារកមិនសុកស្រួល និងធ្ងន់ពោះ។ ការមិនអើពើឱ្យកូនភើ នឹងធ្វើឱ្យគេដកដង្ហើមមិនបានស្រួល ហើយបញ្ហានេះអាចធ្វើឱ្យគេក្អួតអាហារចេញមកអស់។
ផ្តល់សិទ្ធដោយ៖ មង្គលការ