ការងូតទឹក និងម៉ាស្សាឱ្យកូនតូចរបស់អ្នកអាចជាបទពិសោធន៍ដ៏គួរឱ្យរីករាយមួយចំពោះទាំងអ្នក និងទារករបស់អ្នក។ ជាទូទៅ ទឹកក្តៅនឹងធ្វើឱ្យកូនតូចៗកាន់តែស្រួលខ្លួន។ ផ្តល់ពេលវេលាឱ្យកូនបានលេង ដើម្បីធ្វើចលនាសាច់ដុំខ្នង និងក្បាលពោះ។ អ្នកត្រូវជួយដល់គាត់ឱ្យបានល្អ និងធ្វើចលនាថ្នមៗ ដែលមិនត្រឹមតែធ្វើឱ្យកូនអ្នករីករាយប៉ុណ្ណោះទេ តែក៏ធ្វើឱ្យអ្នកបានសម្រាក និងសប្បាយរីករាយ។
សំខាន់ត្រូវរើសទីកន្លែងដែលក្តៅល្មម និងមានផាសុកភាព ដូច្នេះអាចស្រាតខោអាវគេចេញ។ អ្នកក៏អាចចាក់តន្ត្រី ជួយកំដរអារម្មណ៍កូនរបស់អ្នក។ អ្នកត្រូវដាក់កូនលើភ្លៅបែរមុខមកអ្នក ព្រោះនេះជាការភ្ជាប់ក្តីស្រឡាញ់រវាងម្តាយ និងកូន។
អត្ថប្រយោជន៍នៃការម៉ាស្សាឱ្យកូន
ការម៉ាស្សាអាចជួយបង្រៀនការស្ទាបអង្អែលដល់កូនរបស់អ្នក។ ឡេ ឬប្រេងនឹងជួយរក្សាទំនាក់ទំនងអ្នកជាមួយនឹងស្បែកកូន និងអាចឱ្យដៃរបស់អ្នកបានស្ទាបអង្អែលពេញទាំងខ្លួនប្រាណរបស់គាត់។ ចាប់ផ្តើមពីត្រង់ក្បាលរបស់គាត់ រួចចុះមកខ្លួន។ ដៃរបស់អ្នកស្ទាបអង្អែលដៃជើង និងដងខ្លួនរបស់កូន។
ការយកដៃកូនរបស់អ្នកឱ្យស្ទាបអង្អែលខ្លួនប្រាណរបស់គាត់ ដូចជាជើង និងដងខ្លួននឹងជួយឱ្យគាត់បានដឹងពីខ្លួនប្រាណរបស់ខ្លួនឯង។ ការម៉ាស្សាក៏អាចធ្វើឱ្យកូនទើបនឹងកើតគេងលក់ស្រួល សុខភាពល្អ និងជួយឱ្យម្តាយ និងកូនមានភាពស្និតស្នាលនឹងគ្នា។
ជាការពិតណាស់ ការសិក្សាបានបង្ហាញថា ការម៉ាស្សាទារកអាចជួយកាត់បន្ថយការយំ និងមួម៉ៅ ជួយឱ្យគាត់គេងលក់ស្កប់ស្កល់ ចៀសផុតពីជំងឺទល់លាមក និងចុកពោះ។ មនុស្សខ្លះនិយាយថា វាក៏អាចជួយជម្រុញដល់សមត្ថភាពទារកប្រឆាំងនឹងមេរោគ។
យោងតាមនាយកស្រាវជ្រាវនៃវិទ្យាស្ថានឱសថមៃយ៉ាមីលោក Tiffanyបានឱ្យដឹងថា ការម៉ាស្សាអាចជួយជម្រុញដល់ប្រព័ន្ធភាពស៊ាំរបស់ក្មេង។ វាជួយឱ្យខួរក្បាលកូនផលិតអរម៉ូនសេរ៉ូតូនីនកាន់តែច្រើន, សារធាតុគីមីល្អៗ និងកាត់បន្ថយអរម៉ូនករទីសូល អរម៉ូនដែលបង្កើតភាពតានតឹង។ លទ្ធផលដែលទទួលបាន ចង្វាក់បេះដូង និងខ្យល់ដង្ហើមកូនរបស់អ្នកដើរយឺតៗ និងកាន់តែស្រួលក្នុងខ្លួន។
ប្រភេទនៃការម៉ាស្សា
ម៉ាស្សាជើង
យកដៃអ្នកកាន់ជើងកូនរបស់អ្នកថ្នមៗ ហើយម៉ាស្សាចាប់ពីភ្លៅដល់កជើងរបស់គាត់។ ធ្វើបែបនេះ ២-៣ដង រួចប្តូរទៅធ្វើជើងម្ខាងទៀត។
ម៉ាស្សាក្បាលពោះ
ដាក់ដៃរបស់អ្នកត្រង់ផ្ចិតរបស់គាត់។ ប្រើចុងម្រាមដៃរបស់អ្នកម៉ាស្សាជាចលនារង្វង់ស្របទ្រនិចនាឡិកាលើក្បាលពោះរបស់គាត់។
ម៉ាស្សាដៃ
ចាប់ផ្តើមម៉ាស្សាថ្នមៗត្រង់ស្មារបស់គាត់ រួចចុះមកកដៃ។ ធ្វើបែបនេះឱ្យបាន ២-៣ដង រួចប្តូរទៅធ្វើដៃម្ខាងទៀត។
ម៉ាស្សាក
ប្រើដៃទប់ក្បាល និងដងខ្លួនផ្នែកខាងលើរបស់កូនអ្នក។ ដាក់មេដៃរបស់ដៃម្ខាងទៀតត្រង់ កម្ខាងរបស់គាត់ និងម្រាមដៃ ២របស់អ្នកត្រង់កម្ខាងទៀត។ រួចប្រើចុងម្រាមដៃរបស់អ្នកញីថ្នមៗ ជាចលនារង្វង់។ ធ្វើបែបនេះឱ្យបាន ២-៣ដង។
ម៉ាស្សាបំបាត់ការចុកពោះ
ដំបូងត្រូវម៉ាស្សាក្បាលពោះកូនរបស់អ្នក។ រួចបត់ជង្គង់គាត់ឡើងដល់ក្បាលពោះ ហើយរង់ចាំរយៈពេល ៣០វិនាទី។ អនុវត្តបែបនេះ ២-៣ដង។ បន្ទាប់មកដាក់ដៃម្ខាងរបស់អ្នកលើផ្ចិតកូន ធ្វើលំនាំជាចង្វាក់ ដើម្បីជួយដល់ការបញ្ចេញខ្យល់។ ធ្វើម្តងទៀតបើចាំបាច់។
ឱប
អ្នកជំនាញផ្នែកជំងឺកុមារលោក Susan Ludington នៅសកលវិទ្យាល័យ Western Reserve បានមានប្រសាសន៍ថា ការឱបស្បែកម្តាយប៉ះនឹងស្បែកកូនពិតជាល្អណាស់ចំពោះកូនតូចគ្រប់រូប ជាពិសេសជួយឱ្យទារកលូតលាស់បានឆាប់រហ័ស។
បច្ចេកទេសពិភពលោក
វេជ្ជបណ្ឌិតលោក Ludington និយាយថា ស្បែកប៉ះនឹងស្បែកអាចជួយឱ្យឡើងទម្ងន់ និងគេងលក់ស្រួល កាត់បន្ថយការឆ្លងមេរោគ បញ្ហាដង្ហើមរបស់ទារក។
ផ្ដល់សិទ្ធដោយ៖ មង្គលការ