ទារកត្រូវការការលូតលាស់ឋិតថេរ វាអាស្រ័យលើរឿងរ៉ាវផ្សេងៗគ្នា។ ត្រូវប្រាកដថា ទារកកំពុងធំធាត់ឡើងជាមួយនឹងការលូតលាស់ខួរក្បាល និងរាងកាយបានត្រឹមត្រូវ។ ការឡើងទម្ងន់ ជាកត្តាសំខាន់ចំពោះការធំធាត់របស់ទារក។ ទារករបស់អ្នកតែងតែឡើងគីឡូជារៀងរាល់ខែ នេះទើបជាសញ្ញានៃសុខភាពល្អ។ ទម្ងន់មិនអាចឡើងឆាប់រហ័សបានទេ។ បញ្ហាឡើងគីឡូច្រើន ឬស្រកគីឡូជាងធម្មតា អាចជារឿងមួយគ្រោះថ្នាក់។
អ្នកម្តាយទាំងឡាយក៏គួរយល់ថា ទារកគ្រប់រូបមិនដូចគ្នាទេ ជួនកាលគ្រាន់តែជាការញ៉ាំអាហារច្រើនក៏គ្រប់គ្រាន់សម្រាប់គេដែរ។ ក្នុងចន្លោះអាយុពី ១ខួប-៣ខួប អ្នកមិនអាចរំពឹងចង់បានការឡើងគីឡូរបស់គេបានឡើយ ព្រោះពេលនេះជាពេលដែលទារករបស់អ្នករពឹសខ្លាំងឱកាសនៃការឡើងទម្ងន់មានតិចតួចណាស់។ អ្នកគ្រាន់តែត្រូវមើលថែគេឱ្យបានល្អ កុំឱ្យគេស្រកទម្ងន់។
ប្រសិនបើទារកមិនឡើងទម្ងន់ បានន័យថា គេត្រូវការការទទួលស្គាល់ និងព្យាបាល ព្រោះវាអាចបណ្តាលមកពីបញ្ហាសារធាតុចិញ្ចឹម ឬជំងឺដែលទាមទារជំនួយភ្លាមៗ។
ប្រសិនបើទារកនៅតែមិនឡើងគីឡូទៀត បើទោះជាព្យាយាមវិធីជាច្រើនឱ្យគេឡើងគីឡូក៏ដោយ វាជាបញ្ហាដែលត្រូវប្រឹក្សានឹងវេជ្ជបណ្ឌិត។ ខាងក្រោមនេះជាបញ្ហាមួយចំនួនប៉ះពាល់ដល់ការឡើងគីឡូរបស់ទារក៖
ជំងឺ
វាបានប៉ះពាល់ដល់ភាពស្រេកឃ្លានអាហាររបស់កូនអ្នក។ នេះជារឿងមួយទូទៅ ពេលយើងឈឺ យើងនឹងមិនចង់ញ៉ាំអ្វីឡើយ។ នៅពេលកូនអ្នកឈឺ ឱ្យគេញ៉ាំអាហារណាដែលគេចូលចិត្ត។ ការញ៉ាំទឹកច្រើននឹងមានប្រយោជន៍ច្រើន ហើយនៅពេលគេមានសុខភាពធម្មតាឡើងវិញ អ្នកអាចបញ្ចុកអាហារត្រឹមត្រូវឱ្យគេសារជាថ្មី នោះគេនឹងអាចយកគីឡូដែលធ្លាប់បានបាត់បង់ទៅមកវិញ។
បញ្ហាក្រពះ ពោះវៀន
ប្រសិនបើកូនអ្នកមិនឡើងទម្ងន់ វាអាចដោយសារបញ្ហាក្រពះពោះវៀន ដែលអ្នកមិនអាចមើលដឹង។ បញ្ហារោគក្រពះពោះវៀនរួមមាន៖ រាគរូស ឈឺពោះ។
ភាពអសកម្មរបស់ម្តាយក្រោយឆ្លងទន្លេរួច
នេះជារឿងមួយធម្មតា។ តែក្នុងកំឡុងពេលនេះ អ្នកនឹងមិនអាចផ្តល់ការថែទាំដល់តម្រូវការរបស់កូនបានទេ។ វានឹងប៉ះពាល់ដល់សុខភាព និងការឡើងគីឡូ។ ពេលវេលានេះ អ្នកអាចសុំជំនួយបន្ថែមពីអ្នកណាម្នាក់ ដែលអាចមើលថែទារកបាន។
ករណីកម្រ
ទារកមិនឡើងគីឡូក៏អាចបណ្តាលមកពីករណីកម្រដូចជា បញ្ហាសួត លំពែង ខួរក្បាល បញ្ហាក្រូម៉ូស៉ូម ជំងឺបេះដូង រោគខ្វះឈាម បញ្ហាប្រព័ន្ធរំលាយអាហារ អង់ដូគ្រីន ឬកង្វះអរម៉ូន។ ជំងឺទាំងអស់នេះអាចមើលដឹងបានតាមរយៈការធ្វើតេស្ត និងព្យាបាល។
បញ្ហាការបញ្ចុកអាហារ និងភាពតានតឹង
នេះជាបញ្ហារបស់ក្មេងអាយុលើសពី ១២ខែ។ ប្រសិនបើក្មេងមិនឡើងទម្ងន់ទេ វាអាចពាក់ព័ន្ធនឹងបញ្ហាការបញ្ចុកអាហារ។ បញ្ហាពេលវេលាត្រូវបញ្ចុកអាហារម្តងៗ ឥរិយាបថនៃការបញ្ចុកអាហារ ឬការបញ្ចុកអាហារញឹកញាប់។
ផ្តល់សិទ្ធដោយ៖ មង្គលការ