ដើម្បីបណ្តុះផ្សិតក្នុងជៀលទទួលបានផលល្អអ្នកត្រូវតែដឹងរឿង ៣យ៉ាងដែលរឿងទាំង ៣នោះមានដូចជាធាតុផ្សំ វិធីបណ្តុំ និងវិធីថែទាំ។
Advertisement
ធាតុផ្សំ៖
- ចំបើងស្អាត និងស្ងួតចិញ្ច្រាំ ៥០គីឡូក្រាម
- ម្សៅអង្ករក្រអូប ១ គីឡូក្រាម
- ទឹកជី EM ២៥០មីលីលីត្រ
- លាមកគោហាលស្ងួតម៉ដ្ឋ ៥គីឡូក្រាម
- ម្សៅពោត
- កំប្លោកចិញ្ច្រាំ
វិធីបណ្តុះ៖
- លាយម្សៅអង្ករក្រអូប ១ គីឡូក្រាម ជាមួយទឹកជី EM ២៥០មីលីលីត្រ សម្រាប់បរិមាណទឹកដែលអាចឲ្យលិចចំបើងបាន។
- ដាក់ត្រាំចំបើងលាយលាមកគោក្នុងទឹកនោះរយៈពេល ១ម៉ោង។
- យកចំបើងដែលត្រាំរួចនោះមកញាត់ចូលជៀល (ទំហំជៀលមានអង្កត់ផ្ចិតប្រមាណ៥តឹក) ជាន់ទី១កម្ពស់២តឹក ឲ្យណែន រួចយកលាមកគោស្ងួត ទៅរោយបន្ថើរៗពីលើ រួចរោយម្សៅពោតបន្ថើរៗពីលើ និងដាក់កំប្លោកពីលើមួយជាន់ទៀត ដោយអនុវត្តបែបនេះចំនួន ៣ជាន់។
- យកជៀលដែលបានដាក់បណ្តុះរួចនោះទៅដាក់នៅក្រោមដើមឈើ ឬកន្លែងដែលមានម្លប់ រួចធ្វើគ្រោងឬស្សីរាងកោងសម្រាប់ដាក់គ្របដំបូលថង់ប្លាស្ទិច ហើយសង្កត់អោយហប់ កុំអោយរបើកតាមខ្យល់។
ការថែទាំ៖
- មួយអាទិត្យម្តង បើកផ្ទាំងសំពត់ចេញ ប្រស់ទឹកអោយសើមចំបើងផ្អួរៗតិចៗ ហើយគ្របទុកវិញ តែកុំប្រស់ទឹកច្រើនហួសប្រមាណ នឹងនាំអោយផ្សិតរលួយកូន ខានដុះចេញមក។
- ក្នុងរយៈពេលពីរអាទិត្យ ផ្សិតនឹងចាប់ផ្តើមដុះចេញកូនតម្រៀបគ្នា។ បើសិនជាមានផ្សិតធំល្មម អាចបេះបាន សូមបេះចេញ ដើម្បីទុកកន្លែង អោយផ្សិតដុះថែមទៀត នៅថ្ងៃបន្តបន្ទាប់មក។
- រយៈកាលបេះផល គឺរវាងចុងអាទិត្យទីពីរ រហូតដល់ពេញអាទិត្យទី៤។
- ចូលអាទិត្យទី៥ ឬ ទី៦ ផ្សិតនឹងថមថយលែងដុះ យើងអាចរើយកយកចំបើងនោះមកជ្រលក់ទឹកដែលលាយខាងលើ ប្រស់ជីរលាមកគោ និងម្សៅពោតសាជាថ្មី។
ផ្តល់សិទ្ធដោយ៖ លោកពូ អ៊ាង សុផល្លែត