ល្បែងចត្រង្គ ជាល្បែងដែលកើតតាំងពីបុរាណកាល ជាល្បែងសម្រាប់កងទ័ពលេង ឲ្យមានប្រាជ្ញាវាងវៃ ក្នុងការប្រើឧបាយក្នុងចម្បាំង។ល្បែងនេះមានឈ្មោះ៣គឺ៖
- ល្បែងអុក
- ល្បែងឈើត្រង់
- ល្បែងចត្រង្គ
- ល្បែងអុក៖ បានជាគេហៅយ៉ាងនេះ ព្រោះល្បែងនេះ មានគោលដៅសម្លាប់ខុន។តាមធម្មតាបើកូនចត្រង្គណាមួយ ដែលអ្នកលេងចាប់យកទៅទង្គិចយ៉ាងខ្លាំង ដាក់ក្នុងក្រឡាដែលអាចស៊ីខុនបានគេតែង បន្លឺពាក្យថា “អុក” ហេតុនេះ ល្បែងប្រភេទនេះ ទើបគេហៅថា “ល្បែងអុក”។
- ឈើត្រង់៖ ពាក្យនេះស្តាប់ទៅ ហាក់ដូចជាពាក្យផ្ទុយនឹងឈើវៀច តែពិនិត្យន័យក្នុងពាក្យ ឈើត្រង់ដែលជាឈ្មោះល្បែងនេះ មិនឃើញមានសោះ។ ព្រោះហេតុនោះ ពាក្យថា ឈើត្រង់ ក្នុងទីនេះ ប្រាកដជាក្លាយមកពីពាក្យ ចត្រង្គ។
- ចត្រង្គ៖ ពាក្យនេះ ក្លាយមកពីភាសាសំស្ត្រឹត និងបាលីថាចតុរង្គ ប្រែថា “មានអង្គបួន”។ ល្បែងនេះមានវិធីលេងដូចជាចម្បាំងដែលមានសេនាកងទ័ពប្រកបដោយអង្គ៤គឺ៖ កងទ័ពដំរី កងទ័ពសេះ កងទ័ពរថនិង កងទ័ពថ្មើរជើង ព្រោះហេតុនោះល្បែងនេះ ទើបឈ្មោះចត្រង្គ។ពាក្យ “ចត្រង្គ” នេះមិនមែនក្លាយមកពីពាក្យខ្មែរ ចតុរង្ស័ ដែលប្រែថា”មានជ្រុងបួន”ទេ ព្រោះមានន័យផ្ទុយពីល្បែងនេះ។