ពេលវេលាមានផ្ទៃពោះ ជាពេលវេលាមានក្តីសុខសម្រាប់ស្ត្រីគ្រប់រូប តែក្រៅពីនេះស្ត្រីត្រូវជួបនឹងអាការៈទូទៅដូចជា ចង់ក្អួត ឡើងទម្ងន់ លំហូរឈាម ទឹករំអិលតាមទ្វារមាស ចុក និងឈឺចាប់ក្នុងពោះ។ ស្របពេលនឹងបញ្ហាជាច្រើននេះ រាងកាយក៏ហើមឡើងដូចជា ប៉ោងប៉ោង ធ្វើឱ្យស្ត្រីមិនស្រួលខ្លួនពេញទាំងរាងកាយ។
យោងតាមអ្នកជំនាញផ្នែកស្ត្រីពពោះបាននិយាយថា រាងកាយផលិតឈាម និងសារធាតុរាវប្រមាណច្រើនជាង ៥០% សម្រាប់តម្រូវការលូតលាស់របស់គភ៌ក្នុងស្បូនម្តាយ ហេតុនេះទើបធ្វើឱ្យស្ត្រីជួបនឹងអាការៈហើមដៃ មុខ ជើង កជើង និងប្រអប់ជើង។ វេជ្ជបណ្ឌិតណែនាំឱ្យស្ត្រីពពោះកុំបារម្ភពីបញ្ហាតូចតាចមួយនេះ ព្រោះវានឹងបាត់ទៅវិញក្រោយពេលសម្រាលរួច។
ខាងក្រោមនេះនឹងបង្ហាញពីផ្នែករាងកាយស្ត្រីដែលហើមក្នុងខណៈពេលកំពុងពពោះ៖
ជើង៖ ស្ត្រីពពោះជិត ៩០% កើតអាការៈហើមជើង។ ដើម្បីកាត់បន្ថយអាការៈហើមជើងនេះ អ្នកត្រូវត្រាំជើងក្នុងទឹកអំបិលក្តៅអ៊ុនៗ។ ឬវិធីមួយទៀត លើកជើងឡើង និងធ្វើចលនាលំហាត់ប្រាណ ដើម្បីបង្កើនចរាចរណ៍ឈាមឱ្យដើរស្រួល។
បបូរមាត់៖ ហើមបបូរមាត់ក្នុងខណៈពេលពពោះ ជារឿងមួយទូទៅ នេះដោយសារបម្រែបម្រួលអរម៉ូន។ អាការៈហើមនេះនឹងថយចុះឆាប់រហ័ស ហើយប្រសិនបើបបូរមាត់ចាប់ផ្តើមប្រេះ ម៉ាស្សាបបូរមាត់អ្នកនឹងប្រេងអូលីវ ឬបឺរ។
សុដន់៖ សុដន់នឹងជួបប្រទះបញ្ហាច្រើនក្នុងពេលស្ត្រីមានផ្ទៃពោះ។ ក្រៅពីហើម សុដន់នឹងឈឺចាប់។ អ្នកជំនាញបង្ហាញថា អាការៈហើមនេះដោយសារការផលិតទឹកដោះ តែនៅពេលទារកកើតរួច អាការៈហើម និងឈឺចាប់នេះនឹងបាត់ទៅវិញ។
ច្រមុះ៖ កុំជឿថា អាការៈហើមច្រមុះដូចប៉ោងប៉ោង បង្ហាញថា អ្នកមានកូនស្រី។ អាការៈហើមច្រមុះក្នុងកំឡុងពេលមានផ្ទៃពោះដោយសារបម្រែបម្រួលអរម៉ូន។ អាការៈនេះនឹងបាត់ទៅវិញបន្ទាប់ពីអ្នកសម្រាលរួច។
កជើង និងជើង៖ ជើងហើមដោយសារទម្ងន់ក្បាលពោះដាក់សម្ពាធខ្លាំងទៅលើវា។ នេះមិនមែនជាបញ្ហាគួរឱ្យបារម្ភឡើយ តែទោះបីជាយ៉ាងណា វានឹងក្លាយជាបញ្ហា នៅពេលជើងកើតដុំឈាមត្រង់តំបន់ហើម។
ផ្ទៃមុខ៖ អាការៈហើមមុខក៏ដោយសារបម្រែបម្រួលអរម៉ូនដែរ។ មានចលនាលំហាត់ប្រាណមួយចំនួនអាចជួយសម្រកបាន ព្រមទាំងប្តូររបបអាហារដោយបន្ថែមអាហារសម្បូរវីតាមីន C។
ហើមអញ្ចាញធ្មេញ៖ វាជារឿងមួយទូទៅដែលស្ត្រីមានគភ៌ឆ្លងមេរោគអញ្ចាញធ្មេញ។ បញ្ហាមាត់នេះក៏បណ្តាលឱ្យឈាមអញ្ចាញធ្មេញផងដែរ។ ដើម្បីការពារ និងព្យាបាលពីបញ្ហានេះ អ្នកត្រូវដុសធ្មេញ និងប្រើខ្សែសម្អាតឱ្យបាន ២ដងក្នុង ១ថ្ងៃ។
សរសៃវ៉ែន៖ សរសៃវ៉ែនរបស់ស្ត្រីមានលក្ខណៈស្តើង ងាយនឹងហើម ដោយសារពេញទៅដោយជាតិទឹក។ វិធីព្យាបាលដ៏ល្អ អ្នកត្រូវលើកជើងរបស់អ្នកឡើងដើម្បីបង្កើនចរាចរណ៍ឈាម។ ហើយអ្នកក៏អាចស្លៀកខោអាវ និងស្បែកជើងដែលមានផាសុកភាព។
ទ្វារមាស
ដោយសារទារកក្នុងផ្ទៃកាន់តែធំ និងធ្ងន់ឡើង ស្ត្រីមួយចំនួនប្រឈមនឹងបញ្ហាហើមទ្វារមាស។ វានឹងស្រកវិញ ក្រោយពេលឆ្លងទន្លេរួច៕
ផ្តល់សិទ្ធដោយ៖ មង្គលការ