អគតិ​ទាំង ៤យ៉ាង ដែល​ចៅ​ក្រម​គួរ​វៀរចាក

តុលា​ការ ប្រៀប​ដូច​ជា​អាជ្ញា​កណ្ដាល ក្នុង​ការ​កាត់​សេចក្ដី​ផ្សេងៗ សម្រាប់​ភាគី​ជម្លោះ​ទាំង​សង​ខាង។ តុលា​ការ​ដែល​កាត់​ក្ដី​ដោយ​គ្មាន​ភាព​យុត្តិធម៌ តុលា​ការ​នោះ​ប្រកាន់​នូវ​អគតិ​ទាំង៤ យ៉ាង។ តើ​​អគតិ​ទាំង​៤ យ៉ាង​នោះ​មាន​អ្វី​ខ្លះ ដែល​តុលា​ការ​គ្រប់​រូប​ត្រូវ​តែ​លះ​បង់​ចោល? ក្នុង​នាម​ជា​អាជ្ញា​កណ្ដាល យើង​មិន​អាច​លំអៀង​ទៅ​កាន់​ខាង​ណា​ម្ខាង​ឡើយ ព្រោះ​បើ​លំអៀង​ខាង​ស្ដាំ និង​អយុត្តិ​ធម៌ ចំពោះ​ខាង​ឆ្វេង ហើយ​បើ​លំអៀង​ខាង​ឆ្វេង ច្បាស់​ជា​ខាង​ស្ដាំ​មិន​សុខ​ចិត្ត។​ អគតិ​ទាំង​៤យ៉ាង មាន​ដូច​ខាង​ក្រោម​៖

Advertisement

– (ឆន្ទាគតិ < ឆន្ទ + អគតិ) លំអៀង​ព្រោះ​ស្រឡាញ់។ ក្នុង​ផ្នែក​នេះ ចង់​បញ្ជាក់​ប្រាប់​ថា យើង​មិន​អាច​កាត់​សេចក្តី​ទៅ​ឲ្យ​អ្នក​ណា​ឈ្នះ ដោយ​សារ​តែ​ការ​ស្រឡាញ់​ឡើយ។

– (ទោសាគតិ < ទោសៈ + អគតិ) លំអៀង​ព្រោះ​ស្អប់ ឬ​សម្អប់។ តុលា​ការ មិន​អាច​កាត់​ក្ដី​ឲ្យ​ទៅ​ភាគី ក ឬ ខ ចាញ់ ដោយ​សារ​តែ​ការ​ស្អប់ ក្នុង​រឿង​រ៉ាវ​ពី​មុន​ឡើយ។

– (ភយាគតិ < ភយៈ + អគតិ) លំអៀង​ព្រោះ​ភ័យ​ខ្លាច។ នេះ​ជា​ការ​លំអៀង ព្រោះ​ភ័យ​ខ្លាច ព្រោះ​អំណាច​គេ​ធំ​ ហើយ​កាត់​ក្ដី​ឲ្យ​គេ​ឈ្នះ​នោះ​ទេ។

– (មោហា​គតិ < មេហៈ + អគតិ) លំអៀង​ព្រោះ​មិន​ដឹង ព្រោះ​ល្ងង់ មិន​ច្បាស់​ការណ៍។ តុលា​ការ​មិន​អាច​ជា​មនុស្ស​ល្ងង់ ហើយ​ទៅ​កាត់​ក្ដី​ដោយ​មិន​បាន​សាក​សួរ មិន​បាន​ស៊ើប​អង្កេត ឲ្យ​បាន​ច្បាស់​នោះ​ទេ។ យើង​ត្រូវ​ចេះ​សាក​សួរ​ពី​ហេតុ​ផល​នានា ពី​ភាគី​ម្ខាង​ និង​​ភាគី​ម្ខាងទៀត។

ដក​ស្រង់ និង​កែ​សម្រួល​ចេញ​ពី ៖ សៀវភៅ សីលធម៌-ពលរដ្ឋ​វិជ្ជា ទៀង សេងលាង