កាលណានៅក្នុងគ្រួសារ មានសមាជិកម្នាក់ ចេញដំណើរទៅឆ្ងាយពីភូមិស្រុក ឬមានទីលំនៅផ្សេងពីស្រុកកំណើត ហើយបើកាលណាគេចង់ដឹងថា តើសាច់ញាតិដែលនៅស្រុកភូមិឆ្ងាយនោះ មកលេងជាមួយនឹងបងប្អូននៅស្រុកកំណើតនេះ នៅថ្ងៃណា? ពេលណា? អ្នកស្រុកខ្លះនៃខេត្តកំពង់ធំ ពិសេសបងស្រីដែលទទួលបន្ទុកពរប្អូន, លួង ឬនាំប្អូនលេងជំនួសដៃឪពុកម្ដាយនោះ តែងតែបូលដោយ យកក្មេងចេះក្រឡាប់ ចេះអង្គុយ ឬចេះឈរតិចៗ ធ្វើជាតួសម្រាប់បូល។
*** របៀបបូលក្មេង ៖
ផ្អែកតាមមូលហេតុដែលបានពណ៌នាខាងលើ គេយកក្មេង (ទោះប្រុស ឬស្រីក្ដីដែលមានវ័យចាប់ពី ៦ខែ ទៅ១ខួប) ដាក់ផ្ដេកលើក្ដារក្រាល ឬលើកន្ទេល… ឲ្យវាដេកផ្ងា ហើយគេពោលពាក្យបង្អូសៗវែងៗ បែបរាប់បន្តិច ធ្វើបទបែបបន្តិច ដូច្នេះថា៖ “បូលពែក ភ្នែកមើល ជើងដើរ ត្រចៀកស្ដាប់ ក្រឡឺតក្រឡាប់ បើ… (ថាឈ្មោះសាច់ញាត់ដែលនៅ ឬទៅស្រុកឆ្ងាយនោះ) មកថ្ងៃនេះ ឬថ្ងៃស្អែក សូមមើលមុខបងឲ្យត្រង់ (ចំ)។” ថាដូច្នោះរួចហើយ បងស្រីចាប់ដៃប្អូនទាំង២ទាញឲ្យក្រោក ហើយសម្លឹងមើលមុខវា ប្រសិនបើក្មេងនោះមើលមុខបងវាចំត្រង់ ដោយឥតងាកទៅឆ្វេង ឬទៅស្ដាំនោះ គេសន្មតថាបងប្អូនឈ្មោះ… នោះនឹងមកក្នុងថ្ងៃនេះ ឬក្នុងពេលឆាប់នេះហើយ។ ប្រសិនបើការបូលក្មេងនេះ ទទួលបានលទ្ធផលល្អដូចគេចង់បាននោះ បងស្រីបូលតែម្ដងប៉ុណ្ណោះ ក៏យកជាការបានហើយ។ ប៉ុន្តែបើក្មេងចេះតែរើបម្រះ ក្រឡេកភ្នែក ជួនមើលទៅឆ្វេង ជួនមើលទៅស្ដាំ (មើលមិនចំមុខរបស់បងវា) ជាគម្រប់២ដង ឬ៣ដង នោះគេសន្មតថា បងប្អូនសាច់ញាតិនោះ នឹងមិនទាន់វិលមកក្នុងពេលឆាប់ៗនេះទេ។
ដកស្រង់ចេញពី “កម្រងឯកសារស្ដីពី ប្រពៃណី និងទំនៀមទម្លាប់ខ្មែរ”(ភាគទី៣)