មនុស្សពាល មិនត្រឹមតែបំផ្លាញសង្គមជាតិមួយមុខប៉ុណ្ណោះទេ ថែមទាំងបំផ្លាញអ្នកដ៏ទៃគួរឲ្យភ័យខ្លាចថែមទៀត។ មនុស្សពាលនេះទៀតសោតក៏មានច្រើនប្រភេទ ច្រើនយ៉ាងផងដែរ។ ពាក្យចាស់បុរាណ លោកឲ្យយើងម្នាក់ៗមានការប្រុងប្រយ័ត្នចំពោះមនុស្សពាលនេះខ្លាំងណាស់ ដោយលោកលើកឡើងថា បើយើងភ័យខ្លាចចំពោះសត្វសាហាវ ដូចជា ខ្លា, ដំរី, ពស់… ជាដើមនោះ យើងគ្រាន់តែគេចចេញពីសត្វអស់ទាំងនោះ ចម្ងាយហាសិប ទៅហុកសិបម៉ែត្រ នោះយើងនឹងអាចរួចពីមហន្តរាយ។ ប៉ុន្តែផ្ទុយមកវិញ ចំពោះបុគ្គលពាលនេះ លោកឲ្យយើងគេចចម្ងាយមួយយោជន៍ ឬឆ្ងាយបំផុតតាមដែលអាចធ្វើបាន។
យើងពុំអាចដឹងបានសព្វគ្រប់ នូវអាការនៃមនុស្សពាលដែលវាសម្ដែងចេញមកនោះ ច្រើនបែប ច្រើនសណ្ឋានយ៉ាងណាខ្លះនោះទេ។ មានពេលខ្លះវាធ្វើជាកំសត់, ការបង្កើតជាពាក្យបំភ័យដល់អ្នកស្រុក, យកសាសនាធ្វើជាខែល, យកសក់បាំងភ្នំ ឬធ្វើជាអួតចំណេះវិជ្ជាជាដើម។ នៅក្នុងសម័យបច្ចុប្បន្នយើងឃើញជាក់ស្ដែងជារឿយៗ ដោយជនពាលខ្លះ បានធ្វើជាជ្រុះបាត់មាសមួយកញ្ចប់ នៅមុខជនរងគ្រោះដែលគេបម្រុងនឹងបោកបញ្ឆោត យកទ្រព្យសម្បត្តិ។ ពេលមនុស្សដែលជាជនរងគ្រោះនោះ ទៅរើសយកមាសនោះ គេក្លែងធ្វើជាឃើញមាសនោះក្នុងពេលដំណាលគ្នាជាមួយជនរងគ្រោះដែរ។ ជនពាលធ្វើអាកប្បកិរិយាហាក់ដូចជាមិនសូវចង់បានរបស់ដែលទើបនឹងរើសបាននោះឡើយ ដោយគេសុំត្រឹមចំណែកតិចតួច ដោយឲ្យជនរងគ្រោះដោះចិញ្ចៀន ឬខ្សែក ដែលពាក់ជាប់នឹងខ្លួននោះឲ្យទៅគេ ចំណែកឯរបស់ដែលរើសបាននោះ គេនឹងឲ្យជនរងគ្រោះទាំងអស់។ តើយើងអាចទាយដឹងបានទេថា នៅក្នុងកញ្ចប់នោះមានអ្វី? ធាតុពិតនោះក្នុងនោះ អាចមានជា គ្រាប់ក្រួស ឬលោហធាតុដែលគ្មានគុណតម្លៃសូម្បីតែបន្តិចសោះឡើយ។
ដោយសេចក្ដីលោភលន់របស់យើងនៅមិនទាន់ចេះអស់ ឬអាចជាការពិចារណាមិនទាន់យល់ឲ្យបានស៊ីជម្រៅនូវល្បិចនេះ យើងនឹងអាចអស់ខ្សែក ខ្សែដៃ ចិញ្ចៀន មាស ប្រាក់ជាដើម។ នេះគ្រាន់តែជាផ្នែកមួយតូចដែលយើងខ្ញុំបានលើកយកមកឧទាហរណ៍បង្ហាញទាក់ទងនឹងបុគ្គលពាល ដែលអាចនាំយើងឲ្យជួបគ្រោះថ្នាក់គ្រប់ពេលវេលា។
ដោយគេហទំព័រ ៖ ខ្ញុំស្រឡាញ់ប្រទេសខ្ញុំ